ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងលោក អ៊ុយ រី បានលើកឡើងថាដល់ពេលដែលត្រូវរៀប រយបរិស្ថានទីក្រុង,សោភ័ណភាពទីក្រុង,សណ្ដាប់ធ្នាប់ទីក្រុងហើយ ។លោកបានបន្តថាយើងពិតជាទទួលស្គាល់ថាអ្នករស់នៅក្នុងសហគមន៍សំណង់បណ្តោះអាសន្ននៅក្នុងក្រុងបាត់ដំបងវាគឺជាសំណល់នៃសង្គ្រាមបង្កើតឡើង ។ ប៉ុន្តែក្រោយបញ្ចប់សង្គ្រាមនៅក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនយើងក៏បានដោះស្រាយជូនបងប្អូនជាបន្តបន្ទាប់ក្នុងការផ្លាស់ប្តូរទីលំនៅពីការរស់នៅលើដីចំណីផ្លូវ ដីចំណីលូ ដីចំណីសួនឬដីចំណីស្ទឹង ។ក៏ប៉ុន្តែបងប្អូនមួយចំនួនមានការទាមទារហួសពីសមត្តភាពដែលរដ្ឋបាលខេត្តមាន ។
លោក អ៊ុយ រី បានលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិស ដៅការងារបន្ដរបស់ខេត្ដបាត់ដំបង»ដែលរៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ២៥ ខែ មករា ២០២០ ។
លោក អ៊ុយ រី បានឲ្យដឹងថាក្រោយពេលបញ្ចប់សង្គ្រាមក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន លោកធ្លាប់បានធ្វើជំរឿនម្ដងហើយនៅក្រុងបាត់ដំបងគឺ មានអ្នករស់នៅសំណង់បណ្ដោះអាសន្នចំនួន ១,៨៧៥ គ្រួសារ ហើយរដ្ឋបាលខេត្តក៏បានរៀបចំការដោះស្រាយជាបន្តហូរហែមកតាំងពីយើងឆ្នាំ១៩៩៩ ,២០០០ មករហូត ។ លោកបន្តថាគណៈអភិបាលកំពុងអភិវឌ្ឍខេត្តវាអាចមានបញ្ហាខ្លះធម្មតាទេការទាមទារវាត្រូវតែទាមទារហើយប៉ុន្តែលទ្ធភាពដោះស្រាយគឺវាទៅតាមលទ្ធភាពដែលយើងមានបើប្រៀបធៀបជាមួយនឹងបងប្អូនដទៃទៀតនៅក្នុងចំណោមប្រជាជន ១,៨៧៥ គ្រួសារអ្នករសើនៅដីចំណីមាត់ស្ទឹងនេះទទួលបានការដោះស្រាយមួយយ៉ាងសាកសម,ហើយដី មាត់ស្តឹងសង្កែនេះទៀតសោតក៏ជាហានិភ័យមួយផងដែរជាក់ស្តែងឆ្នាំ ២០២០ កន្លងទៅនេះដីមាត់ស្ទឹងសង្កែនេះត្រូវបានជន់លិច ។
គួររំលឹកថាអាជ្ញាធរខេត្តបាត់ដំបងបានណែនាំពលរដ្ឋប្រមាណ២៣គ្រួសារដែលកំពុងរស់នៅលើសំណង់បណ្តោះអា សន្ននៃចំណីមាត់ស្ទឹងសង្កែឲ្យរុះរើចេញដើម្បីអភិវឌ្ឍទីនោះ ឲ្យមានសោភណភាពដោយផ្អែកលើការស្ម័គ្រចិត្តនិងមិនបានបង្ខំពលរដ្ឋដូចការលើកឡើងរបស់អ្នកញុះញង់មួយចំនួននោះទេ។
លោក សឿម ប៊ុនរិទ្ធី អភិបាលរងខេត្តបាត់ដំបងបានឲ្យដឹងថាពលរដ្ឋភាគច្រើនបានយល់ព្រមរុះរើចេញពីទីនោះប៉ុន្តែមានពលរដ្ឋខ្លះមិនទាន់យល់ព្រោះមានអ្នកទៅឃោសនាញុះញង់ក្នុងចេតនារារាំងមិនឲ្យខេត្តអភិវឌ្ឍទៅបាន។
