ប្រែសម្រួលៈវាសនា/បាងកក៖ថៃកាលពីថ្ងៃចន្ទទី២៥មករាបានបញ្ជាក់អះអាងថាបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៩១៤នាក់ នៅក្នុងខេត្តសាមុត សាខន ជិតទីក្រុងបាងកក កន្លែងដែលការឆ្លងក្នុងសហគមន៍បានផ្ទុះឡើងកាលពីពាក់កណ្តាលខែធ្នូឆ្នាំមុន។ តួលេខឆ្លងថ្មីនេះ នាំអោយថៃមានអ្នកឆ្លងសរុបកើនដល់ជាង១៤.០០០នាក់។
សូមបញ្ជាក់ថា ការឆ្លងខ្ពស់បំផុតពីមុនគឺចំនួន៧៤៥នាក់កាលពីថ្ងៃ០៤មករា ភាគច្រើននៅក្នុងខេត្តសាមុត សាខន និងភាគច្រើនកើតក្នុងចំណោមកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ា។ខេត្តនេះជាមជ្ឈមណ្ឌលនេសាទនិងឧស្សាហកម្មអាហារសមុទ្រមួយរបស់ថៃ។ករណីរកឃើញអ្នកកើតកូវីដ១៩ដំបូងសំរាប់ការផ្ទុះកូវីដ១៩នៅរលកទី២នាពេលនេះស្ថិតនៅផ្សារលក់អាហារសមុទ្រមួយក្នុងខេត្តសាមុត សាខនកាលពីពាក់កណ្តាលខែធ្នូ។
ករណីផ្ទុះកូវីដ១៩នៅផ្សារបង្គារនេះ បានចម្លងទៅកាន់ជាង៦០ខេត្តរបស់ថៃ។មានការផ្ទុះកូវីដ១៩ជាចង្កោមមួយទៀតនៅពេលក្រោយមកប្រមាណ១សប្តាហ៍នៅក្នុងវង់ល្បែងខុសច្បាប់ជាច្រើននៅក្នុងខេត្តរ៉ាយ៉ង។
មុននេះកាលពីថ្ងៃចន្ទ អាជ្ញាធរថៃបានប្រកាសចំនួនអ្នកឆ្លងទូទាំងប្រទេសតែ១៨៧នាក់និង២នាក់ស្លាប់ដោយកូវីដ១៩ តែមន្ត្រីសុខាភិបាលខេត្តសាមុត សាខន បានបញ្ចេញតួលេខឆ្លងជាង៩០០នាក់នេះនៅពេលក្រោយមកទៀត នាំអោយមួយថ្ងៃចន្ទម្សិលមិញ ថៃមានអ្នកឆ្លងកូវីដ១៩ខ្ទង់១ពាន់នាក់។
ចំពេលកូវីដ១៩បន្តវាយប្រហារ ថៃកាលពីថ្ងៃចន្ទក៏បាននិយាយថា ខ្លួននឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅខែក្រោយសំរាប់ក្រុមមនុស្សប្រឈមខ្ពស់ នៅពេលខ្លួនរងការចោទប្រកាន់ថា យឺតយ៉ាវក្នុងការរកវ៉ាក់សាំងមកចាក់អោយប្រជាជន។
ពួកបុគ្គលិកវេជ្ជសាស្ត្រនៅសាមុត សាខន កន្លែងដែលមនុស្សជាង៩០០នាក់ឆ្លងកាលពីម្សិលមិញ ស្ថិតចំណោមក្រុមត្រូវចាក់វ៉ាក់សាំងមុនគេ ដូចមនុស្សចាស់និងអ្នកមានជំងឺរ៉ាំរ៉ៃផងដែរ៕
កម្មករបាញ់ទឹកថ្នាំសម្លាប់មេរោគលាងសម្អាតផ្សារបង្គារនិងទីជុំវិញនៅក្នុងខេត្តសាមុត សាខនកាលពីថ្ងៃ២៥មករា