ដោយៈ ប.ខុន / ភ្នំពេញៈ អាកាសធាតុ នៅក្នុងសប្តាហ៍នេះ សីតុណ្ហភាព មានការកើនឡើង ជាលំដាប់ , មានភ្លៀងតិចតួច នៅតំបន់ទំនាប ភាគខាងត្បូង, មានខ្យល់បក់បោកខ្លាំង នៅខ្ពង់រាបភាគខាងកើត និងមានភ្លៀងផ្គរ រន្ទះបង្គួរ នៅតំបន់មាត់សមុទ្រ។
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ថាៈ ព្រះរាជាណាចក្រកម្ពុជាទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយទៅមធ្យម។
សេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែប ខាងលើនេះ ធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា ពី ១៨-២១ អង្សាសេ, សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ អង្សាសេ នៅអំឡុងពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មករា មានភ្លៀងធ្លាក់តិចតួច នៅតំបន់ទំនាប ភាគខាងត្បូង។ សម្រាប់បណ្តាខេត្ត នៅជាប់ជួរភ្នំ ដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមា ពី ១៧-២០ អង្សាសេសីតុណ្ហភាព អតិបរមា មានពី ២៩-៣២ អង្សាសេ។ នៅអំឡុងថ្ងៃទី២៩-៣០ ខែមករា មានខ្យល់ខ្លាំង នៅតំបន់ខ្ពង់រាប ភាគខាងកើត ។
ក្នុងសេចក្តីជូនដំណឹង សរសសរទៀតថាៈ តំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ១៩-២២ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ២៧-៣០ អង្សាសេ។ នៅថ្ងៃទី២៧- ៣០ ខែមករា មានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅច្រើនបង្គួរ៕/V-PC