ប្រែសម្រួលៈវាសនា/បាងកក៖រដ្ឋាភិបាលថៃនៅថ្ងៃចន្ទទី២៥មករានេះ បានអះអាងអំពីការរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៨៧នាក់ និងអ្នកជំងឺកូវីដ១៩ពីរនាក់ទៀតបានស្លាប់។តួលេខឆ្លងនិងស្លាប់ចុងក្រោយនេះធ្វើអោយថៃឥឡូវមានអ្នកឆ្លងវីរុសកូរ៉ូណាឡើងដល់១៣.៦៨៧នាក់ និង៧៥នាក់ស្លាប់ដោយកូវីដ១៩។
ករណីឆ្លងថ្មី១៨៧ករណីនេះ រួមមាន១១៦ករណីរកឃើញតាមរយៈការធ្វើតេស្តិ៍សកម្ម ៦១នាក់ត្រូវបានរកឃើញនៅតាមមន្ទីរពេទ្យនិងគ្លីនិច ហើយ១០នាក់ជាអ្នកទើបចូលមកពីក្រៅប្រទេស។
អ្នកនាំពាក្យរងនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ថៃ បាននិយាយថា អ្នកស្លាប់ម្នាក់ជាបុរសជនជាតិអង់គ្លេស ដែលបានមកដល់ក្រុងបាងកកកាលពីថ្ងៃ២៥ធ្នូ និងត្រូវបានពិនិត្យឃើញកូវីដ១៩កាលពីថ្ងៃ២៩ធ្នូ។បុរសនេះបានស្លាប់កាលពីថ្ងៃអាទិត្យ។
អ្នកស្លាប់ម្នាក់ទៀតជាស្ត្រីថៃអាយុ៥៦ឆ្នាំ ដែលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍នៅខេត្តសាមុត សាខន តែទើបរាយការណ៍នៅថ្ងៃនេះ។
អ្នកនាំពាក្យបានបន្ថែមថាខេត្តសាមុត សាខន មានអ្នកឆ្លងថ្មីច្រើនជាងគេ គឺ៣៥នាក់ បន្ទាប់មកក្រុងបាងកក២០នាក់ ។
ថៃកាលពីថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១៩៨នាក់ ហើយអ្នកជំងឺកូវីដ១៩ម្នាក់ក៏បានស្លាប់ផងដែរ ។ខេត្តសាមុត សាខន មានអ្នកឆ្លងថ្មីច្រើនជាងគេ គឺ៧៦នាក់ បន្ទាប់មកក្រុងបាងកក២១នាក់ និងខេត្តសាមុត ប្រាកាន ១២នាក់៕
មន្ត្រីសុខាភិបាល យកសំណាកសំរាប់ពិនិត្យរកវីរុសកូរ៉ូណានៅផ្សារមួយក្នុងខេត្តសាមុត សាខន កន្លែងដែលការឆ្លងថ្មីមានច្រើនជាងកន្លែងណាៗទាំងអស់នៅថៃ