ដោយៈ ទេព មង្គល / បន្ទាយមានជ័យៈ សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានដុតកម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៨០០ គីឡូក្រាម ក្រោយពីមន្ត្រីជំនាញ សហការជាមួយមន្ត្រីពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ តាមបណ្តាម៉ាត និងតាមផ្ទះលក់ទំនិញ ក្នុងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ្ឌ ហើយបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទាំងនោះ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ត្រីពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះឆែកឆេរ រកទំនិញណា ដែលគ្មានកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ហើយមន្ត្រីជំនាញ បានរកឃើញ នៅតាមបណ្តាតូប តាមផ្ទះ ម៉ាត ជាលទ្ធផល បានរកឃើញផលិតផល ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅក្នុងក្រុងប៉ោយប៉ែត មានដូចជា ស្រាបៀ ប្លេកផេនធ័រ ទឹកក្រូច ហ្វាន់តា ប័រកំប៉ុង មីកំប៉ុង ចំនួនប្រមាណ ៨០០ គីឡូក្រាម។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថាៈ រាល់មុខទំនិញ ដែលមន្ត្រីជំនាញ បានដកហូតនេះ បាននាំយកទៅដុតកម្ទេចចោល តែមុខទំនិញណា ដែលដុតមិន ឆេះ ដូចជា ប្រភេទទឹក ភេសជ្ជៈផ្សេងៗទៀត មន្ត្រីជំនាញ បានយកទៅ កែច្នៃធ្វើជាជីធម្មជាតិ ប្រភេទវីតាមីន (Vitamin) ចែកជូនដល់កសិករ ដើម្បីយកទៅប្រើប្រាស់ ស្រោចស្រប ដំណាំបន្លែ ប្រភេទកសិកម្ម ៕/V.mara