មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​អះអាងថា ការចុះបញ្ជី​ពាណិជ្ជកម្ម​អាច​ប្រើពេល​តែបី​ថ្ងៃ​ប៉ុណ្ណោះ

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ថា​អ្នក​ធុរកិច្ច​ក្នុង​វិស័យ​ឯកជន​ដែលមាន​បំណង​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ដែល​អាច​ភ្ជាប់​ព័ត៌មាន​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​,ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺអាច​ប្រើពេល​ចំនួន តែ​បី​ថ្ងៃ​ប៉ុណ្ណោះនឹង​រួច​ជា​ស្ថាពរ​។​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លើកឡើង​ដូ​ចេះ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​ពាណិជ​កម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៥ មករា​នេះ​។​លោក​រដ្ឋមន្ត្រី​បន្តថា​ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ​ទាំង​ការងារ​ផ្តល់​សេវាសាធារណៈ​និង​ការងារ​ពាណិជ្ជកម្ម​ក្រៅប្រទេស​និង​រក​ទីផ្សារ​។​ជាក់ស្ដែង​ការងារ​ផ្តល់​សេវាសាធារណៈ​ក្រសួង​បាន​អនុវត្ត​ការចេញ​វិញ្ញាបនបត្រ​ប្រភពដើម​ទំនិញ​ជា​អេឡិចត្រូនិក​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ក្នុង​តំបន់​អាស៊ាន និង​ការផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ នាំចូល​វិញ្ញាបនបត្រ​ត្បូង​ពេជ្រ​មិនទាន់​កែច្នៃ (​គឹម​ប័​រលី​ប្រូ​សេស​) ក៏ដូចជា​បាន​ចូលរួម​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​រួម (CAM DX) ដែល​ទទួលបាន​ការចុះ​បញ្ជី​តែមួយ​ក្នុង​រយៈពេល​បី​ថ្ងៃ​។​

លោក​បន្តថា ក្រសួង​ក៏បាន​ជួយ​ដល់​ការចុះបញ្ជី​ម៉ាក​វិញ្ញាតកម្ម “MALYS ANGKOR” ម៉ាក​សម្គាល់​ភូមិសាស្ត្រ “​ម្រេច​កំពត​” បាន​ចូល​ជា​សមាជិក​នៃ​ច្បាប់​ទីក្រុង​ហ្សឺ​ណែវ នៃ​កិច្ចព្រមព្រៀង​លី​ស្បោ​ន ស្តីពី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ និង​បាន​សម្របសម្រួល​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​” “​អំបិល​និង​ផ្កាអំបិល​កំពត​” ក្រូចពោធិ៍សាត់​-​ខេត្តពោធិ៍សាត់​” ជំរុញ​ការប្រើប្រាស់​រូប​សញ្ញា​ជាតិ​នៃ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” “​ស្ករត្នោត​កំពង់ស្ពឺ​” ក្រូចថ្លុង​កោះ​ទ្រង់​” និង​ម៉ាក​សមូហភាព “​គុយទាវ​ភ្នំពេញ​” ព្រមទាំង​រៀបចំ​ចុះបញ្ជី​ម៉ាក​សមូហភាព “​អំបុក​កំពង់ធំ​” “​ពង​ទា​កូន​ខេត្តតាកែវ​” “​នំ​បញ្ចុក​ខេត្តសៀមរាប​” “​ចម្លាក់​ប្រាក់​-​ស្ពាន់ ខេត្តកណ្តាល​” “​ស្មូន​ឆ្នាំងដី​” កំពង់ឆ្នាំង​។

​ចំណែកឯ​ការងារ​ពាណិជ្ជ​កម្ម​ក្រៅប្រទេស និង​រក​ទីផ្សារ​វិញ ក្រសួង​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ខែតុលា ឆ្នាំ​២០២០ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នា​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជាមួយ​នោះដែរ​ការចរចា​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ក៏បាន​ដំណើរការ​យ៉ាង​រលូន​។​

លោក​បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ជា​មធ្យម​៧​ភាគរយ​ជា​រៀងរាល់ឆ្នាំ​ក្នុងនោះ​វិស័យ​ពាណិជ្ជ​កម្មបាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការរក្សា​នូវ​កំណើនសេដ្ឋកិច្ច​នេះ​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular