ដោយ: សុផានីតា / កោះកុង: ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំលត និងភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល បានទទួលការពិនិត្យ និងព្យាបាលសុខភាពដោយមិនគិតកម្រៃពីរដ្ឋបាល និងក្រុមគ្រូពេទ្យជំនាញរបស់ខេត្តកោះកុង គ្រាមូលដ្ឋានរស់នៅរបស់ពលរដ្ឋឆ្ងាយដាច់ស្រយោលជាងគេ។
តំណាងពលរដ្ឋទទួលសុខភិបាលលើកដំបូងដែលពុំធ្លាប់មាននៅមូលដ្ឋាន គឺអ្នកស្រី ហឿន ណាគ្រី ពលរដ្ឋនៅភូមិកំលត និងលោក ញ៉ា ឌី ពលរដ្ឋនៅភូមិពោធិបឹង បង្ហាញពីការរីករាយក្នុងចិត្តពេលមានថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមគ្រូពេទ្យចុះមកសួរសុខទុក្ខ ដោយភ្ជាប់ជាមួយនឹងការពិនិត្យព្យាបាលអាការៈរោគសញ្ញានៃជំងឺរបស់ពួកគាត់ដែលកំពុងមាន។
ក្រុមពលរដ្ឋដដែល អះអាងថា ភូមិដ្ឋានរស់នៅពួកគាត់គឺនៅឆ្ងាយដាច់ស្រយោលពីទីរួមស្រុកស្រែអំបិល បើធៀបនឹងភូមិឃុំដ៏ទៃផ្សេងទៀត ត្បិតមានមណ្ឌលសុខភាពមែនពិត ប៉ុន្តែកម្រិតនៅការព្យាបាលជំងឺពុំទូលំទូលាយទេ។ ដូច្នេះពេលខ្លះបង្ខំចិត្តធ្វើដំណើរជាច្រើនគីឡូម៉ែត្រទាំងផ្លូវលំបាកទៅស្វែងសេវាព្យាបាលជំងឺនៅឯមន្ទីរពេទ្យបង្អែកស្រុក។ ការគ្មានផ្លូវធ្វើដំណើរស្រួល ធ្វើឱ្យពលរដ្ឋសំណូមពរដល់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធជួយស្ថាបនាផ្លូវឱ្យបានស្អាតល្អចូលមកដល់មូលដ្ឋានរស់នៅពួកគាត់ ព្រោះជាតម្រូវការចាំបាច់បំផុត បន្ទាប់ពីភ្លើងអគ្គិសនី ទឹកស្អាត និងហេដ្ឋានរចនាសម្ព័ន្ធផ្សេងៗទៀតផងដែរ។
ក្នុងដំណើរចុះសួរសុខទុក្ខ និងផ្តល់នូវអំណោយស្បៀងអាហារមួយចំនួនដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ នៅឃុំដងពែង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ដល់២៤ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ក៏ទទួលស្គាល់ពីភាពលំបាក និងសេចក្តីការចង់បាននូវផ្លូវធ្វើដំណើរ។ លោកស្រី បញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋបាលស្រុក និងឃុំ កំពុងកសាងផ្លូវឆ្ពោះមកកាន់លំនៅដ្ឋានរបស់ពលរដ្ឋរួចរាល់ ដោយធ្វើទៅជំហាននីមួយៗនៃគម្រោងអភិវឌ្ឍន៍។
លោកស្រី អភិបាលខេត្ត ជឿជាក់ថា ពេលមានផ្លូវល្អ នឹងកាន់លើកកម្ពស់សុវត្ថិភាពធ្វើដំណើរ កាត់បន្ថយភាពក្រីក្រ និងផ្តល់នូវចំណូលកាន់តែច្រើនថែមទៀតដល់ប្រជាកសិករដែលនៅឆ្ងាយដាច់ស្រយោលមួយនេះ។ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្ត្រីគឺមិនទុកចោលពលរដ្ឋដាច់ខាត គឺនៅតែគៀងគរថវិកាលើអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋគ្រប់វិស័យតែម្តង មិនដូចក្រុមប្រឆាំងសោះឡើយដែលពួកគេនៅក្រៅប្រទេសចាំតែចង់បំផ្លាញសុខសន្តិភាព និងបង្កចលាចលសង្គម។
