ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពលករខ្មែរ ១នាក់ ក្នុងចំណោម២នាក់ បានវិលវិញ បន្ទាប់ពីបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កកម្រិត២ នៅក្នុងខេត្តបន្ទាយមានជ័យ ។ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានស្នើកិច្ចសហការពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីបាននាំពួកគាត់ មកធ្វើចត្តាឡីស័កបង្ការមានការចម្លងមេរោគកូវីដ ១៩ ។
លោក រ័ត្ន ដាស៊ីណង អភិបាលស្រុកមង្គលបូរី បានឲ្យដឹងកាលពីថ្ងៃទី២៥ ខែមករាថាៈ ទី១ ពលករ ដែលលួចរត់ចេញពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរី មាន ឈ្មោះ ខា រិន អាយុ ២៣ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ រស់នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ។ គាត់បានរត់ចេញ កាលពី ព្រលប់ថ្ងៃ ២២ ខែមករា ឆ្នាំ២០២១ ខណៈគាត់ ទើបវិលមកពីប្រទេសថៃ ។ ក៏ប៉ុន្តែ ពលករខ្មែរ ឈ្មោះ ខា រិន នេះ បានវិលត្រឡប់មក មណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរីវិញហើយ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ។
លោក រ័ត្ន ដាស៊ីណង់ បានឲ្យដឹងបន្តទៀតថាៈ រីឯទី២ ឈ្មោះ ឡម ឡាយ ភេទប្រុស អាយុ ២៧ ឆ្នាំ លេខទូរស័ព្ទ 0972851916 ប្រើគណនីហ្វេសប៊ុក បក្សីតូច ឆ្លងដែន និងឈ្មោះ កូនខ្លា ឆ្លងដែន រស់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានលួចរត់ ពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យជប់វារី កាលពីវេលាម៉ោង ៤ រសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ មកទល់ពេលនេះ នៅបាត់ស្រមោលដដែល ។ បុរសនេះ គាត់ទើបវិលត្រឡប់ពី ខេត្តឈុនបូរី ប្រទេសថៃ ។
ហេតុនេះ សូមអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ពិសេសក្រុមគ្រួសារមេត្តាជួយស្រាវជ្រាវ ស្វែងរក និងជួយណែនាំឱ្យបុរសនេះ ត្រឡប់មកបន្តធ្វើចត្តាឡីស័កវិញផង ដើម្បីបង្ការការពារកុំអោយឆ្លងរាតត្បាតជំងឺកូវីស ១៩ ចូលទៅក្នុងសហគមន៍ ៕/V-PC