ដោយ: សាតចាន់បុត្រ /មណ្ឌលគិរី: ឈើអញត្តិជនជិត ៣០០ ដុំ ត្រូវប្រទះឃើញ ដេកតម្រៀបគ្នាពេញព្រៃ ។ឈើទាំងនោះ ត្រូវបានសង្ស័យថា បម្រុងដង្ហែឆ្លងប្រទេស ដោះដូរជាក្រដាសប្រាក់ ដើម្បីចែកគ្នា រវាងឈ្មួញ និងសមត្ថកិច្ច ខិលខូចមួយចំនួនតូច។
ការប្រទះឃើញ បានកើតឡើង កាលពីថ្ងៃទី២៤ ខែមករា នៅចន្លោះអូររ៉ូ និង ម្រើច ភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥-១៤៥៥៩១៤ លើដែនសមត្ថកិច្ចដែនជម្រកសត្វព្រៃ ស្រែពក និងវរកាពារព្រំដែន៣០៣។
ប្រទះឃើញឈើ បម្រុងនាំចេញ ជិត ៣០០ ដុំ
ក្រោយការប្រទះឃើញ បទល្មើសព្រៃឈើ ខ្នាតធំនេះហើយ សមត្ថកិច្ចចម្រុះ មានសមាសភាព ដូចជា ស្នងការរងព្រំដែន, នាយករងដែនជម្រកសត្វព្រៃស្រែពក, មេបញ្ជាការ/បញ្ជាការងវរៈ៣០៣, នាយរង(ខ២), អនុប្រធានស្នាក់ការ គឺបានដឹកនាំមន្ត្រី ក្រោមឱវាទ ចុះបង្ក្រាបភ្លាមៗ និងរាយការណ៍ ជូនថ្នាក់លើរៀងៗខ្លួនផងដែរ។
ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី លោក កែវ សុភគ៌ នៅថ្ងៃទី២៥ មករានេះ បានឲ្យដឹងថាៈ ចំណុចកើតមានបទល្មើស គឺស្ថិតក្បែរផ្លូវព្រះនរោត្តម ចម្ងាយពីប៉ុស្តិ៍កាពារព្រំដែន អូររ៉ូ ជាង ៣ គីឡូម៉ែត្រ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ដែនជម្រក សត្វព្រៃស្រែពក។ លោកបាននិយាយថាៈ ឈើដែលត្រូវរឹបអូស មានចំនួន ២៣៧កំណាត់ ដោយមានសុក្រំ ចំនួន ២៣២ កំណាត់, ខ្វាវ ៤ កំណាត់ និងធ្មៀរ ១កំណាត់ រួមទាំង វត្ថុតាងមួយចំនួន។
ប្រទះឃើញឈើ បម្រុងនាំចេញ ជិត ៣០០ ដុំ
នៅព្រឹកនេះ សមត្ថកិច្ច កំពុងរិះរកវិធីដឹក ដោយប្រើម៉ូតូ យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលអូររ៉ូ ដើម្បីចងក្រងសំណុំរឿង តាមច្បាប់ ស្តីអំពីតំបន់កាពារធម្មជាតិ។
នៅព្រឹកថ្ងៃទី២៥ មករា នេះ រស្មីកម្ពុជា ពុំអាចស្វែងរកការបកស្រាយ ពីលោក ប៉ែត ភត្រា នាយកដែនជម្រកសត្វព្រៃស្រែពក រួមទាំងលោក ទិន ស៊ីន មេបញ្ជាការ វរកាពារព្រំដែន លេខ៣០៣ បានឡើយ ដោយសារគ្មានអ្នកឆ្លើយតប៕/V