Home ព័ត៌មានសំខាន់ៗ នរណា​ជា​នរណា​...

នរណា​ជា​នរណា​ក្នុង​អន្តរកាល​អំណាច​នៅ​វៀតណាម នៅពេល​បក្ស​កុម្មុយនីស្ត​វៀតណាម​ចាប់ផ្តើម​ជួប​ប្រជុំ​ជ្រើសរើស​ក្រុម​មេដឹកនាំ​ថ្មី​?

ប្រែ​សម្រួល​៖​វាសនា​/​ហាណូយ​៖ គណបក្ស​កុម្មុយនីស្ត​វៀតណាម​ដែល​កំពុងកាន់​អំណាច​កា​លពី​ថ្ងៃ​ចន្ទ​ទី​២៥​មករា​កំពុង​ជួបប្រជុំ​សំរាប់​សមាជ​បក្ស​ជា​លើកដំបូង​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០១៦ ជាមួយនឹង​​បេសកកម្ម​មួយ​ដើម្បី​ជ្រើសតាំង​ក្រុម​មេដឹកនាំ​ថ្មី និង​បង្កើត​គោលនយោបាយ​សំរាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​។​

​សមាជ​បក្ស​លើក​ទី​១៣​ចាប់តាំងពី​បក្ស​កុម្មយនី​ស្តវៀ​តណាមចាប់​បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​១៩៣០​នេះ នឹង​នាំ​ប្រតិភូ​ប្រមាណ​១.៦០០​នាក់​នៅ​ពាសពេញ​ផ្ទៃ​ប្រទេស​ចូលមក​ក្នុង​រដ្ឋធានី​ហាណូយ​។​

​ក្នុងជំនួប​៩​ថ្ងៃ ដែល​ភាគច្រើន​ជា​ជំនួប​បិទទ្វារក្រុម​ប្រតិភូ​នឹង​ជ្រើសរើស​ក្រុម​មេដឹកនាំ​ថ្មី​មួយ​ក្នុង​គោលបំណង​ជំរុញ​ទាំង​ជោគជ័យ​សេដ្ឋកិច្ច​និង​ភាពស្របច្បាប់​នៃ​ការគ្រប់គ្រង​របស់​បក្ស​។​ដំណើរការ​សេដ្ឋ​​កិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​ល្អ​ប្រសើរ​ជាង​ប្រទេស​នៅ​អាស៊ី​ដទៃ​ទៀត​ភាគច្រើន រីឯ​ការទប់ស្កាត់​វីរុស​កូរ៉ូណាក៏​ល្អ​គ្រាន់បើ​ដោយសារ ដោយសារតែ​ការ​ធ្វើ​ចត្តា​ឡី​ស័ក ការតាមដាន​រក​ប្រភព​​ជំងឺ និង​វិធានការ​គម្លាត​សង្គម​តឹងរឹង​។​

​វៀតណាម​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ជាង​១.៥០០​នាក់​និង ៣៥​នាក់​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩ គឺ​ទាប​ជាង​ប្រទេស​នានា​ភាគច្រើន​។​

​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​កុំម្មុយនីស្ត​នៅ​សេសសល់​ក្នុង​លោក​តែ​៥(​វៀតណាម ចិន គុយបា ឡាវ​និង​កូរ៉េខាងជើង​) វៀតណាម​កំពុង​សម្លឹង​ទៅរក​កំណើន​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​)​ប្រចាំឆ្នាំ​៧​ភាគរយ​នៅ​៥​ឆ្នាំ​ទៅ​មុខ​។​តែ​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​នេះ​ប្រឈម​ការរក្សា​តុល្យភាព​នៃ​ការធ្វើទំនាក់ទំនង​ជា​មួយ​ចិន​និង​អាម៉េរិក​ដែល​វៀតណាម​បាន​បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​មួយ​នៅក្នុង​​ពិភព​ដែល​កាន់តែ​ឃ្លាត​ចាក​ឆ្ងាយ​ពី​ភាពប្រាកដប្រជា​កាលពីពេល​មុន​។​

