ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ថ្ងៃនេះ បានជួបសំណេះ សំណាលជាមួយនឹង លោកស្រី ខាមេន មូរ៉េណូ ( Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក កឹម សុខា បានអះអាងនៅក្នុងបណ្តាញសង្គមរបស់លោកថា ជំនួបនេះបានធ្វើនៅ គេហដ្ឋានរបស់លោក នៅក្នុងរាជធានីភ្នំពេញ។លោកបានបញ្ជាក់ថា ” នេះគឺជាជំនួបរវាងខ្ញុំ ជាមួយអ្នកការទូតតំណាងប្រទេសមហាអំណាច ដែលជាមិត្តរបស់កម្ពុជា ដំបូងគេក្នុងឆ្នាំថ្មី ២០២១ នេះ” ។
លោកបានបន្តថា ជំនួបនេះប្រាកដជាមានសារៈសំខាន់ ដោយយើងបានផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និង ព័ត៌មានគ្នាទៅវិញទៅមកចំពោះស្ថានភាពបច្ចុប្បន្ន និង ទៅអនាគត ជាពិសេសនៅឆ្នាំ២០២១នេះ និង ឆ្នាំបន្តរបន្ទាប់ តើកម្ពុជា និងសហគមន៍អឺរ៉ុបអាចមានអ្វីខ្លះ ពាក់ពន្ធ័ជាមួយគ្នា។
លោកបានបញ្ជាក់ទៀតថា “យើងក៏យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើងដើម្បីជាផលប្រយោជន៍របស់ ប្រជាពលរដ្ឋទាំងសងខាង” ។
លោកបានចែករំលែកទៀតថា នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូតក៏បានកោតសរសើរ ផងដែរ ចំពោះការតស៊ូរដោយអត់ធ្មត់របស់លោកដែលឃើញសកម្មភាពរបស់លោក បានជួយ និងជួបជិតស្និតជាមួយប្រជាពលរដ្ននៅតាមបណ្តាខេត្តកន្លងមក និងការប្តេជ្ញាចិត្ត របស់លោក ដែល«នៅជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវ គោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងដោយតម្កល់ផលប្រយោជន៍ ខ្មែរជាធំឥតមានកែប្រែឡើយ»ទាំងកន្លងមក បច្ចុប្បន្ន និង ទៅអនាគត៕/PC/សរន