ដោយ:ពៅនិមល/ភ្នំពេញៈលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាអ្នកធុរកិច្ចក្នុងវិស័យឯកជនដែលមានបំណងចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យាដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈគឺអាចប្រើពេលចំនួន តែបីថ្ងៃប៉ុណ្ណោះ នឹងរួចជាស្ថាពរ។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងដូចេះក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមន្ទីរពាណិជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២៥ មករានេះ។លោករដ្ឋមន្ត្រីបន្តថាក្រសួងពាណិជ្ជកម្មសម្រេចបានលទ្ធផលល្អប្រសើរទាំងការងារផ្តល់សេវាសាធារណៈនិងការងារពាណិជ្ជកម្មក្រៅប្រទេសនិងរកទីផ្សារ។ជាក់ស្ដែងការងារផ្តល់សេវាសាធារណៈក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាប័ណ្ណនាំចេញ នាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម (CAM DX) ដែលទទួលបានការចុះបញ្ជីតែមួយក្នុងរយៈពេលបីថ្ងៃ។
លោកបន្តថា ក្រសួងក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។
ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅខែតុលា ឆ្នាំ២០២០ និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាខែវិច្ឆិកា ឆ្នាំ២០២០។ ជាមួយនោះដែរការចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណរដ្ឋកូរ៉េ ក៏បានដំណើរការយ៉ាងរលូន។
លោកបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាមធ្យម៧ភាគរយជារៀងរាល់ឆ្នាំក្នុងនោះវិស័យពាណិជ្ជកម្មបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការរក្សានូវកំណើនសេដ្ឋកិច្ចនេះ៕សរន