ប្រែសម្រួល : កញ្ញាដាលីស ៖ កាលពីថ្ងៃចន្ទទី២៥មករា តោខៀវ Chelsea បានបណ្តេញលោក ហ្វ្រែង ឡាំផាត ចេញពីតំណែងគ្រូបង្វឹកបន្ទាប់ពីចូលកាន់តំណែងអស់រយៈពេល ១៨ ខែ ដោយលោក ថូម៉ាស់ ថូខល់ អតីតគ្រូបង្វឹកក្រុម Paris St-Germain រំពឹងចូលជំនួសរូបលោក។
ឡាំផាត អាយុ ៤២ ឆ្នាំបានចាកចេញ ទាំងក្លឹបកំពុងឈរនៅលេខ ៩ នៅ Premier League បន្ទាប់ពីបរាជ័យកាលពីសប្តាហ៍មុននៅទឹកដី Leicester City ដោយឈ្នះម្តងគត់ក្នុងការប្រកួតលីកចំនួន ៥ លើកកន្លងមក។
ការប្រកួតចុងក្រោយរបស់គាត់គឺថ្ងៃអាទិត្យ ដោយ ៣-១ លើ Luton ក្នុងពានរង្វាន់ FA Cup ជុំទី ៤ ។
ឡាំផាតត្រូវបានតែងតាំងក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំនៅពេលដែលគាត់ជំនួសលោក មួរីស៊ីអូ សារី នៅកីឡដ្ឋាន Stamford Bridge កាលពីខែកក្កដាឆ្នាំ ២០១៩ ។
អតីតខ្សែបម្រើតោខៀវរូបនេះបានដឹកនាំពួកគេឈរនៅចំណាត់ថ្នាក់លេខ ៤ និងវគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងរដូវកាលដំបូងរបស់គាត់ ហើយការទទួលជ័យជម្នះ ៣-១ លើក្រុមLeedsកាលពីដើមខែធ្នូបានធ្វើឱ្យក្លឹបឈរនៅកំពូលតារាង Premier League ជាលើកដំបូង។
ទោះយ៉ាងណា ក្រុមតោខៀវបានរងបរាជ័យ ៥ ដងក្នុងការប្រកួតលីកចំនួន ៨ លើកចុងក្រោយ ដែលមុននេះ ២៣ ប្រកួតមិនបានចាញ់នោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ពី Chelsea លោកអាប្រាម៉ូវិកនិយាយថា “នេះគឺជាការសម្រេចចិត្តដ៏លំបាក ហើយមិនមែនជាអ្វីដែលម្ចាស់ក្លឹបនិងក្រុមប្រឹក្សាភិបាលគិតងាយៗនោះឡើយ”។
“យើងសូមថ្លែងអំណរគុណហ្វ្រែងចំពោះអ្វីដែលគាត់សម្រេចបានក្នុងនាមជាគ្រូបង្វឹកនៅក្លិប។ ទោះយ៉ាងណា លទ្ធផលនិងការលេងនាពេលថ្មីៗនេះមិនបានឆ្លើយតបទៅនឹងការរំពឹងទុករបស់ក្លិបឡើយ ដោយទុកឱ្យក្លិបឈរនៅពាក់កណ្តាលតារាង ដោយគ្មានផ្លូវច្បាស់លាស់ដើម្បីធ្វើឱ្យប្រសើរឡើងជានិរន្ត”។
“វាមិនដែលជាពេលវេលាល្អនោះឡើយដើម្បីចែកផ្លូវជាមួយវីរបុរសរបស់ក្លិបដូចជាហ្វ្រែង ប៉ុន្តែបន្ទាប់ពីការពិភាក្សានិងការពិចារណាដ៏វែងឆ្ងាយ ការសម្រេចឥឡូវនេះគឺត្រូវតែផ្លាស់ប្តូរដើម្បីផ្តល់ពេលវេលាដល់ក្លិបដើម្បីកែលម្អការលេងនិងលទ្ធផលនៅរដូវកាលនេះ”។
ម្ចាស់ក្លិបលោក រ៉ូម៉ាន់ អាប្រាម៉ូវិក និយាយថា ស្ថានភាពរបស់ឡាំផាត ជា “និមិត្តរូបសំខាន់” របស់ក្លិបនៅតែមិនសាបសូន្យ ទោះបីជាគាត់ត្រូវបានបណ្តេញចេញក៏ដោយ។
លោកអាប្រាម៉ូវិកបាននិយាយថា “នេះគឺជាការសម្រេចចិត្តដ៏លំបាកសម្រាប់ក្លិប នេះគឺដោយសារតែខ្ញុំមានទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយហ្វ្រែង ហើយខ្ញុំគោរពគាត់បំផុត។ គាត់ជាបុរសដែលមានសេចក្តីថ្លៃថ្នូរអស្ចារ្យនិងមានក្រមសីលធម៌ការងារខ្ពស់បំផុត។ ទោះយ៉ាងណា ក្នុងកាលៈទេសៈបច្ចុប្បន្ន យើងជឿជាក់ថាវាជារឿងល្អបំផុតក្នុងការផ្លាស់ប្តូរអ្នកចាត់ការទូទៅ”៕
ឡាំផាតត្រូវបានបណ្តេញចេញកាលពីថ្ងៃចន្ទ ហើយលោកធូខល់រំពឹងចូលជំនួស