ប្រែសម្រួល : កញ្ញាដាលីស ៖ ជាលើកដំបូងចាប់តាំងពីគាត់បានចាប់ផ្តើមធ្វើការនៅទីក្រុងប៉េកាំងកាលពី ៣ ឆ្នាំមុន លោក លូ អ៊ី អាយុ ២១ឆ្នាំនឹងមិនត្រឡប់ទៅស្រុកកំណើតនៅខេត្តហ៊ូណាននាឱកាសបុណ្យចូលឆ្នាំចិនទេ។
ដូចមនុស្សប្រមាណ៣០០លាននាក់ទៀតដែរនៅទូទាំងប្រទេសចិន ផែនការធ្វើដំណើររបស់ជំនួយការហាងសាឡនរូបនេះត្រូវលុបចោលដោយសារការកើតមានឡើងវិញនៃវីរុសកូរ៉ូណាក្នុងប្រទេសនៅរដូវរងានេះ ដោយនាំឱ្យមានការរឹតត្បិតការធ្វើដំណើរក្នុងស្រុកយ៉ាងតឹងរ៉ឹងនិងសូម្បីតែក្រុមហ៊ុននានាក៏ផ្តល់រង្វាន់លើកទឹកចិត្តដល់និយោជិតឱ្យធ្វើការនៅថ្ងៃឈប់សម្រាកនាអំឡុងពេលចូលឆ្នាំចិននេះដែរ។
ករណីផ្ទុះកូវីដថ្មីៗភាគច្រើនត្រូវបានរកឃើញនៅខេត្តភាគខាងជើងមួយចំនួន។ តែទោះយ៉ាងណា អាជ្ញាធរសុខាភិបាលព្រួយបារម្ភថាការធ្វើដំណើរក្នុងឱកាសបុណ្យនិទាឃរដូវនេះអាចនាំឱ្យមានការរីករាលដាលវីរុសកូរ៉ូណាដែលមិនត្រួតត្រាបានពាសពេញប្រទេសខណៈមនុស្សរាប់រយលាននាក់វិលត្រឡប់ទៅស្រុកកំណើតវិញសម្រាប់អ្វីដែលគេចាត់ទុកថាជាថ្ងៃឈប់សម្រាកសំខាន់បំផុតនៅក្នុងប្រក្រតិទិនចិន ដែលការផ្តោតសំខាន់ខ្លាំងបំផុតគឺទៅលើការជួបជុំគ្រួសារ។
គណៈកម្មការសុខភាពជាតិកាលពីថ្ងៃអាទិត្យទី២៤ មករាបានរាយការណ៍ករណីឆ្លងកូវីដថ្មីចំនួន៨០ ករណីដែលនាំឱ្យករណីកូវីដ១៩សកម្មសរុបមានចំនួន ១.៨០០ នាក់។ចិនក៏រាយការណ៍ករណីឆ្លងកូវីដ១៩គ្មានរោគសញ្ញាសរុបចំនួន ៩២ ករណីដាច់ដោយឡែកផងដែរ។
រដូវធ្វើដំណើរខ្ពស់បំផុត ដែលគេស្គាល់ថា “ជុនយុន” នឹងចាប់ផ្តើមពីថ្ងៃទី ២៨ ខែមករារហូតដល់ថ្ងៃទី ៨ ខែមីនា។នៅក្នុងអ្វីដែលគេហៅថាការធ្វើចំណាកស្រុករបស់មនុស្សប្រចាំឆ្នាំធំបំផុតនៅលើពិភពលោក ប្រជាជនចិនរាប់រយលាននាក់ធ្វើដំណើរទៅស្រុកកំណើតក្នុងអំឡុងបុណ្យចូលឆ្នាំឬមិនចឹងធ្វើដំណើរវិស្សមកាលនៅបរទេសនិងបន្ទាប់មកវិលចូលមកកន្លែងដើមវិញក្នុងចំនួនដដែល។
ក្រុមមន្ត្រីដឹកជញ្ជូនបានព្យាករណ៍រួចហើយអំពីការថយចុះចំនួនអ្នកដំណើរ ៤០ ភាគរយក្នុងរយៈពេលដូចគ្នាធៀបពីឆ្នាំ២០១៩ ដែលស្មើនឹងអ្នកដំណើរប្រហែល ៤០៧ លាននាក់៕
ប្រជាជនចិន ៣០០ លាននាក់នឹងមិនធ្វើដំណើរទៅស្រុកដើម្បីជួបជុំគ្រួសារអំឡុងចូលឆ្នាំថ្មីទេ ដោយសារការរឹតបន្តឹងការធ្វើដំណើរទប់ស្កាត់កូវីដ