លោក ឱក ប្រាក់ ស្នើសុំ​យុត្តិធម៌​ពី​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល ខណៈ​អាជ្ញាធរ​ខណ្ឌ​ចុះ​វាស់វែង​ដី​កម្មសិទ្ធិ​របស់លោក​បែង​ចែកជា​ពីរ​ចំណែក​

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២១ ខែមករា​កន្លងទៅ​ថ្មីៗ​នេះ គណៈកម្មការ​ចម្រុះ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា​ដឹកនាំ​ដោយ​លោក កៅ សា​រ៉ាវុធ អភិបាលរងខណ្ឌ​ជ្រោយចង្វារ​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ​វាស់វែង​ដី​ទំហំ ៥.០៥៧​ម៉ែត្រការ៉េ បែក​ចែកជា​ពីរ​ចំណែក ស្មើគ្នា​ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន ២.៥២៨,៥​ម៉ែត្រ ។​មួយចំណែក​ឲ្យ​ទៅ​ឈ្មោះ បាន ខ្នា និង លោកស្រី គឹម ភឿន និង មួយចំនួនទៀត​ឲ្យ​ទៅ​ឈ្មោះ ឱក ប្រាក់ មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​ទន្លេមេគង្គ ភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

រូបថតៈទីតាំងដីដែលមានទំនាស់

​ប៉ុន្តែ​ពេល​ចុះទៅ​ដល់ទី​តាំង​ដែល​ត្រូវអនុវត្ត​នោះ​គណៈកម្មការ​ចម្រុះ​បាន​ជួប​ជាមួយ​លោកស្រី គឹម ភឿន ។ ចំណែក​លោក ឱក ប្រាក់ បាន​អវត្តមាន ហើយ​ទីតាំង​ដី​មាន​របង​ទ្វារ​ចាក់សោរ​មិនអាច​ចូល​ពិនិត្យ និង វាស់វែង បានទេ ។ ហេតុដូច្នេះ​គណៈកម្មការ​ចម្រុះ បានសម្រេច​ផ្អាក​ការអនុវត្ត​លើក​ទៅ​លើក​ក្រោយ​វិញ​។​នេះ​បើ​យោងតាម​កំណត់ហេតុ​របស​គណៈកម្មកា​រ​ចម្រុះ​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ។​

​ជុំវិញ​បញ្ហា​នេះ លោក ឱក ប្រាក់ បានផ្តល់​ឯកសារ​ជាច្រើន​ក៏ដូចជា​សាច់រឿង​លម្អិត​មកកាន់​កាសែតរ​ស្មី​កម្ពុជា ដើម្បី​បង្ហាញ​ការពិត​ជុំវិញ​វិវាទ​មួយ​នេះ ដោយ​បញ្ជាក់ថា លោក គឺ ជា​ម្ចាស់​ដី​ស្របច្បាប់​តែ​ម្នាក់​គត់ ។​ចំណែក​ឈ្មោះ បាន ខ្នា និង ប្រពន្ធ ឈ្មោះ គឹម ភឿន គ្រាន់តែ​ជា​អ្នក​ចាំ​ដី​ឲ្យ​លោក​ប៉ុណ្ណោះ ។

​ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង ដែល លោក ឱក ប្រាក់ បាន​ផ្ញើ​មកកាន់ កាសែត​រស្មី​កម្ពុជា ៖

​ដី​នេះ​ខ្ញុំបាទ​បាន​ទំនាក់ទំនង​ជាមួយ​សង្កា​ត់ ជ្រោយចង្វារ ក្នុង​ឆ្នាំ ១៩៨៦ មាន លិខិត ប្រគល់ សិទ្ធិ និង​លិខិត​លក់​-​ទិញ ក្នុងតម្លៃ​មាស ៣.៥​តម្លឹង ហើយ​ខ្ញុំបាទ​បានដាក់​ពាក្យស្នើសុំ​កាន់កាប់​ដី​និង​បានទទួល​ប័ណ្ណ​សម្គាល់​សិទ្ធិ​លេខ ច​X០១១ ចុះ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​១៩៩៣​រួចហើយ​។ នៅ​ឆ្នាំ​១៩៩៣ ទើប​ឈ្មោះ បាន ខ្នា និង​ប្រពន្ធ គឹម ភឿន បាន​មកសុំ​រស់នៅ​ចាំ​ដី ខ្ញុំ​បាន​ជួយ​ធ្វើ​រោងស្នាក់នៅ ខ្ញុំ​បាន​ទិញ​ស៊ីក្លូ​ផ្ដល់ជូន​ចាន ឆ្នាំង និង​ឧបត្ថម្ភ​សព្វបែបយ៉ាង​រៀងរាល់ខែ ព្រោះ​ដី​នេះ ខ្ញុំបាទ​បានទទួល​ប័ណ្ណកម្មសិទ្ធិ ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ គ្រប់គ្រាន់​ទាំងអស់​ហើយ​។ ចាប់តាំងពី​ឆ្នាំ ២០០៥ រហូតដល់​ឆ្នាំ ២០១១ ខ្ញុំបាទ​ឈ្មោះ ឱក ប្រាក់ បាន​ប្ដឹង​ទាមទារ ដី​នេះ ស្ថិតនៅ​ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

