Home ព័ត៌មានសំខាន់ៗ ទឹក​បឹង​ទន្លេ...

ទឹក​បឹង​ទន្លេសាប និង​ទន្លេមេគង្គ មាន​អំណោយផល​ល្អ​ច្រើនជាង​ឆ្នាំមុន​

​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ ស្ថានភាព​ទឹកទន្លេ​មេគង្គ និង​ទឹក​បឹង​ទន្លេសាប​នៅពេលនេះ មាន អំណោយផល​ល្អ​ជាង​ឆ្នាំ​២០១៩-២០២០ សម្រាប់​ជីវិត​ជីវៈចម្រុះ ដោយ​ទឹក​មាន សល់​ដល់​ជាង​២​ម៉ែត្រ​នៅក្នុង​ផ្ទៃ​បឹង​ទន្លេសាប និង​នៅ​បន្ត​ហូរ​ចេញ អ្នកនេសាទ តាម​គន្លង​ដាយ​នៅតែ​បន្តធ្វើ​សកម្មភាព​បាន​។​

​លោក​ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ ថា ស្ថានភាព​ទឹក​បឹង​ទន្លេសាប​នៅពេលនេះ (២៥ មករា​) បើ​ធៀប​រយៈពេល​ដូចគ្នា​ឃើញ​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​២០១៩-២០២០ ដោយពេល​នេះ​ទឹក​នៅសល់​ដល់​កម្ពស់​ជាង​ពីរ​ម៉ែត្រ និង​ស្រក​ចុះ​យឺតៗ​។ កម្ពស់​ទឹក នៅសល់​ជាង​ពីរ​ម៉ែត្រ​មាន​នៅសល់តែ​ក្នុង​បឹង​នៃ​តំបន់​បី​បានន័យថា​ទឹក​ស្រក​ផុត​តំបន់​ព្រៃ​លិច​ទឹក​ហើយ​។​

​មន្ត្រី​ខាងលើ​បាន​ពន្យល់ថា ទឹក​បឹង​ទន្លេសាប​នៅក្នុង​រដូវវស្សា ឆ្នាំ​២០២០ ជន់​ឡើង​យឺត​ពេល​និង​មាន​កម្ពស់​ទាប​ជាង​បណ្តា​ឆ្នាំមុនៗ តែ​បាន​ឡើង​នៅ​ចុងរដូវ​វស្សា (​ជិត​៦​ម៉ែត្រ​) ដោយសារ​មាន​ជំនន់​ខ្លាំង​នៅ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប​មុនពេល​ស្រក​ទៅវិញ​ដោយ​ល្បឿន​យឺតៗ​និង​នៅពេលនេះ ទឹក​ដែល​សល់​ពី​ការប្រើប្រាស់​នៅតែមាន​បន្ត​ហូរ​ចូលដល់​បឹង​ទន្លេសាប​តាម​បណ្តា​ពោះ​ស្ទឹង​មួយ​ចំ នួន​ដែលមាន​អាង​ទឹកធំៗ​នៅ​ពីលើ​។​

​លោក ស៊ិន វិ​សិទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ទន្លេសាប​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា ដឹង​នៅ​ថ្ងៃទី​២៥ ខែមករា ដែរ​ថា​ទឹក​បឹង​ទន្លេសាប​ពេលនេះ​នៅមាន​អំណោយផល​ល្អ​ជាង​ឆ្នាំមុន (២០១៩-២០២០) សម្រាប់​ជីវិត​ជីវៈចម្រុះ​។ ក្នុង​ឆ្នាំ​២០១៩- ២០២០ នៅ រយៈពេល​ដូចគ្នានេះ សកម្មភាព​នេសាទ​តាម​គន្លង​ដាយ​ក្នុង​ដង​ទន្លេសាប​លែង មាន​ហើយ ដោយសារ​ទឹក​នៅសល់​តិច និង​លែងមាន​លំហូរ ។ តែ​សម្រាប់​ពេលនេះ ការនេសាទ​តាម​គន្លង​ដាយ​នៅតែមាន​សកម្មភាព​។​

​លោក​ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ​ជួល​គន្លង​ដាយ​ត្រី​ពី​រដ្ឋបាល​ជលផល បាន​និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែមករា ថា ពេលនេះ ការចាប់​ត្រី​ធ្វើ​ដោយ​វិធី​កៀរ​ដោយសារ​ទឹក​ហូរ​ខ្សោយ​ក្នុង​រយៈពេល​មួយ​ម៉ោង​លើ​កឌុក​ម្តង​បាន​ត្រី​ពី​៥០ ទៅ​៦០​គីឡូក្រាម ជា​ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក ដែល​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ ៣.០០០​រៀល​។​

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៥ ខែមករា​ថា ទឹក​បឹង​ទន្លេសាប និង ទឹកទន្លេ​មេគង្គ​នៅពេលនេះ មាន​អំណោយផល​ល្អ​ជាង​ឆ្នាំ​២០២០ ដោយសារ​មាន ភ្លៀង​រដូវវស្សា​បានអូសបន្លាយ​ពេល​វែង ធ្វើឱ្យ​ទឹក​ស្រក​ចុះ​យឺត​។ ឯ​ទឹកទន្លេ​មេគង្គ​មាន ចលនា​ជន់​ឡើង​ចុះ​តិចតួច​នៅពេលនេះ មិនមែនជា​ឥទ្ធិពល​ទឹកភ្លៀង​ទេ គឺ ទឹក​ដែល​គេ​បាន​បញ្ចេញ​ពី​តាម​វា​រី​អគ្គិសនី ដើម្បី​ផលិត​ថាមពល​។​

​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃទី​២៥ ខែមករា មាន​កម្ពស់​២.៦០​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤ មករា​០.០២​ម៉ែត្រ​, នៅ​កំពង់ចាម ទឹក​មាន​កម្ពស់​២.៧៤​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤ មករា​០.១០​ម៉ែត្រ​, នៅ​ចតុមុខ​ទឹក​មាន កម្ពស់ ២.៣៨​ម៉ែត្រ ខ្ពស់ជាង​ថ្ងៃទី​២៤ មករា​០.០៦​ម៉ែត្រ​, នៅ​អ្នក​លឿង​ទឹក​មាន កម្ពស់ ១.៩៨​ម៉ែត្រ​ខ្ពស់ ខ្ពស់ជាង​ថ្ងៃទី​២៤​មករា​០.០៨​ម៉ែត្រ​, នៅ​បឹង​ទន្លេសាប​-​កំពង់​លួង ទឹក​មាន​កម្ពស់​២.១៣​ម៉ែត្រ ទាប​ជាង​ថ្ងៃទី​២៤ មករា ០.០៦​ម៉ែត្រ ទាប​ជាង​កម្ពស់ ទឹក​មធ្យម​ច្រើន​ឆ្នាំ​១.២៥​ម៉ែត្រ តែ​ខ្ពស់ជាង​កម្ពស់​ទឹក​ឆ្នាំ​២០២០ ប្រមាណ​ជា ០.៧ ៤ ម៉ែត្រ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular