ដោយៈ ពៅនិមល / ភ្នំពេញ: ជារៀងរាល់ថ្ងៃ កម្មករ និយោជិត ប្រមាណជាង ៧០ ម៉ឺននាក់ កំពុងប្រឈមនឹងហានិភ័យ ក្នុងការធ្វើដំណើរ ប្រចាំថ្ងៃ ទៅមក ធ្វើការងារលើដងផ្លូវ ដែលមានចរាចរណ៍មមាញឹក និងប្រកបដោយគ្រោះថ្នាក់ ដើម្បីតែជីវភាពគ្រួសារ។ នេះតាមការលើកឡើងរបស់ នាយកអង្គការ AIP ។
នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់មន្ត្រីសហភាពសហព័ន្ធ និងសហជីពកម្មករ និយោជិត កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំនៅកម្ពុជា (AIP) បានលើកឡើងថាៈ ស្ទើរតែ ២០ ភាគរយ នៃជនរងគ្រោះថ្នាក់ ចរាចរណ៍ទាំងអស់ នៅកម្ពុជា គឺជាកម្មករ និយោជិត (គ្រប់វិស័យទាំងអស់ និងទាំងក្នុងអំឡុងពេល បំពេញការងារ ទៅមក និងការធ្វើដំណើរឯកជន) ហើយភាគច្រើនជាស្ត្រី។
លោកបានឱ្យដឹងថាៈ ទាក់ទងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ អង្គការលោក កំពុងកៀរគរ អ្នកដឹកនាំសហជីព ដែលជាអ្នកធ្វើការទាក់ទាញមតិគាំទ ដើម្បីធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ សម្រាប់កម្មករ និយោជិត។ អ្នកដឹកនាំ ដែលបានចូលរួមនេះ នឹងបានសិក្សា អំពីបរិបទ នៃសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់កម្មករ និយោជិត និងទទួលបានចំណេះដឹង ក្នុងការបង្កើនការយល់ដឹង សមាជិករបស់ខ្លួន អំពីសុវត្ថិភាព នៃការធ្វើដំណើរនេះដែរ។
ទាក់ទងនឹងបញ្ហា ខាងលើនេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំសហព័ន្ធ និងសហជីពកម្មករ បានដើរតួនាទី យ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ អំពីហានិភ័យ នៃឥរិយាបថ ក្នុងការប្រើប្រាស់ផ្លូវ ដែលគ្មានសុវត្ថិភាព និងការការពារកម្មករ និយោជិត តាមរយៈការស្វែងរកមតិគាំទ្រ ដើម្បីបង្កើត និងអនុវត្តគោលនយោបាយ សុវត្ថិភាពចរាចរណ៍ ដែលមានប្រសិទ្ធភាព ក្នុងការកំរិតរោងចក្រ។
ជាមួយគ្នានេះ លោកស្រី Pamela Wharton នាយិកាស្តីទី កម្មវិធីប្រចាំប្រទេស នៃមជ្ឈមណ្ឌល សាមគ្គីភាព បានលើកឡើងថាៈ ការធ្វើដំណើរប្រកប ដោយសុវត្ថិភាព ទៅនិងមក ពីធ្វើការ គឺជាសិទ្ធមួយរបស់កម្មករ និយោជិត ផងដែរ។ ការបង្កើនការយល់ដឹង អំពីបញ្ហានេះ និងការគូសបញ្ជាក់ ចំណុចកែលម្អ ផ្នែកសុវត្ថិភាព ដែលចាំបាច់ ដើម្បីបង្ការគ្រោះថ្នាក់ ពេលធ្វើដំណើរ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីធានាឱ្យបាននូវ លក្ខខណ្ឌការងារ សមស្រប សម្រាប់កម្មករ កម្មការនី រោងចក្រ នៅកម្ពុជា។
សូមបញ្ជាក់ថា សិក្ខាសាលាបណ្តុះបណ្តាល ខាងលើ ជាផ្នែកមួយ នៃកម្មវិធីលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករ និយោជិតកម្ពុជា ដែលទទួលបាន ការគាំទ្រពីទីភ្នាក់ងារ ជំនួយអាម៉េរិក (យូសេត= USAID) តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព អង្គការមូលនិធិបង្ការរបួសអាស៊ី ក្នុងគោលបំណង ដើម្បីបង្កើនការ យល់ដឹងបន្ថែម អំពីសុវត្ថិភាពចរាចរណ៍ ដល់មន្ត្រីបច្ចេកទេស ទទួលបន្ទុកការងារអប់រំ ផ្សព្វផ្សាយ ដែលអញ្ជើញមកពី សហភាពសហព័ន្ធ និងសហជីពកម្មករ សម្រាប់ជាមូលដ្ឋាន ក្នុងការងារអប់រំផ្សព្វផ្សាយបន្ត ក៏ដូចជា សម្រាប់បង្កើតកម្មវិធីផ្សេងៗ សំដៅលើកកម្ពស់សុវត្ថិភាព ក្នុងការធ្វើដំណើររបស់កម្មករ និយោជិត៕/V.mara