​នៅ​ប៉ុន្មាន​ខែ​មុន​ការឈាន​មក​ដល់​សមាជ​នេះ មាន​ការប្រកួតប្រជែង​តានតឹង​សំរាប់​មុខ​តំណែង​កំពូលៗ​។​បេក្ខជន​សំខាន់ៗ​សំរាប់​មុខតំណែង​ជាន់ខ្ពស់​ថ្មី នឹង​ត្រួវ​កំណត់​ក្នុង​សមាជ​នេះ ទោះជា​យ៉ាងណា​​មជ្ឈដ្ឋាន​នយោបាយ​ផ្ទៃក្នុង​នៅ​ក្រុង​ហាណូយ​ពិតជា​បានដឹង​រួច​ហើយ​តែ​ការបញ្ចេញ​អោយដឹង​ជា​សាធារណៈ​ត្រូវបាន​រក្សា​ជា​ការសម្ងាត់​បំផុត​។​

-​នរណា​ជា​នរណា​ក្នុង​អន្តរកាល​អំណាច​នៅ​វៀតណាម?​

​វៀតណាម​មិន​មាន​មេដឹកនាំ​ផុត​លេខ​ទេ​ឬ​អគ្គ​មគ្គុទេ្ទសក៍​ទេ និង​ជា​ផ្លូវការ​ដឹកនាំ​ដោយ​ក្រុម​មេដឹកនាំ​ជា​សសរស្តម្ភ​៤ គឺ ប្រធានាធិបតី នាយករដ្ឋមន្ត្រី ប្រធាន​បក្ស​និង​ប្រធានសភា​។​

​ខាងក្រោម​នេះ​ជា​បេក្ខជន​ខ្លះ​ដែល​អាច​ទទួលបាន​មុខតំណែង​ណាមួយ​ក្នុងចំណោម​តំណែង​សំខាន់ៗ​៖

-​ង្វៀន ភូ​ជុង អាយុ​៧៦​ឆ្នាំ​៖ ជុង ជា​អ្នក​មនោគមន៍វិជ្ជា​បក្ស ជា​លេខា​បក្ស​កុំម្មុយនីស្ត​វៀតណាម និង​បាន​ដឹកនាំ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​បន្ទាប់ពី​បណ្តេញចោល​អតីត​ក្រុម​មេដឹកនាំ​ដែល​ស្និទ្ធ​នឹង​​ធុរកិច្ច​។​

​ចាប់តាំងពី​ចូលកាន់​តំណែង​ប្រធានាធិបតី​បន្ថែម​លើ​តំណែហ​ប្រធាន​បក្ស​មួយទៀត លោក​បាន​ក្លាយជា​អ្នក​នយោបាយ​វៀតណាម​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​រូប​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ តែ​លោក​បាន​និង​កំពុង​តស៊ូ​ជម្នះ​នឹង​បញ្ហា​សុខភាព​។​

-​ង្វៀន សួន​ហ្វ៊ុក អាយុ​៦៦​ឆ្នាំ​៖ នាយករដ្ឋមន្ត្រី ង្វៀន សួន​ហ្វ៊ុក បាន​តំណាង​អោយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​នៅលើ​ឆាក​ពិភពលោក ជា​មុខមាត់​នៅក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​វៀតណាម​ជា​​ច្រើន និង​បាន​ជំរុញ​អោយ​មាន​ពហុភាគី​និយម​តំបន់ នៅ​ពេល​លោក​ធ្វើជា​ប្រធាន​សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(​អាស៊ាន​)​នៅ​ឆ្នាំ​មុន​។​

​ហ្វ៊ុ​កអាចប្រឹងប្រែង​រកអា​ណ​ត្តិ​ទី​២ ឬ​ក៏​ឡើង​តំណែង​ហួស​ពី​នេះ​នៅក្នុង​ជួរ​បក្ស​។​

-​ង្វៀន ធី គីម ង៉ាន អាយុ​៦៦​ឆ្នាំ​៖ ង៉ាន បច្ចុប្បន្ន ជា​ប្រធាន​សភាជាតិ និង​ត្រូវបាន​គេ​រំពឹង​ជាទូទៅ​ថា​នឹង​ជំនួស​ដោយ ទ្រឿង ធី ម៉ា​យ ប្រធាន​គណៈចលនាមហាជន​។​តាមពិត មុខតំណែង​ប្រធាន​​សភា​មិនសូវ​ជា​មាន​ឥទ្ធិពល ក្នុងចំណោម​តំណែង​ជា​សសរស្តម្ភ​ទាំង​៤ តែ​លោក​ង្វៀន ភូ​ជុង ខ្លួន​លោក​ក៏​ធ្លាប់​កាន់​តំណែង​នេះ​ចាប់ពី​ឆ្នាំ​២០០៦ ដល់ ២០១១​។​

