ប្រែសម្រួលៈវាសនា/ហ្សាការតា៖ ឥណ្ឌូនេស៊ី បានចាប់នាវាដឹកប្រេងអ៊ីរ៉ង់មួយនិងនាវាប៉ាណាម៉ាមួយ ដោយសារសង្ស័យថាពួកវាមានជាប់ពាក់ព័ន្ធនឹងការលួចដឹកជញ្ជូនប្រេងខុសច្បាប់នៅក្នុងដែនទឹកអាស៊ីអាគ្នេយ៍ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃចន្ទ។
នាវាដឹកប្រេងដោតទង់អ៊ីរ៉ង់ MT Horse និងនាវាដោយទង់ប៉ាណាម៉ា MT Freya កាលពីថ្ងៃអាទិត្យត្រូវបានគេប្រទះឃើញនៅឯនាយឆ្នេរកោះកាលីម៉ាន់តាន់ របស់ឥណ្ឌូនេស៊ី និងក្រោយមកត្រូវបានឃាត់ដោយសារពួកវាមិនបានឆ្លើយតបនឹងការហៅតាមវិទ្យុទាក់ទង។
ទីភ្នាក់ងារសន្តិសុខសមុទ្រឥណ្ឌូនេស៊ីបាននិយាយថា ពួកនាវិកនៃនាវាទាំងនេះត្រូវគេសង្ស័យថាបានរំលោភជាច្រើនករណី រួមមានការមិនបង្ហាញទង់ជាតិរបស់នាវា បិទប្រព័ន្ធសំគាល់អត្តសញ្ញាណរបស់គេដើម្បីគេចចេញពីការចាប់សញ្ញាបាន និងដឹកជញ្ជូនប្រេងដោយខុសច្បាប់។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារបាននិយាយថា«យើងបានឃាត់ទុកនាវា២កាលពីម្សិលមិញ និងកំពុងសាកសួរពួកនាវិកកប៉ាល់»។
ក្នុងពេលជាមួយគ្នា ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយថា ខ្លួនបានទទួលដំណឹងអំពីការឃាត់ទុកនាវានេះហើយនិងកំពុងរង់ចាំព័ត៌មានបន្ថែម។អ្នកនាំពាក្យក្រសួងបានបដិសេធមិនព្រមនិយាយថាតើការឃាត់នាវានេះមានជាប់ទាក់ទងនឹងការដែលអ៊ីរ៉ង់កំពុងចាប់ឃាត់ទុកនាវាដឹកប្រេងមួយរបស់កូរ៉េខាងត្បូងនៅខែនេះដែរឬអត់។
រដ្ឋាភិបាលអាម៉េរិករបស់ប្រធានាធិបតី ដូណាល់ ត្រាំតែងតែចោទប្រកាន់អ៊ីរ៉ង់ថាព្យាយាមបិទបាំងការលក់ប្រេងរបស់ខ្លួនដើម្បីគេចេញពីទណ្ឌកម្មរបស់អាម៉េរិក៕
រូបពីអាកាសថតថ្ងៃ២៤មករា បង្ហាញនាវាអ៊ីរ៉ង់ដែលត្រូវឃាត់ទុក ដោយសារសង្ស័យថាដឹកប្រេងខុសច្បាប់