ដោយៈ បូកគោ / កំពតៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត កាលពីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពត បានបញ្ជា ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ រាល់សកម្មភាពបំពាន កាន់កាប់ដី ស្ថិតក្នុងដែនឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ។
ថ្លែងក្នុងកិច្ចប្រជុំខាងលើ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការ ឯកភាព រដ្ឋបាលខេត្តកំពត បានមានប្រសាសន៍ថាៈ មួយរយៈ ចុងក្រោយនេះ ស្ថានភាព សន្តិសុខសាធារណៈ នៅក្នុងខេត្តកំពត គិតទាំងសុវត្ថិភាពចរាចរ ក៏ដូចជា ការចូលរួមបង្ការ ទប់ស្កាត់ ជំងឺកូវីដ១៩ មានលក្ខណៈ ល្អប្រសើរ ដែលអាចជាគំរូមមួយ សម្រាប់បន្តអនុវត្ត ដើម្បីផ្តល់ក្តីសុខសាន្ត ជូនប្រជាពលរដ្ឋទូទៅ។ ប៉ុន្តែ អ្វីដែលនៅកើតមាន គឺសកម្មភាព នៃការបំពានកាន់កាប់ ដោយខុសច្បាប់ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពីសំណាក់ ជនខិលខូច មួយចំនួន។ ជាក់ស្តែង ការទន្ទ្រាន លួចចូលកាប់ឆ្ការព្រៃ ក្នុងដែនឧទ្យានជាតិ ព្រះមុនីវង្ស បូកគោ បំណងយកជាកម្មសិទ្ធិ តាមរយៈការចុះវាស់វែង និងឆ្វៀលចេញពីដីរដ្ឋ នាពេលខាងមុខ ហាក់កំពុងមានសកម្មភាពនៅឡើយ។
លោក ជាវ តាយ បានបញ្ជាក់ថាៈ ព្រោះតែកត្តានេះហើយ ទើបការដាក់ពាក្យចូលមកគណៈ កម្មាធិការ គ្រប់គ្រងដីរដ្ឋ ដើម្បីស្នើសុំកាន់កាប់ដី នៅតំបន់នោះ លើសពីទំហំដី និងចំនួន គ្រួសារ ដែលបានអាស្រ័យផល ពិតប្រាកដ។ ដូច្នេះដើម្បីបញ្ចៀសជម្លោះ និងកាត់បន្ថយ ការលំបាក ក្នុងការរកដំណោះស្រាយ ពេលចុះអនុវត្តជាក់ស្តែង អាជ្ញាធរក៏ដូចជាសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវបង្កើនការទប់ស្កាត់ និងស្រាវជ្រាវ ស្វែងរកជនខិលខូច ក្នុងសកម្មភាពនេះ នាំយកមកអនុវត្ត តាមនីតិវិធី៕/V-PC