ដោយៈ សុផានីតា / កោះកុងៈ រដ្ឋបាលស្រុកបូទុមសាគរ កំពុងពិនិត្យលើស្ថានភាពជាក់ស្តែង លើទីតាំងស្នើសុំធ្វើផ្លូវមួយខ្សែ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិចម្ការលើ ឃុំថ្ម បន្ទាប់ពីពួកគេ ស្នើសុំកន្លងទៅ ពុំទាន់មានលទ្ធផល។ លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ ដែលដឹកនាំមេភូមិ សមាជិកក្រុមប្រឹក្សាឃុំថ្មស មន្ត្រីការិយាល័យបរិស្ថាន និងមន្ត្រីការិយាល័យរ៉ែ ថាមពល ពិនិត្យមើលស្ថានភាពជាក់ស្តែង ចំណុចព្រែកគល់ តបតាមសេចក្តីចង់បាន របស់ពលរដ្ឋ អំពីផ្លូវធ្វើដំណើរ។
លោក ស៊ីណេត តំណាងលោក ហាក់ ឡេង អភិបាលស្រុក បានឱ្យដឹងកាលពីថ្មីៗនេះថាៈ លោកមិនជំទាស់ពីអ្វី ដែលជាបំណងចង់បាន ប្រព័ន្ធគមនាគមន៍ ធ្វើដំណើរទៅមក របស់ពលរដ្ឋទេ ព្រោះអាជ្ញាធរ យកចិត្ត ទុកដាក់ខ្ពស់ ការអភិវឌ្ឍមូលដ្ឋាន ក្នុងន័យកាត់បន្ថយភាពក្រីក្រ ព្រមទាំងជួយលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ នៅពេលមានតម្រូវការចាំបាច់ ប្រើប្រាស់ ទៅថ្ងៃមុខ។
លោក បានបន្ថែមថាៈ ប៉ុន្តែទោះបែបនេះក្តី ក៏លោកនឹងបន្តសុំគោលការណ៍បន្ថែម ពីរដ្ឋបាលខេត្ត ជាមុនសិន ព្រោះខ្លាចមានផលប៉ះពាល់ ណាមួយ កើតមាន ដ្បិតវាជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ។
យោងតាមសំណើរបស់លោក អ៊ាង អាង មេភូមិចម្ការលើ និងលោក អិក គួន មេឃុំថ្មស ដាក់មករដ្ឋបាលស្រុក គឺសុំកសាងផ្លូវទទឹង ៨ ម៉ែត្រ បណ្តោយ ៧០០ ម៉ែត្រ សម្រាប់ការប្រើប្រាស់ ជាសាធារណៈទូទៅ ដែលចង់បាននេះ ជាយូរខែឆ្នាំមកហើយ។
អ្នកស្រី សៀម រី និងលោក ច្រឹង សារ៉ែន តំណាងពលរដ្ឋ ជិត ៩០ នាក់ រស់នៅភូមិចម្ការលើ ឃុំថ្មស បានលើកឡើងថាៈ មូលហេតុ ដែលពួកគាត់ មានបំណងចង់បានផ្លូវ ១ ខ្សែ ប្រវែង ៧០០ គីឡូម៉ែត្រនេះ ព្រោះវាបង្កលក្ខណៈ កាន់តែងាយស្រួល ដឹកជញ្ចូនផលកសិកម្ម និងចុះនេសាទសមុទ្រ ស្ទើរគ្រប់រដូវកាល។
ពលរដ្ឋ បានបន្តថាៈ ជាង ៥ ខែមកហើយ ដែលពួកគាត់ សុំដល់អាជ្ញាធរភូមិ ឃុំ និងស្រុក ជួយកសាងផ្លូវលំ ១ខ្សែនេះ តែពុំទាន់មានដំណោះស្រាយ ពិតប្រាកដ ទើបពលរដ្ឋ ស្នើសុំជាថ្មីម្តង ដោយបច្ចុប្បន្ន អាស្រ័យការធ្វើដំណើរ នៅដីដែលត្រួសត្រាយ របស់ឯកជន ទៅថ្ងៃមុខ បើបិទលែងអោយឆ្លងកាត់ច្បាស់ជាលំបាក។
ដើម្បីទទួលបានផ្លូវ ពិតប្រាកដរួមគ្នា ពលរដ្ឋក៏សុំចិត្តបរិច្ចាគក្បាលដី របស់ខ្លួន ម្នាក់ៗ ជូនអាជ្ញាធរ ក្នុងការសម្រួលដល់ ការស្ថាបនាផងដែរ ករណីអាជ្ញាធរ ពុំមានថវិកាអភិវឌ្ឍន៍។ ក្រុមពលរដ្ឋ បង្ហាញក្តីរំពឹងថា នៅពេលមានផ្លូវហើយ គឺមុខរបរចិញ្ចឹមជីវិត មានតែធ្វើស្រែចម្ការ និងនេសាទនេះ នឹងទទួលជីវភាពរស់នៅ ប្រសើរក្នុងគ្រួសារ ក្នុងសហគមន៍ បើគ្មានផ្លូវងាយស្រួលធ្វើដំណើរទេ គឺពួកគាត់នឹងបន្តខ្វះខាតដដែល៕/V