ប្រែសម្រួលៈវាសនា/ប៉េកាំង៖ ក្រោយពីនាវាផ្ទុកយន្តហោះអាម៉េរិកមួយធ្វើដំណើរចូលសមុទ្រចិនខាងត្បូង ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទទី២៥មករានេះបាននិយាយថា អាម៉េរិកច្រើនតែបញ្ជូននាវានិងយន្តហោះចូលមកផ្លូវទឹកមានជម្លោះនេះដើម្បី«បង្ហាញសាច់ដុំរបស់ខ្លួន» តែវាមិនល្អសំរាប់សន្តិភាពទេ។
ក្រុមនាវាផ្ទុកយន្តហោះអាម៉េរិកមួយដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Theodore Roosevelt និងនាវាអមចំនួនបីកាលពីថ្ងៃសៅរ៍បានចូលមកក្នុងដែនទឹកនេះដើម្បីអ្វីដែលអាម៉េរិកអះអាងថាការជំរុញ«សេរីភាពនាវាចរណ៍របស់សមុទ្រ» ។វាបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាម៉េរិកថ្មី ចូ បៃដិន ចូលកាន់តំណែង។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកហ្សាវ លីជាន បានប្រាប់អ្នកយកព័ត៌មានថា « អាម៉េរិកច្រើនតែបញ្ជូននាវានិងយន្តហោះចូលក្នុងសមុទ្រចិនខាងត្បូងដើម្បីសម្ញែងសាច់ដុំរបស់ខ្លួន។វាមិនជាទង្វើឆ្ពោះទៅរកសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ទេ»។
ចិនតែងតែងតវ៉ាប្រឆាំងនឹងការបើកនាវាអាម៉េរិកចូលជិតបណ្តាកោះដែលខ្លួនកាន់កាប់នៅសមុទ្រចិនខាងត្បូង កន្លែងដែលប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ សុទ្ធតែអះអាងកម្មសិទ្ធិត្រួតលើចិន។
ក្រុមនាវាផ្ទុកយន្តហោះនេះបានបង្ហាញខ្លួននៅសមុទ្រចិនខាងត្បូង ចំពេលតៃវ៉ាន់បានអះអាងថា យន្តហោះចិនជាងដប់គ្រឿងបានហោះចូលក្នុងដែនអាកាសរបស់ខ្លួនជាហេតុនាំអោយអាម៉េរិកចេញមកបង្ហាញការគាំទ្រតៃវ៉ាន់ភ្លាមៗ។
រដ្ឋាភិបាលអាម៉េរិកថ្មីរបស់លោកបៃដិន និយាយថា ការប្តេជ្ញាចិត្តរបស់អាម៉េរិកចំពោះតៃវ៉ាន់«រឹងមាំដូចថ្ម»។
តែអ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយអាម៉េរិកគួរតែគោរពតាមគោលការណ៍«ចិនមួយ»៕
នាវាផ្ទុកយន្តហោះ USS Theodore Roosevelt និងនាវាអមបើកចូលសមុទ្រចិនខាងត្បូងកាលពីថ្ងៃ២៣មករា