លោក សឿម ប៊ុនរិទ្ធី ថ្លែងថា៖ «គាត់ឃោសនាទៅបំប៉ោងអីចេះ បំប៉ោងអីចុះទៅ ប៉ុន្តែគាត់អត់បានយល់ច្បាស់អំពីការងារហ្នឹងហើយគាត់ចេះតែទាមទារអីតាមអំពើចិត្ត ។ កាពិតគាត់រស់នៅលើដីចំណីស្ទឹងវាខុសច្បាប់មួយហើយគាត់ទាមទារមើលតែរបស់ហ្នឹងជាកម្មសិទ្ធិរបស់គាត់» ។លោកបន្តថាពាក់ព័ន្ធករណីនេះគឺមានការជួបពិភា ក្សាគ្នាត្រឹមត្រូវ ពោលគឺអាជ្ញាធរហៅអញ្ជើញគ្រួសារពលរដ្ឋទាំងនោះមកជួបជុំគ្នាដើម្បីពន្យល់ណែនាំដោយដោះដូរជូនពលរដ្ឋឱ្យទៅនៅលើគម្រោងដីសង្គមកិច្ចត្រឹមត្រូវ។ ដោយរដ្ឋបាលខេត្តបានការជាមួយដៃគូអភិវឌ្ឍន៍គឺអង្គ ការលំនៅដ្ឋានសម្រាប់មនុស្សជាតិដោយផ្តល់ដីនិងផ្ទះសម្រាប់ធ្វើការដោះដូរទំហំដីដែលយើងរៀបចំហ្នឹងនៅសង្កាត់ព្រែកព្រះស្តេចម្តុំសួនច្បារក្រោយផ្សារ១៣ មករា គឺទំហំ ៤ ម៉ែត្រកន្លះ គុណ ៨ ម៉ែត្រ ទីនោះមានទឹកភ្លើងផ្លូវត្រឹមត្រូវមានផ្តល់លំនៅឋានហើយជាក់ស្តែងទីតាំងនៅចំកណ្តាលក្រុងទៀតផង។
បើតាមលោក ប៊ុនរិទ្ធី ជួនកាលពលរដ្ឋខ្លះជឿតាមការញុះញង់របស់ជនមួយចំនួនបង្កជាឧបសគ្គដល់ការអភិវឌ្ឍរបស់ខេត្ត ហេតុនេះអាជ្ញាធរខេត្តមិនអាចទទួលយកបានទេ ព្រោះការធ្វើកិច្ចអភិវឌ្ឍន៍នេះមិនធ្វើដើម្បីអ្នកណាម្នាក់ឡើយគឺដើម្បីតែប្រយោជន៍សាធារណៈប៉ុណ្ណោះ។ លោកបានឲ្យដឹងថាពលរដ្ឋដែលរស់នៅលើសំណង់មិនរៀបរយលើមាត់ស្ទឹងសង្កែមានទាំងអស់ ២៣ គ្រួសារ ក្នុងនោះមានពលរដ្ឋមិនព្រមទទួលយកប្រមាណ ៦ គ្រួសារប៉ុណ្ណោះបានដើរញុះញ៉ង់មិនឲ្យអ្នកទាំងអស់នោះមិនឲ្យទទួលយកនូវ អ្វីតាមការរៀបចំរបស់រដ្ឋបាលខេត្ត ។
លោក សឿម ប៊ុនរិទ្ធី បានលើកឡើងថារដ្ឋបាលខេត្តមានគម្រោងរៀបចំអភិវឌ្ឍន៍សួនច្បារនៅតាមមាត់ស្ទឹងសង្កែ ដើម្បីលើកសោភ័ណ្ឌភាពខេត្តដែលជាខេត្តមួយសំបូរទៅដោយអគារនិងសំណង់ផ្ទះល្វែងដែលបន្សល់ទុកតាំងពីសម័ យបារាំង និង ផ្ទះបុរាណដែលបន្សល់ទុលពីសម័យលោកម្ចាស់ដែលមានអាយុកាលជា១០០ឆ្នាំមកហើយ ។ បច្ចុប្បន្នយើងមាននៅសល់ផ្ទះជាង ៨00 ខ្នង ហើយយើងចង់រៀបចំតំបន់នេះឲ្យមានសោភ័ណ្ឌភាពភ្ជាប់ទៅសួនច្បារនៅតាមមាត់ស្ទឹង ដែលជាទីប្រជុំជនមួយដ៏កុះករ និង ទាក់ទាញ ។
លោក សឿម ប៊ុនរិទ្ធី បានបន្តថារដ្ឋបាលខេត្តពិតជាបានគិតគូដោះស្រាយជូនបងប្អូនយ៉ាងសាកសមហើយបងប្អូនរស់នៅលើសំណង់នេះបានរយៈពេល១០ឆ្នាំវានឹងក្លាយជាកម្មសិទ្ធិស្របច្បាប់ដែលបងប្អូនអាចរស់នៅតកូនត ចៅ ។ តែបើបងប្អូនរស់នៅលើសមណង់បណ្តោះអាសន្នគឺបងប្អូនមិនអាចទទួលបានកម្មសិទ្ធិស្របច្បាប់នោះទេ ព្រោះបងប្អូនរស់ នៅលើដីសាធារណៈរបស់រដ្ឋ រដ្ឋអាចយកនៅពេលណាមួយដែលជាតំរូវការអភិវឌ្ឍខេត្ត ។ លោកបានបន្តថាខេត្តបាត់ដំបងគឺជាក្រុងមួយស្ថិតក្នុងចំណោមក្រុងចំនួន៣ ដែល ត្រូវបានប្រមុខរាជរដ្ឋាភិបាលដាក់ទៅក្នុងបេក្ខភាពទីក្រុងស្មាតស៊ីធីអាស៊ាន ដែលមានក្រុង២ ទៀតគឺក្រុងសៀមរាប និងក្រុងព្រះសីហនុ ។ លោកបន្តថាក្រុងសៀមរាប និង ក្រុងព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលវិនិយោគក្នុងទំហំទ្រង់ទ្រាយធំដោយទឹកប្រាក់ដ៏ច្រើនក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធនៅតែខេត្តបាត់ដំបងមិនទាន់បានវិនិយោគតែយើង ក៏ត្រូវរៀបចំខ្លួនដើម្បីចូលរួមប្រឡងទីក្រុងស្អាតផងដែរ ៕