ដោយ៖កញ្ញារស្មី/ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី ២៥ខែមករា ឆ្នាំ២០២១ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍សឃ្វែរ មានទំហំសរុប៣៥.០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជ កម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ… ដែលបានទីតាំងក្នុងទីក្រុងកោះពេជ្រ ខណ្ឌចំការមន។
ក្នុងឱកាសនោះលោកឃួង ស្រេង បានមានប្រសាសន៍ថា គម្រោងនេះ គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះ ការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំងផលិតផលម៉ាក់ល្បីៗលំដាប់ពិភពលោក ។ ក្នុងគមោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការនិងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកអភិបាលរាជធានីសូមចូលរួមគាំទ្រ បង្កលក្ខណៈ ទទួលស្វាគមន៍ និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ “Prince Square” ពណ៌មាសក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មីនៃពាណិជ្ជកម្មនៅភ្នំពេញ។
លោក ស្តេវេន វាង ( Steven Wang) នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងថា Prince Squareបានវិនិយោគធនធានមនុស្ស និងធនធានសម្ភារៈជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។
លោក បានបន្តផងដែរថា ក្រុមហ៊ុន រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំង អស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅមក អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា៕