Home ព័ត៌មានជាតិ សង្គម ​ដំណាក់កាល​ទី...

​ដំណាក់កាល​ទី​២ នៃ​គម្រោង​ស្រាវជ្រាវ ឡ​ដុត​កុលាលភាជន៍ នៃ​ប្រាសាទ​កោះ​កេរ​

ដោយ​: បាយ័ន / ព្រះវិហារ​: គម្រោង​សិក្សា​ស្រាវជ្រាវ ឡ​ដុត​កុលាលភាជន៍​គោគ​ដី​ឆ្នាំង ដំណាក់កាល​ទី​២ ក្នុង​រមណីយដ្ឋាន ប្រាសាទ​កោះ​កេរ ត្រូវបាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ សហការ​ជាមួយ សាកលវិទ្យាល័យ Waseda នៃ​ប្រទេស​ជប៉ុន បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​។ នេះ​បើតាម​ការបញ្ជាក់​អោយដឹង ពី​អាជ្ញាធរ​ជាតិ​ព្រះវិហារ នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១​នេះ​។​

​លោក ភិន សំណាង មន្ត្រី​បច្ចេកទេស​បុរាណវិទ្យា នៃ​នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានបញ្ជាក់​ថាៈ គម្រោង​សហ​ប្រតិការ សិក្សា​ស្រាវជ្រាវ លើ​ឡ​បុរាណ​នេះ មាន​រយៈពេល ពីរ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃទី​២៥ ខែមករា ដល់​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ជំនួយ​ថវិកា​ពី Waseda University និង Japan Government Fund​។​

​លោក​បាន​បន្តថាៈ ការធ្វើ​កំណាយ​បុរាណវិទ្យា ដោយ​សហការ​ជាមួយ​អ្នកជំនាញ ផ្នែក​ស្រាវជ្រាវ លើ​កុលាលភាជន៍​ខ្មែរ និង​ចិន Dr. Yukitsugu Tabata អញ្ជើញ​មកពី សាកលវិទ្យាល័យ Waseda University នៃ​ប្រទេស​ជប៉ុន ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម លើ​ស្ថានីយ៍​ឡ​បុរាណ​គោគ​ដី​ឆ្នាំង ក្នុង​រមណីយដ្ឋាន ប្រាសាទ​កោះ​កេរ​។​

​លោក​បាន​បញ្ជាក់ទៀតថាៈ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រុមមន្ត្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ បានធ្វើ​កំណាយ​លើក​ទី​១ ម្តង​រួចមកហើយ តែ​ពុំទាន់​រកឃើញ នូវ​រចនាសម្ព័ន្ធ នៃ​សំណង់​ឡ​ដុត កុលាលភាជន៍​បុរាណ ដោយ​រក​ឃើញតែ​សម្ភារៈ​ខូចខាត នៃ​ឡ ដែល​គេ​បាន​បោះចោល មានដូចជា បំណែក​ជញ្ជាំង​ឡ បំណែក​កំណល់​ទ្រ​ដុត​ក្បឿង និង​ក្បឿង រួមទាំង​បំណែក​ភាជន៍ ជាច្រើន​សន្ធឹកសន្ធាប់​ទៀត​។ ក្នុង​គម្រោង​សហប្រតិបត្តិការ ស្រាវជ្រាវ​លើក​ទី​២​នេះ ក្រុមការងារ មានបំណង​ធ្វើ​កំណាយ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ នូវ​ស្នាក​ស្នាម នៃ​រចនាសម្ព័ន្ធ សំណង់​ឡ​បុរាណ ចងក្រង​ទុកជា​ឯកសារ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular