ប្រែសម្រួល : កញ្ញាដាលីស ៖ តារាជើងចាស់ហុងកុងលោក សាមម៉ូ ហុង(អាម៉ាប់) បានបង្កឱ្យមានការព្រួយបារម្ភអំពីសុខភាពជាមួយនឹងការបង្ហាញខ្លួនទ្រុឌទ្រោមជាសាធារណៈក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែការបង្ហាញខ្លួនថ្មីៗនេះទំនងជាចង់ធានាដល់អ្នកគាំទ្រឱ្យជឿជាក់ថាគាត់មានសុខភាពល្អ។
កាលពីថ្ងៃអាទិត្យ (១៧ មករា) គាត់បានលេចមុខនៅក្នុងវីដេអូមួយ ដែលបង្ហោះលើគណនីបណ្តាញសង្គមរបស់កូនប្រុសគាត់ឈ្មោះ ធីមមី ហុង ដោយលើកទឹកចិត្តដល់ប្រជាជននៅខេត្តហឺប៉ីរបស់ចិន ដែលថ្មីៗនេះបានរងគ្រោះដោយការរើបឡើងវិញនូវជំងឺកូវីដ១៩។
នៅក្នុងវីដេអូនោះ លោកសាមម៉ូ ហុងនិយាយជាភាសាចិនកុកងឺថា “សួស្តីបងប្អូនជនរួមជាតិពីខេត្តហឺប៉ី ខ្ញុំសាមម៉ូ ហុង។ ជំងឺរាតត្បាតបានធ្វើឱ្យយើងឃ្លាតឆ្ងាយពីគ្នាក៏ពិតមែនប៉ុន្តែចិត្តរបស់យើងនៅរួមគ្នាតែមួយដដែល។ ចូររួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ខ្ញុំនៅជាមួយអ្នកទាំងអស់គ្នាខណៈយើងប្រឈមមុខនឹងជំងឺរាតត្បាតជាមួយគ្នា។ ហឺប៉ីរឹងប៉ឹងឡើង ចិនរ៉ឹងប៉ឹងឡើង”។
លោកហុង ដែលទើបឈានចូលអាយុ ៦៩ ឆ្នាំកាលពីដើមខែមករា មើលទៅមានស្មារតីល្អនៅក្នុងវីដេអូ ហើយគាត់និយាយមួយភ្លែតមែនប៉ុន្តែនិយាយដោយសំឡេងរ៉ឹងប៉ឹង៕
លោកសាមម៉ូ ហុង ហៅអាម៉ាប់