ដោយ: បាយ័ន / សៀមរាប: នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី អ៊ុន វុនលី បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានថ្មថ្មីវត្តពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
លោកឧកញ៉ា សៀង ណាំ បាននិយាយថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងខេត្តសៀមរាប មានការរីកចម្រើនឡើង ជាក់ស្តែងនៅក្នុងក្រុងសៀមរាបយើងនេះ រាជរដ្ឋាភិបាលបានដំណើរការពង្រីកផ្លូវនានាក្នុងក្រុងសៀមរាបចំនួន៣៨ខ្សែ។ ជាក់ស្តែងថ្ងៃនេះយើងមានស្ពានថ្មថ្មីស្រឡាងមួយ បានសម្ពោធដាក់អោយបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីសម្រួលដល់ការធ្វើដំណើរនានា។
នៅក្នុងឱកាសនោះដែរ លោកឧកញ៉ា សៀង ណាំ បានចូលរួមបច្ច័យចំនួន៨លានរៀល សម្រាប់កសាងវត្តពោធិបន្ទាយជ័យ៕