ដោយៈ ជា សីហៈ/ភ្នំពេញៈ សត្វស្វាព្រាមមួយក្បាល ដែលបានជាប់អន្ទាក់របស់ព្រាន បានត្រូវបានមន្ត្រីឧទ្យានុរក្ស ដោយមានការចូលរួមពីភ្នាក់ងារល្បាត សហគមន៍តំបន់ ការពារធម្មជាតិ និងបុគ្គលិកល្បាតរបស់អង្គការ WWF ដែលចុះល្បាតរួមគ្នាពើប ប្រទះនៅចំណុចដៃអូរមួយកន្លែង ស្ថិតក្នុងតំបន់ស្នូលនៃដែនជម្រក សត្វព្រៃភ្នំព្រេច រួចបានជួយសង្គ្រោះឲ្យបានរួចផុតពីគ្រោះថ្នាក់ និងបានលែងឲ្យចូលទៅរស់នៅក្នុង ព្រៃធម្មជាតិវិញ។
មន្ទីរបរិស្ថានខេត្តមណ្ឌលគីរីបានអះអាងថា ការចុះល្បាត និងដោះអន្ទាក់ខាងលើនេះ ធ្វើឡើង ក្នុងប្រតិបត្តិការចុះល្បាតរបស់ក្រុមការងារ នៅក្នុងសប្ដាហ៍ទី២ នៃខែមករា ឆ្នាំ២០២១ ក្នុងនោះក្រុមការងារបានដោះប្រមូល និងសាអន្ទាក់សរុបចំនួន១៦ខ្សែ នៅក្នុងភូមិសាស្ត្រតំបន់អភិរក្ស និងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច។
គួររម្លឹកជូនថា ស្វាព្រាម ជាប្រភេទថនិកសត្វក្នុងក្រុមប្រភេទមានដោយបង្គួរ និងត្រូវបាន ចុះក្នុងបញ្ជីក្រហម IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់។ នៅលើពិភពលោក ស្វាព្រាម កំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ការទាក់ចាប់ ការបាត់បង់ទីជម្រក និងការធ្វើ ពាណិជ្ជកម្ម៕/PC