លោកស្រីអភិបាលខេត្ត ក៏ទាមទារឱ្យប្រជាពលរដ្ឋភូមិដាច់ស្រយោលចំនួន២ នៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ចាំបាច់យកចិត្តទុកដាក់ខ្ពស់លើការធ្វើអនាម័យសុខភាពរស់នៅអោយបានល្អប្រសើរជាប្រចាំថ្ងៃ។
ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ជាកត្តាចម្បងបំផុតសម្រាប់ប្រជាពលរដ្ឋប្រកាន់ភ្ជាប់ឱ្យបានខ្ជាប់ខ្ជួន មិនថាតែនៅទីក្រុង ឬជនបទដាច់ស្រយោលឡើយ ក្នុងន័យលើកកម្ពស់សុខុមាលភាពរស់នៅប្រចាំថ្ងៃ។ សុខភាពមិនល្អពុំអាចរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានទេ។
លោកស្រី មិថុនា ភូថង ណែនាំបន្ថែមដល់អាជ្ញាធរ និងពលរដ្ឋ ត្រូវបង្កើនផ្សព្វផ្សាយ ក៏ដូចជាចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ថែមទៀត ស្របពេលជំងឺមួយនេះនៅតែជាក្តីព្រួយបារម្ភយើងទាំងអស់គ្នា ដើម្បីសហគមន៍គ្មានជំងឺកូវីដ១៩។ ប្រសិនបើមានបញ្ហាសុខភាព សូមប្រញាប់មកមណ្ឌលសុខភាពដែលនៅជិតលំនៅដ្ឋានឱ្យបានទាន់ពេលវេលា ហើយពេលមានមនុស្សចំណូលថ្មីចូលសហគមន៍រាយការណ៍ព័ត៌មានដល់អាជ្ញាធរភូមិឃុំ ខ្លាចក្រែងពួកគេជាពលករនាំយកជំងឺចូលសហគមន៍។
ឆ្លើយតបនឹងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តកោះកុង ប្រជាពលរដ្ឋ អះអាងថា អាជ្ញាធរភូមិឃុំ និងអ្នកស្ម័គ្រចិត្តភូមិ តែងចុះពន្យល់ណែនាំពីរបៀបថែទាំសុខភាព យ៉ាងហោចណាស់១ខែ២ដងអំពីការសម្អាតផ្ទះសម្បែង ហូបផឹកចំណីអាហារណាដែលឆ្អិនល្អ មិនត្រូវបរិភោគសាច់បន្លែឆៅ។ រីឯស្ថានភាពជំងឺកូវីដ ពុំមានមនុស្សចំណូលថ្មីណាចូលមកក្នុងសហគមន៍ឡើយ ព្រោះអាជ្ញាធរគ្រប់គ្រងបានល្អ។
គួរជម្រាបថា ភូមិកំលត និងភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ជាមូលដ្ឋានមួយដែលប្រជាពលរដ្ឋរស់នៅឆ្ងាយដាច់ស្រយោលពីទីរួមស្រុក បើតាមរថយន្តខ្ពស់ៗចំណាយពេលធ្វើដំណើរ៣ទៅ៥ម៉ោងកាត់ព្រៃភ្នំ ស្ទឹងព្រែកឡើងចុះទើបទៅដល់។
តែទោះយ៉ាងណារដ្ឋបាលមិនទុកឱ្យពលរដ្ឋលំបាកនោះទេ ខណៈសព្វថ្ងៃនេះរដ្ឋបាលស្រុកស្រែអំបិល សហការជាមួយអាជ្ញាធរភូមិឃុំ មន្ទីរបរិស្ថាន កំពុងកសាងផ្លូវជាបណ្តើរៗឆ្ពោះទៅមូលដ្ឋានពលរដ្ឋខាងលើបម្រើដល់ការអភិវឌ្ឍន៍រួមគ្នា៕