ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ តាមសំណើរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំជំនួយវ៉ាក់សាំង ចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា គឺភាគីឥណ្ឌា កំពុងតែធ្វើការជាមួយ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីពិនិត្យនូវ ភាពចាំបាច់ថា តើក្រសួងសុខាភិបាល ត្រូវការអ្វីខ្លះ? ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គោដ (Devyani Uttamkhobragade) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សា ការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស។
អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថាៈ “តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា អំពីវ៉ាក់សាំង ចាក់ការពារជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា តាមការបញ្ជាក់របស់ ឯកអគ្គរដ្ឋទូតឥណ្ឌា គឺឥណ្ឌា កំពុងតែធ្វើការទាក់ទង ជាមួយក្រសួងសុខាភិបាលយើង ដើម្បីពិនិត្យនូវភាពចាំបាច់ថា តើក្រសួងសុខាភិបាល ត្រូវការអ្វីខ្លះ?”។
សូមជម្រាបថា នៅក្នុងជំនួបពិភាក្សា រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងលោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចតេជោ បានស្នើសុំជំនួយ វ៉ាក់សាំង ចាក់ការពាជំងឺកូវីដ-១៩ ពីប្រទេសឥណ្ឌា។ សំណើនេះ ត្រូវបានសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើតាមរយៈឯកអគ្គរដ្ឋទូត ទៅកាន់ នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Damodardas Modi ព្រោះប្រទេសឥណ្ឌា បានផលិតវ៉ាក់សាំងកូវីដ១៩ បានដោយខ្លួនឯង ហើយគ្រោងនឹងចាក់ជូន ប្រជាពលរដ្ឋ របស់ខ្លួន ជាង ៣០០ លាននាក់ នៅក្នុងឆ្នាំនេះ៕/V