ឆ្នាំជូត
រាសីល្អជាមធ្យម។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេ ពិសេសស្ត្រីបើលោកអ្នកសម្រេចចិត្តអ្វីមួយខុសហើយតែងនាំបញ្ហាមកជាន់កថែមទៀត។ដូច្នេះមុនធ្វើអ្វីលោកអ្នកត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយមិនអាចធ្វេសប្រហែសបានឡើយ។ក្រៅពីនេះការបំពេញការងារលោកអ្នកត្រូវប្រឹងប្រែង ហើយដាច់ខាតមិនត្រូវបោះបង់ការងារឡើយព្រោះវានឹងហុចផ្លែផ្កាល្អៗមកពេលក្រោយវិញជាក់ជាពុំខាន។បើជាអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំកុំគប្បីជ្រួលជ្រើមមិនមើលអាត្មាខ្លួនប្រយ័ត្នផុងខ្លួនហើយត្រូវគ្រាំគ្រាអស់មួយជីវិត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះឱ្យប្រយ័ត្នការដំណើរការងារឬសម្រេចចិត្តអ្វីមួយពីព្រោះថាតែងផ្តល់ផលមិនល្អមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមព្រោះងាយធ្លាក់ក្នុងឧបាយកលគេណាស់។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតការឈ្លោះវិវាទឈានដល់ការបែកបាក់ណាមួយកើតឡើង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។លោកអ្នកកើកតឆ្នាំខ្លានៅខែនេះអាចសម្រុកការងារបានហើយពីព្រោះថាឆ្លងដល់ខែក្រោយកិច្ចការងារច្រើនក៏កំពុងរង់ចាំផងដែរ។ក្រៅពីនេះទាំងស្ត្រីបុរសលោកអ្នកអាចមានដំណឹងល្អណាមួយសប្បាយចិត្តថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើន ហើយពិសេសប្រយ័ត្នមានជម្លោះវិវាទព្រោះតែការដណ្តើមអតិថិជនគ្នា។
រីឯសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការរីកលូតលាស់និងផ្អែមល្ហែមប្រពៃ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តប្រកបការងារឬចុះធ្វើអ្វីមួយពីព្រោះថាផលតែងឆ្លើយតបគ្រាន់កក់ក្តៅ។ក្នុងថ្ងៃនេះដែរបើលោកអ្នកចង់ទំនាក់ទំនងការងារអ្វីគប្បីប្រញាប់ប្រញាល់ពីព្រោះថាផលល្អៗមានច្រើនជាងអាក្រក់ជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងហុចផ្លែផ្កាល្អៗមកវិញជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំរោង
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំរោងពិសេសបុរសកើតនៅឆ្នាំ១៩៧៦មានការប្រែប្រួលផ្លាស់ប្តូរច្រើននាពេលនេះគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។បើមានកិច្ចការងារអ្វីបង្កមានកំហុសឬភ្លាំងភ្លាត់លោកអ្នកមិនត្រូវប្រើចិត្តក្តៅទេត្រូវយកភាពត្រជាក់ដាក់ខ្លួនទើបប្រសើរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
រីឯបញ្ហាស្នេហាប្រុសស្រីមានការចង់ចាញ់ឈ្នះនិងប្រចែប្រច័ណ្ឌច្រើន ដូចនេះបញ្ហារកាំចិត្តក៏កើតមានច្រើនដែរ៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅថ្ងៃនេះបើលោកអ្នកដែលរង់ចាំការងារអ្វីមួយឃើញថាការដែលទទួលបានផ្លែផ្កានោះគឺតែងមិនដូចគាប់បំណងឡើយ ហើយអ្នកខ្លះថែមទាំងមិនបានទទួលអ្វីសូម្បីតែបន្តិចថែមទៀត។ដូចនេះទោះធ្វើអ្វីក៏ដោយគប្បប្រឹងប្រែងនិងមានការប្រយ័ត្នប្រយែង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើចង់ធ្វើជំនួញផ្លូវឆ្ងាយទោះឃើញគេរកបានម្តេចម្តាក៏មិនហុចផលដូចគាប់បំណងប៉ុន្មានទេគួរប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លា។
