ដោយ:សម្បត្តិ-ចាន់តូ/ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកប៉ារ៉ាស់ហោះធ្លាក់ប្រឡាយទឹកស្អុយបណ្ដាលឲ្យឈ្លក់ស្លាប់យ៉ាងអាណោចអាធម៌ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលំចេញពីផ្លូវ៦០ម៉ែត្រ ក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ចាប សុខផល ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតភូមិរាំងដេក ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក SUZUKI Nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 1AB -8455 ចេញពីផ្លូវ៦០ម៉ែត្រចូលតាមផ្លូវលំ ទិសដៅពីលិចទៅកើតយ៉ាងលឿន និងខ្វះការប្រុងប្រយត្ន័ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកប៉ារ៉ាស់ដែលគេហាមឃាត់មិនឲ្យរថយន្តបើកបរ ហោះចូលប្រឡាយទឹកស្អុយម៉ូតូសង្កត់ពីលើមនុស្សឈ្លក់ទឹកស្លាប់គួរឲ្យសង្វេគ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីចំណុចកើតហេតុ និងបានស្រង់ជនរងគ្រោះព្រមទាំងម៉ូតូមកលើគោក រួចឲ្យរថយន្តដឹកសពយកទៅតតម្កល់ នៅវត្តឬស្សីសាញ់ រង់ចាំទាក់ទងសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូនិងសម្ភារ:របស់ជនរងគ្រោះ ត្រូវសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