​សំណុំរឿង​ក្ដី​នេះ​ត្រូវបាន​តុលាការ​គ្រប់​ជាន់ថ្នាក់​តាំងពី​សាលាដំបូង សាលាឧទ្ធរណ៍ តុលាការ​កំពូល រហូតដល់​ចេញ​សេចក្ដីសម្រេច ចុងក្រោយ តាម​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល​បានសម្រេច ទទួលស្គាល់​ដី​នេះ​ជា​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ ឱក ប្រាក់ និង ប្រពន្ធ ស៊ុ​ក រ៉ានី ដូច​មាន​លិខិតបញ្ជាក់​លេខ ៨៣៥/១១​តកក​.​សរ​វ ចុះ​ថ្ងៃទី​១៤ ខែវិច្ឆិកា​ឆ្នាំ​២០១១ បញ្ជាក់​ការចូល​ស្ថាពរ នៃ​សាលដីកា​លេខ​១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១​របស់​តុលាការ​កំពូល​។

​ដីកា​បង្គាប់​អនុវត្ត​សាលដីកា​ដោយ​ស្ម័គ្រចិត្ត​លេខ ១៦២ អយខ ចុះ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១១​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី ភ្នំពេញ​។ ចៅសង្កាត់ ជ្រោយចង្វារ បានទទួល​និង បញ្ជាក់​លើដី​កា​ថា​“​បាន​ខ្នា​និង​ក្រុមគ្រួសារ​បានចេញ​ផុតពី​ដី​ពាក់ព័ន្ធ​នេះ​យូរ​មកហើយ​” ហត្ថលេខា​និង ត្រា ពេ​ជ សារឿន ដូច​មាន​ក្នុង​លិខិត​លេខ ១៦២ អយខ ចុះ​ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១១​។​

​តាម​អំណាច​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បានចេញ​វិញ្ញាបនបត្រ​សម្គាល់ ម្ចាស់​អចលនវត្ថុ​លេខ ១២១១០២០១-០១៦២ ចុះ​ថ្ងៃទី​០៥ ខែ កក្កដា ឆ្នាំ​២០១៧ ចុះហត្ថលេខា​និង​ត្រា សារិន វណ្ណា ដែលមាន​ឈ្មោះ​ខ្ញុំបាទ ឱក ប្រាក់ និង ប្រពន្ធ ស៊ុ​ក រ៉ានី​(​ទ្រព្យ​រួម​ប្ដី​ប្រពន្ធ​) ជា​ម្ចាស់​កម្មសិទ្ធិ​ដី​នេះ​ស្ថិតនៅ​ភូមិ​ទី​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ដែលមាន​ព្រំប្រទល់​របង​ឥដ្ឋ​ព័ទ្ធជុំវិញ​។​ចំពោះ​បណ្ដឹង​របស់​ឈ្មោះ បាន ខ្នា និង ប្រពន្ធ គឹម ភឿន អះអាងថា ខ្លួន​កាន់កាប់​ដី​នេះ​តាំងពី​ឆ្នាំ ១៩៨៦ ដោយ​មិនបាន​ស្គាល់ឈ្មោះ​ខ្ញុំបាទ ឱក ប្រាក់​ទេ នេះ​ជាការ​មិន​ត្រឹមត្រូវ​ទេ​ព្រោះថា មេឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង បញ្ជាក់ថា​ឈ្មោះ បាន ខ្នា និង​ប្រពន្ធ គឹម ភឿន បានរស់នៅ​ភូមិ ព្រៃ​ស្វាយ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ពី​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ​១៩៩៣ មាន​របប​ដីស្រែ ដែល​រដ្ឋអំណាច​ចែក​ឲ្យ​ហើយ​បានមក​រស់នៅ​ភ្នំពេញ​នៅ​ឆ្នាំ ១៩៩៣ ។ ដូច្នេះ ឈ្មោះ បាន ខ្នា និង គឹម ភឿន មិនមែន​ចូល​រស់នៅ​លើដី​នេះ​ក្នុង​ឆ្នាំ ១៩៨៦​ដូច​ការអះអាង​ឡើយ​។ ឈ្មោះ បាន ខ្នា និង ប្រពន្ធ គឹម ភឿន បាន​យក​ប័ណ្ណគ្រួសារ​លេខ ១៦៣ សៀវភៅ​លេខ ០២ ចុះ​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ​១៩៩២ ធ្វើជា​សំអាង​ក្នុងការ​បញ្ជាក់ និង​ទាមទារ​ដី​នេះ ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ម្យ៉ាងទៀត ឈ្មោះ បាន ខ្នា និង ប្រពន្ធ គឹម ភឿន ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​កំណត់​៥​ឆ្នាំ ក្នុងនោះ​ទោស​ជាប់ពន្ធនាគារ ចំនួន ២​ឆ្នាំ គិតពី​ពេលដែល សាលក្រម​ចូល​ជា​ស្ថាពរ​ពីបទ​ប្រើប្រាស់ ប័ណ្ណ​សម្គាល់​គ្រួសារ​ក្លែងក្លាយ​។​