រីឯបញ្ហាស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសរបៀបប្រយ័ត្នរែកពន់ផលលំបាកនិងភាពទុក្ខសោកមកវិញ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះអាចមានដំណឹងល្អឬរឿងរាវល្អចូលមកឱ្យសប្បាយចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃឃើញថាមិនគាប់ប្រសើរប៉ុន្មានទេ ប៉ុន្តែបើចង់បោះទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញថាគាប់ប្រសើរជាង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នរឿងរាវមួយចំនួនពីល្អប្រែមកជាអាក្រក់វិញ។ក្រៅពីនេះលោកអ្នកឱ្យប្រយ័ត្នបញ្ហាឧប្បត្តិហេតុយាយីផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពប្រទាំងប្រទើសច្រើន ហើយពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេ។ការធ្វើដំណើរឆ្ងាយជិតលោកអ្នកឱ្យប្រយ័ត្នការជួយយកអាសាក្រុមមនុស្សប្លែកមុខពីព្រោះគេអាចនាំផលលំបាកនៅពេលក្រោយ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងពាក់មុខយក្សដាក់គ្នាឥតសូវល្ហែល្ហើយដែរទេ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទទួលរងសម្ពាធមិនតិចដែរទេ ម្ល៉ោះហើយទោះខិតខំខ្លាំងក៏ពុំទទួលផ្លែផ្កាដូចជាទីគាប់ចិត្តដែរគឺបានត្រឹមមួយបង់កម្លាំងច្រើនជាង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរចូរប្រយ័ត្នក្រុមមនុស្សអុជអាលអ្វីមួយនាំឱ្យកើតការក្តៅក្រហាយបង្កជាជម្លោះជាមួយអ្នកដទៃឡើយ។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
បញ្ហាសេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សទី៣ចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរកា
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីឱកាសភ្លាំងភ្លាត់នោះឃើញថាក៏មានខ្ពស់គួរព្រួយបារម្ភដែរ។ការរស់នៅលោកអ្នកឱ្យប្រយ័ត្នការមានជម្លោះវិវាទជាមួយក្រុមមនុស្សមានភេទផ្ទុយគ្នាដែលពីបន្តិចបន្តួចឈានដល់ថ្នាក់ស៊ីសាច់ហុតឈាមគ្នា។អ្នកប្រកបរបររកស៊ីជួញដូរប្រាក់ចំណូលមានហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នឧប្បត្តិហេតុយាយី។
បញ្ហាសេចក្តីស្នេហាប្រុសស្រីជួបបញ្ហារកាំចិត្តនិងពាក់មុខយក្សដាក់គ្នាច្រើនបន្តិច៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើចង់ធ្វើការផ្លាស់ប្តូរអ្វីក៏តែងហុចផលមកវិញគ្រាន់ជាទីពេញចិត្ត ហើយផ្លែផ្កាក៏តែងផ្តល់ផលល្អនៅគ្រាខាងមុខថែមទៀត។ក្រៅពីនេះបើចង់បំពេញកិច្ចការងារអ្វីមួយគួររួសរាន់បំពេញព្រោះធ្វើច្រើនទទួលបានផលច្រើនធ្វើតិចបានផលតិច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានភាពកាក់កបល្អ ហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាគួរសម។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការជឿនលឿនទៅមុខនិងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះការរស់នៅក៏ដូចជាការប្រកបការងារលោកអ្នកជួបបញ្ហារអាក់រអួលច្រើនពីព្រោះមានក្រុមមនុសុ្សចាំតែមើលកំហុស ហើយបង្កបញ្ហានាំឈឺក្បាលច្រើនប៉ុណ្ណោះ។ក្រៅពីនេះលោកអ្នកអាចមានជម្លោះវិវាទជាមួយក្រុមមនុស្សក្បែរខ្លួនឬមនុស្សជាទីស្រឡាញ់របស់ខ្លួនផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបការរកប្រាក់ចំណូលគ្រាន់ប្រមូលបានដូចសេចក្តីប្រាថ្នាទៅរួច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខតិចតួចណាស់ ម្ល៉ោះហើយការកើតជម្លោះវិវាទក៏មានចូលយាយីច្រើនដែរ៕