ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ បានប្រកាសបិទ វគ្គបណ្តុះបណ្តាលគ្រូបង្វឹក តេក្វាន់ដូ កម្រិតមូលដ្ឋាន និងថ្នាក់ជាតិ ឆ្នាំ២០២០កាលពីល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ឯកឧត្តមប្រធានសហព័ន្ធតេក្វាន់ដូ បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ សិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ពីគ្រូឧទ្ទេសជាតិ-អន្តរជាតិ ក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកតេក្វាន់ដូ កម្រិតមូលដ្ឋាន និងថ្នាក់ជាតិឆ្នាំ២០២០ ដើម្បីយកទៅបង្ហាត់បន្តដល់ប្អូនៗកីឡាករ-កីឡាការិនីនៅតាមបណ្តា ក្លឹបឲ្យមានគុណភាពស្តង់ដារអាចប្រកួតប្រជែងបានដែលសកម្មភាពនេះជាការរួមចំណែក ក្នុងការផ្សព្វផ្សាយ និងជួយលើកកម្ពស់វិស័យកីឡាតេក្វាន់ដូ នៅកម្ពុជាបន្តការរីកចម្រើន ទៅមុខបន្ថែមទៀត ពិសេសកុមារ និងយុវជន តាមរយៈការចូលរួមហ្វឹកហាត់កីឡាជាប្រចាំ ដើម្បីបញ្ចៀសពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ជាងនេះទៅទៀត គឺកីឡានាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។
លោកបានបន្តថា ដោយសារភាពរីកចម្រើនទាំងអស់នេះហើយ ទើបកីឡាតេក្វាន់ដូ កំពុងបន្តដំណើរអភិវឌ្ឍជាបណ្តើរៗដូចសព្វថ្ងៃនេះ ហើយគោលដៅធំចំពោះមុខ គឺឆ្ពោះ ទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងឆ្នាំ បន្តបន្ទាប់។
លោក ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធបានឲ្យដឹងថា វគ្គនេះមានសិក្ខាកាមចំនួន ៣០នាក់ សុទ្ធសឹងជាគ្រូបង្វឹកដែលមកពីក្លឹបតាមបណ្តាខេត្តនានា មកពី៧រាជធានី-ខេត្ត ដូចជាខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលសិក្សារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរហើយ។
វគ្គនេះប្រព្រឹត្តទៅដោយមានការគាំទ្រថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្តុះ បណ្តាលនេះ មានគ្រូឧទ្ទេសចំនួន៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេមរា លោក ទួន សាវុធ និងលោក ជាតិ ខេមរា៕/PC