ដោយៈសរិទ្ធ/កំពង់ចាម: សមត្ថកិច្ច បានចុះធ្វើរដ្ឋបាលនៅ ផ្ទះសំណាក់យីហោ ថៃ បូរិន ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី១០នាក់ និងចាប់យកគ្រឿងញៀន ជាមួយឧបករណ៍សម្រាប់សេពគ្រឿងញៀន មួយចំនួនរួចបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះសំណាក់របស់ឈ្មោះថៃ បូរិន ស្ថិតក្នុងភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ដោយមានការសម្របសម្រួល ពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជយោដឹកនាំ ដោយលោកឧត្តម សេនីយ៍ ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀនបានបើកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋបាលរកឃើញករណីជួញដូររក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ដូចខាងក្រោមនេះ ៖
១-ឈ្មោះ អ៊ីទ្រេះ វ៉ារី ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរអ៊ីស្លាម មុខរបរកម្មករ នៅភូមិ អូរប្រាំ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
២-ឈ្មោះ ឌឹក រ៉ែន ភេទស្រី អាយុ ២២ឆ្នាំ មុខរបរនារីខារ៉ាអូខេ នៅភូមិត្រពាំងល្ពៅ ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៣-ឈ្មោះ ស៊ីម ផល្លី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករ នៅភូមិថ្មី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៤-ឈ្មោះ អូន ស៊ីណា ហៅស្រីមុំ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរ នារីខារ៉ាអូខេ នៅភូមិ៣១ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។
៥-ឈ្មោះ ឌឹក ស្រីនួន ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនារីខារ៉ាអូខេ នៅភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
៦-ឈ្មោះ អុក ចិន្ដា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរនារីខារ៉ាអូខេ នៅខេត្តកំពត ។
៧-ឈ្មោះ រ៉េត បូរ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ អូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
៨-ឈ្មោះ លី តូច ហៅស្រីលីន ភេទស្រី អាយុ២២ឆ្នាំ មុខរបរនារីខារ៉ាអូខេ មកស្នាក់នៅ ភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ ចាម ។
៩-ឈ្មោះ ថៃ បូរិន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ នៅភូមិស្ពឺ(ក) ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម (ម្ចាស់ផ្ទះសំណាក់ ថៃ បូរិន និងខារ៉ាអូខេ ណាកាហ្សាKTV)។
១០-ឈ្មោះ អឿ នឿន ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមេការខារ៉ាអូខេ នៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងការឃាត់ខ្លួននេះ កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សចំនួន៣កញ្ចប់ ទូរស័ព្ទដៃចំនួន៩គ្រឿង និងសម្ភារសេពគ្រឿងញៀនមួយចំនួន ។
ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានជំនាញការិយាល័យខេត្តនាំយកទៅចាត់ការបន្ដតាម នីតិវិធី ៕