ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងសាងសង់ផ្លូវថ្មី ភ្ជាប់ចរាចរណ៍ ពីឆ្នេរសុខា ទៅឆ្នេរអូរ ឈើទាល ដោយរ៉បតាមឆ្នេរពយថ្ម តាមុយ មានប្រវែង ១.០៣៤ ម៉ែត្រ និង ទទឹង ១០,២៤ ម៉ែត្រ បានចាប់ផ្តើមសាងសង់ហើយ ជាគម្រោងរបស់ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថាៈ គម្រោងស្ថាបនា ផ្លូវពយតាមុយ មានប្រវែងសរុប ១.០៣៤ ម៉ែត្រ ទទឹង ១០,២៤ ម៉ែត្រ ដែលជាគម្រោងរបស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ សមុទ្រកម្ពុជា បានចាប់ផ្តើមអនុវត្ត ហើយដោយចាក់ដី និងថ្មលប់ឆ្នេរថ្មពយតាមុយ (តំបន់កន្ទុយនាគ) ដើម្បីភ្ជាប់ចរាចរណ៍ ពីផ្លូវឆ្នេរសុខា ទៅឆ្នេរអូរឈើទាល។
គម្រោងផ្លូវថ្មីនេះ នឹងជួយសម្រួលចរាចរណ៍ នៅរង្វង់មូលតោពីរ។ ធម្មតា ចរាចរណ៍ សព្វថ្ងៃ ពីឆ្នេរសុខា ទៅឆ្នេរអូរឈើទាល ត្រូវវង់តាមផ្លូវ ២ ធ្នូ ដល់រង្វង់ មូលតោពីរ រួចបត់ទៅផ្លូវ លេខ៥០០ ឬផ្លូវផែអូរឈើទាល តែផ្លូវថ្មីនេះ តភ្ជាប់ពីផ្លូវ ២ ធ្នូ ត្រង់ចំណុច ជាប់ឆ្នេរសុខា ទៅជាប់ជាមួយផ្លូវ ផែអូរឈើទាល។
រំលឹកឱ្យដឹងថា គម្រោងស្ថាបនាផ្លូវ ៣៤ ខ្សែ នៅខេត្តព្រះសីហនុ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ សម្រេចបានលទ្ធផល ដូចជា ការងារចាក់បេតុងផ្លូវ សម្រេចបាន ១០០ ភាគរយ, ការងារដាក់លូ តាមផ្លូវ សម្រេចបាន ១០០ ភាគរយ, ការងាររៀបចំប្រព័ន្ធលូរណប សម្រេច ១០០ ភាគរយ , ការងាររៀបខឿន ក្រានីត សម្រេចបាន ៩៨,៨៦ ភាគរយ, ការងាររៀបចំ កម្រាលក្រានីត សម្រេចបាន ៩៣,៧៦ ភាគរយ , ការងារដំឡើងបង្គោលភ្លើង តាមដងផ្លូវ សម្រេចបាន ៩៨,០៥ ភាគរយ , ការងារបំពាក់អំពូលភ្លើង តាមដងផ្លូវ សម្រេចបាន ៩១,២៥ភាគរយ , ការងារដាំដើមឈើ និងផ្កាក្រដាស សម្រេចបាន ១០០ ភាគរយ។
គម្រោងសាងសង់ផ្លូវ ចំនួន ៣៤ ខ្សែ នៅក្នុងខេត្តព្រះសីហនុ មានប្រវែងសរុប ជាង ៨០ គីឡូម៉ែត្រ សាងសង់ ដោយក្រុមហ៊ុន ចំនួន ៨ រួមមានៈ ក្រុមហេងសម្បត្តិ ក្រុមហ៊ុន SCE ក្រុមហ៊ុនសាជីវកម្ម ពិស្ណុការអន្តរជាតិ ក្រុមហ៊ុន K.B.H Construction Co.,LTD ក្រុមហ៊ុន VT Engineering Construction ក្រុមហ៊ុនរ៉ូយ៉ាលមេគង្គ ខស្ត្រាក់ សិន&ឌីវើឡុបមែន , កងវិស្វកម្ម សម្តេចតេជោ ហ៊ុនសែនសៀមរាប និងកងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃក្រសួង ការពារជាតិ។
គម្រោងខាងលើនេះ បានបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ខែ វិច្ឆិកា ឆ្នាំ២០១៩ ជាគម្រោងលើកឡើងដោយ គណៈកម្មាធិការ ជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមាន លោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានតាំងពីឆ្នាំ២០១៨ ៕/V-PC