ប្រែសម្រួលៈវាសនា/កដ្ឋមណ្ឌូ៖ ប៉ូលិសបានប្រើដំបងនិងឡានទឹកដើម្បីបំបែកមនុស្សរាប់រយនាក់នៅរដ្ឋធានីកដ្ឋមណ្ឌូដែលតវ៉ាប្រឆាំងនឹងការរំលាយសភាដើម្បីរៀបចំធ្វើការបោះឆ្នោតឡើងវិញ។
ភាពតានតឹងនយោបាយបាននិងកំពុងកើនឡើងនៅប្រជាជាតិតំបន់ហេមពាន្តនេះ ចាប់តាំងពីនាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី បានរំលាយសភាកាលពីខែធ្នូ ដោយចោទប្រកាន់សមាជិកគណបក្សកុំម្មុយនីស្តរបស់លោកថាមិនសហការ។
លោកអូលី បានអំពាវនាវអោយមានការបោះឆ្នោតនៅខែមេសានិងឧសភា តែការប្រឆាំងតវ៉ាបានរីករាលដាលពាសពេញប្រទេសដែលមានប្រជាជន២៨លាននាក់នេះ។
ប៉ូលិសបាននិយាយថា ខ្លួនបានឃាត់ខ្លួនបាតុករ២៨នាក់ដែលបានជួបជុំគ្នានៅជិតនិវេសដ្ឋាននាយករដ្ឋមន្ត្រី ដើម្បីស្រែកថ្កោលទោសចំណាត់ការរបស់លោកអូលីថា «អធម្មនុញ្ញ» និងទាមទារអោយដំណើរការសភាឡើងវិញ។ប៉ូលិសបានប្រើដំបងនិងឡានបាញ់ទឹកដើម្បីបំបែកហ្វូងមនុស្សប្រមាណ៥០០នាក់ ដោយបណ្តាលអោយបាតុករខ្លះរងរបួស។
សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកអូលី បានចូលកាន់អំណាចនៅឆ្នាំ២០១៨ ជាមួយនឹងសម្លេងភាគច្រើន២ភាគ៣ ក្នុងបំណងបញ្ចប់អស្ថិរភាពរាប់ឆ្នាំ និងរដ្ឋាភិបាលអាយុខ្លីៗ ។តែចាប់តាំងពីពេលនោះមករដ្ឋាភិបាលជួបការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងដំណោះស្រាយជំងឺឆ្លងកូវីដ១៩។
ការរំលាយសភាបានកើតឡើងក្រោយការប៉ះទង្គិចគ្នារាប់ខែជាមួយអតីតមេដឹកនាំឧទ្ទាមម៉ៅនិយម លោកពូសប៉ា កាម៉ាល់ សាហាល់ ដែលបានជួយលោកអូលីអោយឡើងកាន់អំណាចកាលពីគណបក្សរបស់ពួកគេបញ្ចូលគ្នានៅឆ្នាំ២០១៨។
ការផ្តោតអារម្មណ៍ឥឡូវធ្លាក់លើតុលាការកំពូលដែលត្រូវបើកសវនាការលើបណ្តឹងបួនដប់ប្រឆាំងនឹងការរំលាយសភា៕
ប៉ូលិសប្រើដំបង និងបាញ់ទឹកលើបាតុករប្រឆាំងនាយករដ្ឋមន្ត្រីនៅក្រុងកដ្ឋមណ្ឌូ កាលពីថ្ងៃចន្ទ