ប្រែសម្រួល : កញ្ញាដាលីស ៖ ការិយាល័យរបស់លោក ដ្យូសសេបប៉េ កុងតេ បានឱ្យដឹងកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីតាលីមានបំណងស្នើសុំលាលែងពីតំណែងនៅថ្ងៃអង្គារនេះ។
លោកកុងតេបានរួចខ្លួនពីការបោះឆ្នោតសម្តែងការមិនទុកចិត្តចំនួន ២ លើកនៅក្នុងសភាកាលពីសប្តាហ៍មុន ប៉ុន្តែបានបាត់បង់សំឡេងភាគច្រើនដាច់ខាតរបស់លោកនៅក្នុងព្រឹទ្ធសភាដោយសារការរត់ចោលរបស់សម្ព័ន្ធមិត្តរបស់គាត់។ប្រការនេះបានធ្វើឱ្យរដ្ឋាភិបាលរបស់លោកបាត់បង់លំនឹងចំពេលកំពុងមានជំងឺរាតត្បាតដែលបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាប់ទ្រឹងស្រាប់របស់អ៊ីតាលី។
ការិយាល័យរបស់លោកកុងតេបានឱ្យដឹងកាលពីយប់ថ្ងៃចន្ទថា លោកនាយករដ្ឋមន្ត្រីនឹងជូនដំណឹងដល់គណៈរដ្ឋមន្ត្រីរបស់លោកនៅក្នុងកិច្ចប្រជុំមួយនៅព្រឹកថ្ងៃអង្គារនេះអំពី”បំណងទៅកាន់វិមាន Quirinale (វិមានប្រធានាធិបតី)ដើម្បីប្រគល់លិខិតលាលែងរបស់លោក”។
បន្ទាប់ពីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រឆាំងនានារួច ប្រធានាធិបតីក៏អាចសម្រេចចិត្តយកអ្នកផ្សេងដែលគិតថាមានឱកាសល្អក្នុងការបង្កើតរដ្ឋាភិបាលរឹងមាំជាងនេះ។ ប្រសិនបើគ្មាននរណាម្នាក់អាចបង្កើតរដ្ឋាភិបាលចម្រុះដែលអាចជឿទុកចិត្តបានទេនោះ លោកម៉ាត់ថារ៉េឡាមានជម្រើសក្នុងការរំលាយសភា ដោយកំណត់ពេលបោះឆ្នោតមុនកាលកំណត់៕
លោក ដ្យូសសេបប៉េ កុងតេ នឹងដាក់លិខិតសុំលាលែងពីតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