-​ត្រឹន គួ​ក វឿង អាយុ​៦៧​ឆ្នាំ​៖​ជា​អ្នក​មនោគមន៍វិជ្ជា​បក្ស​ម្នាក់ លោក​វឿងជា​ដៃស្តាំ​របស់​ជុង និង​បាន​ធ្វើការ​ជិតដិត​នៅក្នុង​ការបង្ក្រាប​អំពើពុករលួយ​របស់​លោក​ជុង​។​ឥឡូវ​គេ​នៅ​ចាំ​មើល​ថា​តើ​មានការ​គាំ​​ទ្រ​ប៉ុណ្ណា​សំ​រាប់ការ​ស្នង​តំណែង​ណាមួយ មកពី​បណ្តា​សមាជិក​បក្ស​នៅ​ក្រៅ​រង្វង់​មនុស្ស​របស់​លោក​ប្រធាន​បក្ស​។​

-​តូ ឡាំ អាយុ​៦៣​ឆ្នាំ​៖ ឡាំ ជា​រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ ជា​មុខតំណែង​ដែល​សព​ប្រធានាធិបតី​វៀតណាម​មុន​បាន​ប្រគល់ឲ្យលោក​ដែល​ធ្វើអោ​លលោក​ក្លាយ​ជា​បេក្ខជន​ដ៏មាន​សក្តានុពល​សំ​រាប់មុខ​​តំណែង​បែប​ពិធីការ​មួយ​នេះ​។​

-​ង៉ូ សួន លី​ច អាយុ​៦៦​ឆ្នាំ ៖ ទាំង​ក្រសួង​ការពារជាតិ​និង​សន្តិសុខ​សាធារណៈ នឹង​ប្រជែង​រក​ឥទ្ធិពល​នៅក្នុង​ការិយាល័យ​នយោបាយ ហើយ​រដ្ឋមន្ត្រី​ការពារជាតិ ង៉ូ សួន លី​ច កំពុង​ដឹកនាំ​ក្រុម​យោធា​ធ្វើ​កិច្ច​​ការ​នេះ​។​

-​ផាំ មិញ ជី​ញ អាយុ​៦២​ឆ្នាំ ៖​ជី​ញ ដឹកនាំ​គណៈកម្មាធិការ​អង្គការ​មជ្ឈិម​ដ៏​មាន​ឥទ្ធិពល​និង​មាន​អំណាច​របស់​បក្ស​កុម្មុយនីស្ត ដែល​ជួយ​ឲ្យលោក​មាន​ទំនាក់ទំនង​ធំ​ទូលាយ​ជាមួយ​សមាជិក​បក្ស​។​លោក​​ជា​អតីត​អនុរដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ​។​

-​ទ្រឿង ហ័​រ បិ​ញ អាយុ​៦៥​ឆ្នាំ ៖ វៀតណាម​មាន​ឧបនាយករដ្ឋមន្ត្រី​៤​រូប តែ​ប៊ិញ ជា​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ដែល​អាច​ថា​លោក​ជា​មនុស្ស​សំខាន់​ទី​១​ក្នុងចំណោមឧ​បទាំង​៤​។​លោក​បាន​ទទួលខុសត្រូវ​​តំណែង​សេដ្ឋកិច្ច​របស់​នាយករដ្ឋមន្ត្រី ដែល​ធ្វើអោយ​លោក​ក្លាយជា​បេក្ខជន​ដ៏​មានសង្ឃឹម​សំរាប់​ជំនួស​នាយករដ្ឋមន្ត្រី​។​

-​ផាំ មិញ​ប៊ិញ​៖ ជា​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​ផង លោក​ផាំ មិញ​ប៊ិញ ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប ដែល​អាច​និយាយ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់​។​លោក​ក៏​ជា​មុខមាត់​របស់​វៀតណាម​ក្នុង​យុទ្ធនាការ​​ការទូត​ឆ្ពោះទៅ​ខាង​ក្រៅ​របស់​ប្រទេស​។​

-​វឿង ឌិញ វ៉េ អាយុ​៦៣​ឆ្នាំ​៖ ជា​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ម្នាក់​និង​ជា​សាស្ត្រាចារ្យ​សេដ្ឋកិច្ច លោក​វ៉េ ត្រូវបាន​គេ​មើលឃើញ​ថា​ស័ក្តិសម​សំរាប់​មុខ​តំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​៕សរន

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular