Home ព័ត៌មានអន្តរជាតិ បង់​ក្លា​ដែស​...

បង់​ក្លា​ដែស​គ្រោងទិញ​អង្ករ​មី​យ៉ាន់​ម៉ា​, ទុក​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​មួយ​ឡែក​សិន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បង់​ក្លា​ដែស​នឹង​ទិញ​អង្ករ ១០០.០០០ តោន​ពី​មី​យ៉ាន់​ម៉ា ដោយ​ទុក​មួយ​ឡែក​សិន​នូវ​ជម្លោះ​ជុំវិញ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ាខណៈ​រដ្ឋាភិបាល​កំពុ​ង​ប្រវេប្រវា​ជម្នះ​នូវ​កង្វះខាត​​ស្បៀងអាហារ​សម្រាប់​ប្រជាជន​ជាង ១៦០ លាន​នាក់​របស់​ប្រទេស​។​

​តម្លៃ​អង្ករ​ខ្ពស់​បាន​បង្ក​បញ្ហា​សម្រាប់​រដ្ឋាភិបាល​ក្រុង​ដា​ក្កា​ដែល​កំពុង​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​បំពេញ​ទុនបម្រុង​រីងស្ងួត​របស់​ខ្លួន​បន្ទាប់​ពី​គ្រោះទឹកជំនន់​កាលពី​ឆ្នាំមុន​បាន​បំផ្លាញ​ដំណាំ​និង​ធ្វើឱ្យ​តម្លៃ​​អង្ករ​ឡើង​ខ្ពស់កប់ពពក​។​

​បង់​ក្លា​ដែស​ដែល​មាន​ប្រជាជន​អ៊ីស្លាម​ភាគច្រើន​និង​ភូមា​ដែល​កាន់​សាសនាព្រះពុទ្ធ​បាន​ជាប់ផុង​ក្នុង​ជម្លោះ​ជុំវិញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​មូស្លីម​ជាង ១​លាន​នាក់​នៅក្នុង​ជំរំ​នៅ​ភាគ​ខាងត្បូង​ប្រទេស​​បង់​ក្លា​ដែស​។​

​ភាគច្រើន​នៃ​ពួកគេ​បាន​ភៀសខ្លួន​ចេញពី​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ ២០១៧ គេច​ពី​ការបង្ក្រាប​ដឹកនាំ​ដោយ​យោធា ដែល​ក្រុម​ស៊ើបអង្កេត​អ​.​ស​.​ប និយាយថា​ជន​រ៉ូ​ហ៊ីង​យ៉ា​ត្រូវបាន​ប្រហារជីវិត​ដោយ​”​ចេតនា​​ប្រល័យ​ពូជសាសន៍​” ជា​ការអះអាង​ដែល​មី​យ៉ាន់​ម៉ា​បដិសេធ​។​

​លោកស្រី ម៉ូ​សាម​ម៉ា​ត ណាស់​ម៉ា​ណា​រ៉ា ខា​នុម ជា​មន្ត្រី​មកពី​ក្រសួង​ស្បៀងអាហារ​របស់​បង់​ក្លា​ដែស និយាយថា បង់​ក្លា​ដែស​នឹង​នាំ​ចូល​អង្ករ​ក្នុង​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​ក្នុងតម្លៃ ៤៨៥ ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន រួម​ទាំង​ថ្លៃដើម ថ្លៃ​ធានារ៉ាប់រង និង​ថ្លៃ​ដឹកជញ្ជូន​។​

​លោកស្រី​ខា​នុម​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​កាលពី​ថ្ងៃអាទិត្យ ទី​២៤ មករា​ថា “​អាទិភាព​ចម្បង​របស់​យើង​គឺ​បញ្ចុះ​តម្លៃ​អង្ករ​”​។ លោកស្រី​បន្ថែមថា រដ្ឋាភិបាល​អាច​ទិញ​បាន ១០ លាន​តោន ខណៈ​ដែល​ពាណិជ្ជករ​ឯកជន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ទិញ ១០ លាន​តោន​ទៀត ក្នុងឆ្នាំនេះ​គិត​រហូត​ដល់​ខែមិថុនា​។​

​លោក​ស្រី​និយាយថា កិច្ចព្រមព្រៀង​នឹង​ចុះហត្ថលេខា​ឆាប់ៗ​នេះ ហើយ​អង្ករ​នឹង​ដឹក​មក​ជា​ជំហានៗ​នៅត្រឹម​ខែមេសា​៕

​បង់​ក្លា​ដែស​នឹង​ទិញ​អង្ករ ១០០.០០០ តោន​ពី​មី​យ៉ាន់​ម៉ា​បន្ទាប់​ពី​គ្រោះទឹកជំនន់​កាលពី​ឆ្នាំមុន​បាន​បំផ្លាញ​ដំណាំ​និង​ធ្វើឱ្យ​តម្លៃ​អង្ករ​ឡើង​ខ្ពស់កប់ពពក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular