ដោយៈ សរិទ្ធ/តាកែវៈ យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់មន្ត្រី នគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ និង ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ បានប្តឹងលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង នគរបាលខេត្តតាកែវ ទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងកម្មវត្ថុ «សំណើសុំគោលការណ៍ អង្កេតស្រាវជ្រាវ ពាក្យបណ្តឹង ចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ»។
បញ្ហានេះ ក្រសួងមហាផ្ទៃ សម្រេចចេញលិខិតបង្គាប់ការមួយ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានចាត់តាំង លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋាន ទទួលពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវ កិច្ចការនគរបាល និង សហការី ចំនួន៥នាក់ ចុះបំពេញបេសកកម្ម នៅស្នងការដ្ឋាននគរបាល ខេត្តតាកែវ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដើម្បីអង្កេតស្រាវជ្រាវ លើពាក្យបណ្តឹង ដែលបានចោទប្រកាន់លើ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទទួលបាន រៀបរាប់ពីដំណើររឿងថាៈ ចាប់តាំងពីថ្ងៃ ចូលកាន់តំណែង នៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមាន ស្នាដៃ ក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាងបង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។
នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួក បានចាប់បង្ខាំង ជនរងគ្រោះ ជំរិតយកប្រាក់ ចំនួន ២០ ម៉ឺនដុល្លារ និងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និងលោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួក បានធ្វើ សកម្មភាព ចាប់បង្ខាំងជនរងគ្រោះ ជាជនជាតិ វៀតណាម ចំនួន៣នាក់ និងជនជាតិខ្មែរ ចំនួន២នាក់ ជំរិតយកប្រាក់ចំនួន ១០ ម៉ឺនដុល្លារ និងបានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀន ពេជ្រ ពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យ បុគ្គលិក ជាអ្នកបកប្រែ ។
ប្រភពព័ត៌មាន បានបន្តទៀតថាៈ លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ ជនរងគ្រោះ ចំនួន២នាក់ បានមកប្តឹងតវ៉ា ដល់ស្នងការដ្ឋាននគរបាល ខេត្តតាកែវ គឺលោក ឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និងលោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារ នៅអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណង ទាមទារ អោយអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ ខាងលើ និងទាមទារយកសម្ភារៈ ដែលបានដកហូត យកពីជនរងគ្រោះ ជាវិនិយោគិន ជនជាតិវៀតណាម ត្រឡប់មកវិញ ។
ក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរង នគរបាលខេត្តតាកែវ មួយរូប បានយកសម្ភារៈ ទៅប្រគល់ជូនជនរងគ្រោះវិញ ដល់រាជធានីភ្នំពេញ ។
ករណីនេះ តំណាងអយ្យការ អមសាលាដំបូង ខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្តម សេនីយ៍ត្រី ហ៊ិន សុខខេង សាកសួរដំណើររឿង បង្ខាំងមនុស្សខុសច្បាប់ ម្តងរួចមកហើយ ។ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង បានធ្វើអោយពលរដ្ឋ ក្នុងខេត្តតាកែវ ភ័យខ្លាច និងបាត់បង់ទំនុកចិត្ត មកលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ ក្នុងមូលដ្ឋានខេត្តតាកែវ លោកឧត្តម សេនីយ៍ត្រី ហ៊ិន សុខខេង រង់ចាំតែហៃអើ ជាមួយបទល្មើស ដោយពុំមានចំណាត់ការ ជាក់ស្តែងឡើយ។
ទោះបីយ៉ាងណា ពេលនេះ ក្រសួងមហាផ្ទៃ បានសម្រេចចេញលិខិតបង្គាប់ការដោយបាន ចាត់តាំងលោក ឧត្តមសេនីយ៍ឯក សេង វណ្ណៈ ចុះបំពេញបេសកកម្មនៅស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ហើយនៅរង់ចាំតែលទ្ធផល លើលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ប៉ុណ្ណោះ ៕/V-PC