កម្មករ និយោជិត ជាង ៧០ ម៉ឺន​នាក់ ប្រឈម​នឹង​ហានិភ័យ ក្នុងការ​ធ្វើដំណើរ ប្រចាំថ្ងៃ​

​ដោយៈ ពៅ​និមល / ភ្នំពេញ​: ជា​រៀងរាល់ថ្ងៃ កម្មករ និយោជិត ប្រមាណ​ជាង ៧០ ម៉ឺន​នាក់ កំពុង​ប្រឈម​នឹង​ហានិភ័យ ក្នុងការ​ធ្វើដំណើរ ប្រចាំថ្ងៃ ទៅមក ធ្វើការ​ងារ​លើ​ដងផ្លូវ ដែលមាន​ចរាចរណ៍​មមាញឹក និង​ប្រកបដោយ​គ្រោះថ្នាក់ ដើម្បី​តែ​ជីវភាព​គ្រួសារ​។ នេះ​តាម​ការលើកឡើង​របស់ នាយក​អង្គការ AIP ។​

​នៅក្នុង​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​មន្ត្រី​សហភាព​សហព័ន្ធ និង​សហជីព​កម្មករ និយោជិត កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នេះ លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ប្រចាំ​នៅ​កម្ពុជា (AIP) បានលើកឡើង​ថាៈ ស្ទើរតែ ២០ ភាគរយ នៃ​ជនរងគ្រោះ​ថ្នាក់ ចរាចរណ៍​ទាំងអស់ នៅ​កម្ពុជា គឺជា​កម្មករ និយោជិត (​គ្រប់​វិស័យ​ទាំងអស់ និង​ទាំង​ក្នុងអំឡុងពេល បំពេញការងារ ទៅមក និង​ការធ្វើដំណើរ​ឯកជន​) ហើយ​ភាគច្រើន​ជា​ស្ត្រី​។​

​លោក​បានឱ្យដឹងថាៈ ទាក់ទង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ អង្គការ​លោក កំពុង​កៀរគរ អ្នកដឹកនាំ​សហជីព ដែលជា​អ្នកធ្វើ​ការទាក់ទាញ​មតិ​គាំ​ទ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង នូវ​លក្ខខណ្ឌ​ការងារ សម្រាប់​កម្មករ និយោជិត​។ អ្នកដឹកនាំ ដែល​បាន​ចូលរួម​នេះ នឹង​បាន​សិក្សា អំពី​បរិបទ នៃ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ របស់​កម្មករ និយោជិត និង​ទទួលបាន​ចំណេះដឹង ក្នុងការ​បង្កើន​ការយល់ដឹង សមាជិក​របស់ខ្លួន អំពី​សុវត្ថិភាព នៃ​ការធ្វើដំណើរ​នេះដែរ​។​

​ទាក់ទង​នឹង​បញ្ហា ខាងលើនេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​មានប្រសាសន៍ថាៈ ថ្នាក់ដឹកនាំ​សហព័ន្ធ និង​សហជីព​កម្មករ បាន​ដើរតួនាទី យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ អំពី​ហានិភ័យ នៃ​ឥរិយាបថ ក្នុងការ​ប្រើប្រាស់​ផ្លូវ ដែល​គ្មាន​សុវត្ថិភាព និង​ការការពារ​កម្មករ និយោជិត តាមរយៈ​ការស្វែងរក​មតិ​គាំទ្រ ដើម្បី​បង្កើត និង​អនុវត្ត​គោលនយោបាយ សុវត្ថិភាព​ចរាចរណ៍ ដែលមាន​ប្រសិទ្ធភាព ក្នុង​ការកំរិត​រោងចក្រ​។​

​ជាមួយគ្នានេះ លោកស្រី Pamela Wharton នាយិកា​ស្តីទី កម្មវិធី​ប្រចាំ​ប្រទេស នៃ​មជ្ឈមណ្ឌល សាមគ្គីភាព បានលើកឡើង​ថាៈ ការធ្វើដំណើរ​ប្រកប ដោយ​សុវត្ថិភាព ទៅ​និង​មក ពី​ធ្វើការ គឺជា​សិទ្ធ​មួយ​របស់​កម្មករ និយោជិត ផងដែរ​។ ការបង្កើន​ការយល់ដឹង អំពី​បញ្ហា​នេះ និង​ការគូសបញ្ជាក់ ចំណុច​កែលម្អ ផ្នែក​សុវត្ថិភាព ដែល​ចាំបាច់ ដើម្បី​បង្ការ​គ្រោះថ្នាក់ ពេលធ្វើ​ដំណើរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដើម្បី​ធានា​ឱ្យបាន​នូវ លក្ខខណ្ឌ​ការងារ សមស្រប សម្រាប់​កម្មករ កម្ម​ការ​នី រោងចក្រ នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា សិក្ខាសាលា​បណ្តុះបណ្តាល ខាងលើ ជា​ផ្នែក​មួយ នៃ​កម្មវិធី​លើកកម្ពស់ សុវត្ថិភាព​ចរាចរណ៍ សម្រាប់​កម្មករ និយោជិត​កម្ពុជា ដែល​ទទួលបាន ការគាំទ្រ​ពី​ទីភ្នាក់ងារ ជំនួយ​អាម៉េរិក (​យូ​សេត​= USAID) តាមរយៈ​មជ្ឈមណ្ឌល​សាមគ្គីភាព អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ក្នុង​គោលបំណង ដើម្បី​បង្កើន​ការ យល់ដឹង​បន្ថែម អំពី​សុវត្ថិភាព​ចរាចរណ៍ ដល់​មន្ត្រី​បច្ចេកទេស ទទួលបន្ទុក​ការងារ​អប់រំ ផ្សព្វផ្សាយ ដែល​អញ្ជើញ​មកពី សហភាព​សហព័ន្ធ និង​សហជីព​កម្មករ សម្រាប់​ជា​មូលដ្ឋាន ក្នុង​ការងារ​អប់រំ​ផ្សព្វផ្សាយ​បន្ត ក៏ដូចជា សម្រាប់​បង្កើត​កម្មវិធី​ផ្សេងៗ សំដៅ​លើកកម្ពស់​សុវត្ថិ​ភាព ក្នុងការ​ធ្វើដំណើរ​រប​ស់កម្មករ និយោជិត​៕/V​.mara

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular