ដោយៈ គ្រញូង / បាត់ដំបងៈ រថយន្តតូយ៉ូតា ហាយឡិនឌ័រ ដឹកឈើមួយគ្រឿង ត្រូវបាន អាវុធហត្ថ ស្រុកសំឡូត បង្ក្រាបនៅម៉ោង ៥ កន្លះល្ងាច ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅត្រង់ចំណុចគល់ស្ពានអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ហើយប្រគល់ឲ្យទៅរដ្ឋបាលព្រៃឈើខេត្ត ចាត់ការបន្ត តាមនីតិវិធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។
លោកវរសេនីយ៍ត្រី ជួប ណូ មេបញ្ជាការអាវុធហត្ថស្រុកសំឡូត បានឲ្យដឹងថាៈ នៅល្ងាច ថ្ងៃទី២៤ មករា កម្លាំងអាវុធហត្ថស្រុក សហការជាមួយ កម្លាំងអាវុធហត្ថខេត្តបានស្ទាក់ចាប់ ចានរថយន្ត ដឹកឈើ ១គ្រឿង ម៉ាកតូយ៉ូតា ហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-1889 និងឃាត់ខ្លួនជនសង្ស័យ ២ នាក់។
លោកមេបញ្ជាការអាវុធហត្ថស្រុក បានបញ្ជាក់ថាៈ ជនសង្ស័យរកស៊ីដឹកឈើ ទាំង២នាក់ មានឈ្មោះ វ៉ាន់ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិអូរតាពុក សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងឈ្មោះ ប៊ុន ឡែន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មករ នៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមទាំងវត្ថុតាង ដកហូតមានរថយន្ដ ចំនួន ១គ្រឿង, ឈើប្រណិត ចំនួន ១៦៤ ដុំ និងប្រាក់ខ្មែរ ៨៤.៥០០ រៀល។
លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន មន្ត្រីជំនាញកងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានកសាងសំណុំរឿង បញ្ជូនវត្ថុតាង ទាំងឈើ និងរថយន្ត ទៅឲ្យខាងមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធី៕/V-PC