Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព​មន្ត្រី អំពី​នីតិវិធី នៃ​ការផ្ដល់សេវា​

ដោយ​: សុផល / ភ្នំពេញ​: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​វគ្គ​បណ្ដុះបណ្ដាល ស្ដីពី​បែបបទ និង​នីតិវិធី នៃ​ការផ្ដល់សេវា​រដ្ឋបាល ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ផ្លូវគោក ដល់​មន្ត្រី​របស់ខ្លួន ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម លើ​ជំនាញ​ផ្ដល់​សេវា និង ជំរុញ​ការធ្វើ​ទំនើបកម្ម ប្រព័ន្ធ​អភិបាលកិច្ច ថ្នាក់ក្រោម​ជាតិ និង​កែលម្អ​ការផ្ដល់​សេវាសាធារណៈ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ធ្វើឡើង​នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ដោយមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ ក្នុង​អង្គភាព ក្រោម​ឱវាទ​ក្រសួង និង​ថ្នាក់ដឹកនាំ​និង មន្ត្រី​នៃ​ច្រកចេញ​-​ចូល តែមួយ​។​

​លោក សួន រចនា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្លូវគោក និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មការ​ដឹកនាំ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថាៈ វគ្គ​បណ្ដុះបណ្ដាល​នេះ ធ្វើឡើង ដើម្បី​សម្រេច​ឱ្យបាន​នូវ គោលដៅ​ជាតិ​សំខាន់ៗ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ ថ្នាក់ក្រោម​ជាតិ បង្កើន​ការយល់ដឹង ពង្រឹងសមត្ថភាព​បន្ថែម ដល់​មន្ត្រី​ផ្ដល់​សេវា ជំរុញ​ការធ្វើ​ទំនើបកម្ម ប្រព័ន្ធ​អភិបាលកិច្ច ថ្នាក់ក្រោម​ជាតិ និង​កែលម្អ ការផ្ដល់​សេវាសាធារណៈ ប្រកបដោយ គុណភាព គណនេយ្យភាព និង​តម្លាភាព រួមចំណែក​ដល់ ការលុបបំបាត់ ភាពក្រីក្រ ក្នុងសង្គម ស្របតាម​គោលនយោបាយ និង​ចក្ខុវិស័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក សួន រចនា រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្លូវគោក និង​ជា​អនុប្រធាន​ប្រចាំការ នៃ​គណៈកម្មការ​ដឹកនាំ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ

​លោក​រដ្ឋលេខាធិការ បាន​គូសបញ្ជាក់ថាៈ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ក្នុង​ពិភពលោក កំពុងមាន​ការី​ចម្រើន យ៉ាង​ឆាប់រហ័ស ជាពិសេស​ក្នុង​យុគសម័យ បដិវត្តន៍​ឧស្សាហកម្ម ជំនាន់ ៤.០ ហើយ​ត្រូវបាន​គេ​ប្រើប្រាស់ យ៉ាង​ទូលំទូលាយ ក្នុង​ប្រព័ន្ធគ្រប់គ្រង​ការងារ ការបែងចែក ការងារ ការគ្រប់គ្រង​ទិន្នន័យ និង​ការប្រាស្រ័យ ទាក់ទង​ជា​សាធារណៈ​។​

​ជាមួយគ្នា​នោះ​ផងដែរ លោក​រដ្ឋលេខាធិការ បាន​បន្តថាៈ បច្ចុប្បន្ន តាមរយៈ​ការបណ្ដុះបណ្ដាល ជា​ជំហានៗ នៅ​ថ្នាក់ក្រោម​ជាតិ បាននិងកំពុង​ប្រើប្រាស់ ប្រព័ន្ធ​ព័ត៌មានវិទ្យា ជា​បណ្ដើរៗ ដើម្បី​ផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ សំដៅ​ឈានទៅ​បំបាត់ ប្រព័ន្ធ​រដ្ឋបាល ដែល​ប្រើប្រាស់​ក្រដាស​ស្នាម និង​កាត់បន្ថយ​ការជួប​ប្រាស្រ័យ ទាក់ទង​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ ដែលជា​ហេតុ​ធ្វើឱ្យ ការផ្ដល់​សេវាសាធារណៈ មាន​ភាពយឺតយ៉ាវ គ្មាន​តម្លាភាព និង​បង្ក​ការលំបាក ដល់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក​រដ្ឋលេខាធិការ បាន​សម្តែង​ក្តីសង្ឃឹម យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់ នឹងមាន​សមត្ថភាព អាច​ប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា របស់​ក្រសួង ដើម្បី​ផ្ដល់​សេវាសាធារណៈ ជូន​ប្រជាពលរដ្ឋ បាន​លឿន​រហ័ស ជាង​មុន​ទ្វេដង​ថែមទៀត បន្ទាប់ពី​បញ្ចប់​ការបណ្ដុះបណ្ដាល នេះ​ទៅ​។​

​លោក​បាន​ផ្ដាំ​ផ្ញើឱ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ស្វែងយល់ ចូលរួម​ជា​សំណួរ និង​មតិយោបល់ ឱ្យបាន​ផុលផុស ដើម្បី​ស្វែងរក ចំណុចខ្លាំង និង​ចំណុចខ្សោយ ក៏ដូចជា ដើម្បី​ស្វែងយល់ ពី​គន្លឹះ​ដ៏​សំខាន់ៗ និង​ល្អៗ​បន្ថែមទៀត សំដៅ​ឱ្យ​ការផ្ដល់ សេវាសាធារណៈ ជូន​បងប្អូន ប្រជា​ល​រដ្ឋ កាន់តែ​លឿន មាន​ប្រសិទ្ធភាព និង​តម្លាភាព​ថែមទៀត​។​

​លោក​រដ្ឋលេខាធិការ បាន​ក្រើនរំឭក ដល់​សិក្ខាកាម​ទាំងអស់ ឱ្យមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ជាមួយនឹង​មេរោគ​កូ​វីដ​-១៩ ជាពិសេស​ត្រូវអនុវត្ត តាម​ក្បួន​អនាម័យ និង​វិធាន​ការការពារ របស់​ក្រសួងសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន ទោះបី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា មាន​ភាពស្ងប់ស្ងាត់ និង​ពិភពលោក បាន​ផលិត​វ៉ាក់សាំង បង្ការ​ជំងឺ​នេះ ប្រកបដោយ​ជោគជ័យ ក៏ដោយ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular