ដោយ: អង្គារ៍ហេង / ភ្នំពេញ: បុរសម្នាក់បានបើករថយន្តព្រូសមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿននៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី បានទៅបុកនឹងក្បាលស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាត់យ៉ាងដំណំផ្នែកខាងមុខ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលរកស៊ីរត់កង់បីនៅក្បែរកន្លែងកើតហេតុ បានប្រាប់មកក្រុមអ្នកយកព័ត៌មានឲ្យបានដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2BD 6312 បានបើកក្នុងល្បឿនយ៉ាងលឿន នៅតាមបណ្ដោយមហាវិចីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើត ខណៈពេលមកដល់ចំណុចកើតហេតុ បុរសរូបនោះបានបើករថយន្តទៅបុកនឹងក្បាលស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើកបរបង្កសំណាងល្អ ដែលគ្មានគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះទៅពិនិត្យរួចបានស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនទៅដោះស្រាយតាមនីតិវិធី៕