ប្រែសម្រួលៈវាសនា/ម៉ិកស៊ីកូ ស៊ីធី៖ប្រធានាធិបតី អង់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ បាននិយាយកាលពីថ្ងៃអាទិត្យ ថាលោកបានតេស្តិ៍ឃើញកូវីដ១៩នៅក្នុងខ្លួន តែថារោគសញ្ញាស្រាលទេ។
លោក ឡូប៉េស អូប្រាដ័រ ដែលរងការរិះគន់ចំពោះដំណោះស្រាយជំងឺឆ្លងនេះនៅក្នុងប្រទេសរបស់លោក បាននិយាយថា លោកកំពុងស្ថិតក្រោមការព្យាបាលវេជ្ជសាស្ត្រ។លោកបានសរសេរបង្ហោះក្នុងទំព័របណ្តាញសង្គមថា«ខ្ញុំសោកស្តាយដោយត្រូវជូនដំណឹងថា ខ្ញុំឆ្លងកូវីដ១៩។រោគសញ្ញាស្រាលទេ តែខ្ញុំកំពុងស្ថិតក្រោមការព្យាបាលវេជ្ជសាស្ត្រ។ដូចធម្មតា ខ្ញុំតែងតែមានសុទិដ្ឋិនិយម។យើងទាំងអស់គ្នា ធ្វើដំណើរទៅមុខ»។
ឡូប៉េស អូប្រាដ័រ អាយុ៦២ឆ្នាំ ត្រូវបានរិះគន់ជាយូរមកហើយអំពីការមិនធ្វើជាគំរូក្នុងការបង្ការប្រឆាំងនឹងជំងឺឆ្លងនេះជាសាធារណៈ។លោកកម្រត្រូវបានគេឃើញពាក់ម៉ាស់ការពារវីរុស និងបន្តធ្វើដំណើរអោយតត្រុកតាមយន្តហោះពាណិជ្ជកម្ម។
លោកក៏ជាអ្នកប្រឆាំងជំទាស់នឹងការខ្ទប់បិទសេដ្ឋកិច្ចដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុស ដោយថាវានឹងនាំមកផលប៉ះពាល់ដ៏អន្តរាយដល់ប្រជាជនម៉ិកស៊ិច។
កាលពីជំងឺផ្ទុះឡើងដំបូង នៅពេលត្រូវបានគេសួរថាតើលោកការពារម៉ិកស៊ិចដូចម្តេច លោកឡូប៉េស អូប្រាដ័រ បានដកខ្សែកថាឬកន្សែងយ័ន្តពីរចេញពីកាបូបរបស់លោកនិងបង្ហាញវាយ៉ាងមោទនភាព។
ការប្រកាសអំពីការឆ្លងកូវីដ១៩នេះ កើតឡើងបន្ទាប់ពីលេឮព័ត៌មានថា ប្រធានាធិបតីរុស្ស៊ីរូបនេះនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី នៅថ្ងៃចន្ទទី២៥មករានេះអំពីការទិញវ៉ាក់សាំងកូវីដ១៩ពីរុស្ស៊ី។
ម៉ិកស៊ិច បានកត់ត្រាអ្នកស្លាប់ដោយកូវីដ១៩ជិត១៥០.០០០នាក់ និងឆ្លងជាង១,៧លាននាក់នៅពេលបណ្តាមន្ទីរពេទ្យក្នុងរដ្ឋធានីជិតអស់កន្លែងទទួលអ្នកជំងឺដោយសារតែអ្នកឆ្លងចេះតែកើនឡើង៕
ប្រធានាធិបតី អង់ដ្រេស ម៉ាញូអែល ឡូប៉េស អូប្រាដ័រ ក្នុងពេលធ្វើសន្និសីទកាសែតមួយកាលពីខែធ្នូឆ្នាំ២០២០