ប្រែសម្រួលៈវាសនា/អាថែន៖ក្រិចកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ២,៣ពាន់លានអឺរ៉ូ(២,៨ពាន់លានដុល្លារ) ជាមួយបារាំងដើម្បីទិញយន្តហោះប្រយុទ្ធធុន Rafale ចំនួន១៨គ្រឿងនៅពេលខ្លួនកំពុងមានភាពតានតឹងជាមួយប្រទេសជិតខាងតួកគី។
ផ្លររិន ប៉ាលី រដ្ឋមន្ត្រីការពារជាតិបារាំង បានចុះកិច្ចព្រមព្រៀងនេះនៅក្រុងអាថែនដើម្បីបញ្ជូនយន្តហោះប្រើហើយ១២គ្រឿង និងយន្តហោះថ្មី៦គ្រឿង ក្នុងរង្វង់ពេល២ឆ្នាំទៅមុខ។
សូមបញ្ជាក់ថា ក្នុងជម្លោះដែនទឹកនៅសមុទ្រអេជៀននិងសមុទ្រម៉េឌីទែរ៉ាណេ រវាងសមាជិកអង្គការណាតូទាំងពីរ បារាំងឈរខាងក្រិច។ជម្លោះនេះបាននាំអោយប្រទេសទាំង២ប៊ិះផ្ទុះសង្គ្រាមនឹងគ្នាជាច្រើនលើនៅប៉ុន្មានទសវត្សរ៍មកនេះ។
ភាពតានតឹងបានកើនឡងខ្លាំងកាលពីរដូវក្តៅមុន នៅពេលទួកគីចាប់ផ្តើមបេសកកម្មស្រាវជ្រាវរុករកប្រេងនិងហ្គាសនៅក្នុងដែនទឹកមានជម្លោះ ជាហេតុនាំអោយមានការបង្កើនកម្លាំងទ័ពទាំងសងខាង។
ទោះជាយ៉ាងណា ប្រទេសទាំង២បានយល់ព្រមចាប់ផ្តើមពិភាក្សាគ្នាជាថ្មីដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី។ពួកអ្នកការទូតជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបគ្នានៅក្រុងអ៊ីស្តាន់ប៊ុលកាលពីថ្ងៃចន្ទដើម្បីបន្តដំណើរការចរចាមួយដែលត្រូវបានផ្អាកចោលអស់ពេលជិត៥ឆ្នាំ។
តែរដ្ឋាភិបាលក្រុងអាថែន និយាយថាខ្លួននៅតែបន្តកម្មវិធីធ្វើអោយប្រសើរកម្លាំងយោធារបស់ខ្លួន ដោយត្រូវចំណាយលុយរាប់ពាន់លានបន្ទាប់ពីការកាត់បន្ថយចំណាយយោធាអស់រាប់ឆ្នាំដោយសារវិបត្តិហិរញ្ញវត្ថុ៕
រដ្ឋមន្ត្រីការពារជាតិក្រិច(ស្តាំ)និងសមភាគីបារាំង ផ្លររិន ប៉ាលី ក្នុងអំឡុងពេលចុះកិច្ចព្រមព្រៀងនៅក្រុងអាថែនកាលពីថ្ងៃចន្ទ