ដោយ: មុនីរ័ត្ន / ភ្នំពេញ: កម្ពុជា និងឥណ្ឌា ជម្រុញឲ្យមានសន្ធិសញ្ញាពាណិជ្ជកម្មសេរី ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការសិក្សា និងជម្រុញឲ្យអនុវត្តសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីជម្រុញឲ្យចំនួនវិនិយោគទុន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពកាន់តែរីកចំរើនបន្ថែមទៀត។ ការជម្រុញនេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គោដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៏ឲ្យដឹងថា នៅក្នុងជំនួបឯកអគ្គរដ្ឋទូតឥណ្ឌាបានបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានស្រាប់ឲ្យកាន់តែមានកម្រិតកាន់តែខ្ព់ស់ឡើង ប្រកបដោយផ្លែផផ្កាបន្ថែមទៀត ចាប់ពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម វិស័យអប់រំ និងយោធា…។
អ្នកនាំពាក្យបន្តថា ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលកន្លងមកមានកយន្តការផ្នែកការទូត គឺមានគណៈកម្មការចម្រុះទ្វេភាគី ដែលបានជួបប្រជុំគ្នាចំនួនពីរដងហើយ។ ដោយលើកទី៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការចម្រុះ ក៏ជម្រុញឲ្យមានទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈស៊ីជម្រៅ បន្ថែមពីនេះ ក៏មានយន្តការពិគ្រោះពិភាក្សានៃក្រសួងការបរទេសប្រទេសទាំងពីរផងដែរ។
លោកកុយ គួង បន្តថា ទាក់ទងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា កាលពីឆ្នាំ២០១៨ គឺមានទំហំពាណិជ្ជកម្មជាង ២០០លានដុល្លារ ដោយនៅពេលនោះ ឥណ្ឌាបានផ្តល់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម គឺទំហំពាណិជ្ជកម្មមានការកើនឡើងពី ២០៥លានដុល្លារ (ឆ្នាំ២០១៨) រហូតដល់ ២៥៥លានដុល្លារនៅក្នុងឆ្នាំ២០១៩។ ប៉ុន្តែប្រទេសទាំងពីរក៏ជម្រុញឲ្យមានសន្ធិសញ្ញាពាណិជ្ជកម្មសេរី ដែលប្រទេសទាំងពីរកំពុងតែធ្វើការសិក្សា និងជម្រុញឲ្យអនុវត្តនៅសន្ធិសញ្ញាវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីជម្រុញឲ្យចំនួនវិនិយោគទុន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យមានភាពកាន់តែរីកចំរើនបន្ថែមទៀត។
ក្រៅពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ភាគីទាំងពីរក៏បានពិភាក្សាខាងវិស័យកងទ័ព ដោយកន្លងមកបានផ្លាស់ប្តូរទស្សនកិច្ចគ្នា ហើយកន្លងមកភាគីឥណ្ឌាបានគោរពអញ្ជើញលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅឥណ្ឌា តែដោយសារបញ្ហាកូវីដមានការអាក់ខាន ប៉ុន្តែកំពុងពិនិត្យលទ្ធភាពដែលត្រូវទៅបំពេញទស្សនកិច្ចនៅពេលខាងមុខនេះ។