​តាម​មូលហេតុ​ខាងលើ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ បានសម្រេច​ទទួលស្គាល់​ដីកា​តម្កល់​រឿង​ទុក​ឥត​ចាក់​ការ របស់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល តាម​សេចក្ដីសម្រេច លេខ ០៤៤ សត​ប្រក ០៩ ចុះ​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ​២០០៩ របស់​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​សម្រេចៈ

«​ឈ្មោះ​ឱក ប្រាក់ មិនបាន​ប្រព្រឹត្ត​បទល្មើស​លួច​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ​លើដី​របស់ គឹម ភឿន ឡើយ​»
«​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ ច​X០០១ ចុះ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៩៣ ត្រូវបាន​សាលាដំបូង រាជធានី ភ្នំពេញ សម្រេច​ទទួលស្គាល់ថា ត្រឹមត្រូវ​។​

​ម្យ៉ាងទៀត ចំពោះ​លិខិត​លេខ ៣០៣ សជណ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០០៨ ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ សេង លឹមនៅ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ ពិនិត្យឃើញថា​លិខិត​នេះ បាន​រំលោភ​លើ​សិទ្ធិ​របស់ខ្ញុំ​បាទ​និង​បំពាន​លើ​សមត្ថកិច្ច​តុលាការ​ទាំ​ង​ស្រុង​ខ្ញុំបាទ ក៏បាន​ធ្វើសំណើរ​ទៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌ និង​បដិសេធចោល​លិខិត​លេខ ៣០៣ សជណ ចុះ​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០០៨ របស់​ទីស្ដីការរដ្ឋមន្ត្រី​នេះ ហើយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​លេខ ៤១១ សជណ ចុះ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០០៨ ចុះហត្ថលេខា​ដោយ រដ្ឋលេខាធិការ ប្រាក់ សុខុន បាន​ព្យួរ​ការអនុវត្ត លិខិត​លេខ ៣០៣ សជណ ចុះ​ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ​២០០៨ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​។ បន្ទាប់មក​រាជរដ្ឋាភិបាល ក៏បាន​ចេញ​លិខិត​លេខ ៣៦ សជណ កម​ច ចុះ​ថ្ងៃទី ២៨ ខែ វិច្ឆិកា​ឆ្នាំ ២០១០ ដោយបាន​បញ្ជាក់ថា ចំពោះ​ករណីនេះ គឺជា​សមត្ថកិច្ច​របស់​តុលាការ រាជរដ្ឋាភិបាល​ពុំ​អាចធ្វើ​អន្តរាគមន៍ ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ​បានឡើយ​។​

​លិខិត​លេខ​៣០៣ សជណ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០០៨ និង​លិខិត ៤១១ សជណ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០០៨​របស់​ទីស្ដីការ គណៈរដ្ឋមន្ត្រី និង​លិខិត​លេខ ៣៦ សជណ កប​ច ចុះ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១០​របស់​រាជរដ្ឋាភិបាល​ត្រូវបាន​តុលាការ​កំពូល​ទទួល ពិនិត្យ និង​សម្រេចសេចក្ដី​មកនេះ​មាន​លក្ខ​ណះ​ត្រឹមត្រូវ តាម​ទម្រង់​និង​គតិ​ច្បាប់ តាម​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១១ របស់​តុលាការ​កំពូល ហើយ​បាន​ចូល​ជា​ស្ថាពរ​ចាប់តាំងពី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១១ រួចហើយ តាម​លិខិត​លេខ ៨៣៥/១១ តកក សរ​វ ចុះ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ​២០១១​របស់​តុលាការ​កំពូល​។

