ដោយ: រ៉ាម៉ន / ភ្នំពេញ: សកម្មភាពការងាររបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុង១សប្តាហ៍កន្លងមកនេះ បានបំពេញការងារជូនប្រជាពលរដ្ឋបានយ៉ាងច្រើនកម្មវិធី ហើយកម្មពិធីទាំងនោះ គឺសុទ្ធតែបំរើអោយផលប្រយោជន៍ប្រជាពលរដ្ឋ សង្គមនិងរាជរដ្ឋាភិបាល។
ចំពោះសកម្មភាពការងារទាំងនេះ រួមមាន៖ ១ – លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនកាលពីថ្ងៃទី២១ខែមករា ឆ្នាំ២០២១នេះបានជួបប្រជុំជាមួយមន្ត្រីរបស់ក្រសួងការពារជាតិ ក្នុងគម្រោងកែលម្អសួនច្បារមុខក្រសួងការពារជាតិឡើងវិញ ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត មានលំហូរចរាចរណ៍ស្រួលធ្វើដំណើរ និងមានទីធ្លារធំទូលាយសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណផងដែរ ខណៈសួនច្បារ១នេះនៅជាប់ផ្លូវសហព័ន្ធរុស្សី ដែលជាផ្លូវ ភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរឆ្លងកាត់ច្រើន។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ បានជួបសំដែងការគួរសមជាមួយ លោក អាណាតូលី បូរ៉ូវីគ (H.E. Anatoly BOROVIK ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ខណៈដែលប្រទេសរុស្ស៊ីបានមានទំនាក់ទំនងការទូតជាមួយនឹងព្រះរាជាណាចក្រកម្ពុជាមានរយៈពេល៦៥ឆ្នាំមកហើយ ។ ទំនាក់ទំនងនេះបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែល្អប្រសើរ រហូត មកដល់ពេលបច្ចុប្បន្ននេះ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ខែមករា ក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញបានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តវឱ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំងរំខានទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែរក្រសួងក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែង។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨មករា២០២១ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ KUSANONE ដោយរាជរដ្ឋាភិបាលជប៉ុននឹងផ្តល់ថវិកាចំនួន ២ ២៧,៧៣៦ដុល្លារអាមេរិក សម្រាប់ការដាក់ឲ្យប្រើប្រាស់នូវរថយន្តពន្លត់អគ្គីភ័យដែលបំពាក់ដោយកាំជណ្តើរកម្ពស់៤០ ម៉ែត្រ ចំនួនមួយគ្រឿង ដែលរថយន្តពន្លត់អគ្គីភ័យប្រភេទបែបនេះ នឹងក្លាយជារថយន្តពន្លត់អគ្គីភ័យលើកដំបូងគេនិងមិនធ្លាប់មានដែលបានដាក់ឲ្យប្រើប្រាស់ នៅរាជធានីភ្នំពេញ៕