ដោយៈ សរិទ្ធ / កណ្ដាលៈ យុវសិស្សម្នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បុគ្នា កាលពីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ ១១០ ស្ថិតនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសកៀនស្វាយ បានឲ្យដឹងថាៈ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមួយ គ្រឿង ម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ AT20 2-0935 បើកបរដោយឈ្មោះ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ (គេចខ្លួន) ដែលបានបើកពីទិសខាងលិច ទៅខាងកើត (ភ្នំពេញ ទៅស្អាង) ។ លុះពេលមកដល់ ចំណុចកើតហេតុ រថយន្តនេះ ក៏បានបុកជាមួយម៉ូតូ ម៉ាក Honda Wave ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១AK ០១៥២ បើកបរដោយឈ្មោះ នី ពន្ធរ័ត្ន ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅស្របគ្នា ហើយកំពុងតែបើកបត់ មកខាងឆ្វេង បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិ បញ្ជូនទៅមន្ទីរពេទ្យ ភ្នំពេញ ហើយក្រោយមក ក៏បានស្លាប់។
រថយន្ត និងម៉ូតូ ត្រូវបានកម្លាំងជំនាញចរាចរណ៍ ចុះមកវាស់វែង យកមករក្សាទុក ជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។ ការសន្និដ្ឋាន គឺ អ្នកបើកបរម៉ូតូ ធ្វេសប្រហែស មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ផ្លូវ។ ចំណែក អ្នកបើករថយន្ត ធ្វេសប្រហែស បើកបរមានល្បឿនលឿន មិនមើលស្ថានភាពផ្លូវ ខាងមុខ មានឧបសគ្គ៕/V-PC