​បន្ទាប់មក​ខ្ញុំបាទ​ក៏បាន​ស្នើសុំ អនុវត្ត​សាលដីកា លេខ ១៤៩ “​ឆ​” នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បង្គាប់ ឲ្យ​អនុវត្ត​ដោយ​ស្ម័គ្រចិត្ត​តាម​ដីកា​លេខ​១៦២​អយខ​ចុះ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១១​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​ដូច​មាន​កំណត់ហេតុ​អនុវត្ត​សាល ដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១១​បញ្ជាក់ជូន​ជា​ភស្ដុតាង​ស្រាប់​។​តាម​អំណាច​សាលដីកា រដ្ឋប្បវេណី លេខ ១៤៩ “​ឆ​” ចុះ ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បានចេញ​វិ​ញ្ញាប​ន​ប័ត្រ​សម្គាល់​អចលនវត្ថុ​លេខ ១២១១០២០១-០១៦២ ចុះ​ថ្ងៃទី​០៥ ខែកក្កដា​ឆ្នាំ​២០១៧ ជា​កម្មសិទ្ធិ​ឈ្មោះ ឱក ប្រាក់ និង​ប្រពន្ធ ស៊ុ​ក រ៉ានី ជា​ទ្រព្យ​រួម ប្ដី​ប្រពន្ធ​។​

​ដូច្នេះ តាម​អង្គហេតុ និង ភស្ដុតាង​ខាងលើ បានបញ្ជាក់​យ៉ាងច្បាស់​ថាៈ លិខិត​លេខ ៣០៣ សជណ ចុះ​ថ្ងៃទី ០៤ ខែមីនា ឆ្នាំ​២០០៨ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី មិនមាន​សុពលភាព ដែល​ត្រូវ​លើក​យកមកអនុវត្ត​ទៀតឡើយ ព្រោះ​តុលាការ​កំពូល បានសម្រេច​សេចក្ដី​ចប់សព្វគ្រប់​តាម​អំណាច​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល និង​បាន​អនុវត្ត​សព្វគ្រប់​ទៀតផង ដូច​មាន​កំណត់ហេតុ​អនុវត្ត​សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល​ដឹកនាំ​ប្រ​ត្តិ​ប​ត្តិ​ការ​ចម្រុះ​ដោយ​លោក លី សុ​ផា​ណា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​ភ្ជាប់​មកជា​មួយ​ស្រាប់ ហើយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ​បានចេញ​វិញ្ញាបនបត្រ សំគាល់​អចលនវត្ថុ លេខ ១២១១០២០១-០១៦២ រួចរាល់​ហើយ​។​ចំណែក​លិខិត​លេខ ២៨៥១​ដន​ស​/​ធ​ស​ដក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជម្រាប​មក មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី រាជធានី​ភ្នំពេញ ឲ្យ​ចុះ​វាស់វែង ចុះបញ្ជី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ នៅ​ភូមិ​ទី​១ ផ្លូវ​ទន្លេមេគង្គ សង្កាត់​ជ្រោយចង្វា​ខណ្ឌ ជ្រោយចង្វា រាជធានី​ភ្នំពេញ ដោយយោង​ទៅតាម ពាក្យស្នើសុំ របស់​ឈ្មោះ គឹម ភឿន ផ្អែក​តាម​លិខិត​លេខ​៣០៣​សជណ​ចុះ​ថ្ងៃទី​០៤​ខែមីនា ឆ្នាំ​២០០៨ របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី ដែល​អស់​សុពលភាព ហើយ​នោះ​គឺជា​ការភ័ន្តច្រឡំ និង​ជាការ​រំលោភបំពាន ទៅលើ​ការសម្រេច សេចក្ដី​របស់​តុលាការ​លើ​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល យ៉ាងធ្ងន់ធ្ងរ មិនអាច​ទទួលយកបាន​ទេ ហេតុនេះ​ទើប​ខ្ញុំបាទ ស្នើសុំ​លោក​ប្រធាន​មន្ទីរ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ លុបចោល​ការវាស់វែង ចុះបញ្ជី​និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​លើដី​ដែល​ស្ថិតនៅ​ភូមិ​ទី​១ ផ្លូវ​ទន្លេមេគង្គ​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​ដែលជា​កម្មសិទ្ធិ​របស់ខ្ញុំ​បាទ ដើម្បី​ផ្ដល់​ភាព​យុ​ត្តិ​ធ​ម៏ អោយ​ខ្ញុំបាទ ស្របច្បាប់​ទៅតាម​សាលដីកា​លេខ ១៤៩ “​ឆ​” ចុះ ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ ២០១១ របស់​តុលាការ​កំពូល និង រំលោភបំពាន​លើ​កម្មសិទ្ធិ របស់ខ្ញុំ​បាទ​ដោយ​អនុគ្រោះ​។​
​រស្មី​កម្ពុជា​ពុំ​អាច​ទំនាក់ទំនង​សុំ​ការបញ្ជាក់​ពី​លោក បាន ខ្នា បានទេ​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែមករា​នេះ​៕​សរន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular