ដោយៈ គ្រញូង /បាត់ដំបងៈ បុរសចំណាស់ម្នាក់ របួសធ្ងន់បាក់ភ្លៅ ទាំង២ ហើយបានស្លាប់ នៅពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ និង ២ នាក់ទៀត ជាកូនប្រុសស្រី រងរបួសធ្ងន់ ដោយរថយន្ត ១គ្រឿង បើកបរមិនប្រកាន់ស្តាំ រេចង្កូតទៅបុកម៉ូតូ ដែលកំពុងបើក បញ្ច្រាសទិសគ្នា មួយទំហឹង។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែកជា៤ ត្រង់រង្វង់មូលត្រាក់ទ័រចាស់ លើផ្លូវជាតិលេខ៥៩ ក្នុងភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាល ស្រុកសំពៅលូន បានឲ្យដឹងថាៈ អ្នកស្លាប់ និងអ្នករបួសធ្ងន់២ នាក់ មានៈ ១.ឈ្មោះ នុច យិន ភេទប្រុស អាយុ៥៩ឆ្នាំ (ឪពុក) អ្នកបើកម៉ូតូ បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ ស្រុកសំពៅលូន និង របួសធ្ងន់ ២នាក់ ត្រូវជាកូនៈ ១.ឈ្មោះ ទិន ញូង ភេទប្រុស អាយុ២៧ឆ្នាំ និង២.ឈ្មោះ អាន ចាន់រ៉ា ភេទស្រី អាយុ១៤ឆ្នាំ។ ទាំង៣នាក់ រស់នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមាជ័យ។ ចំណែកតៃកុង រថយន្តបង្ក មានឈ្មោះ ស៊ួ ប៊ុនរ័ត្ន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ -ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សាក្សីដែលបានឃើញហេតុការណ៍ បានប្រាប់ប៉ូលិសចរាចរណ៍ស្រុក ដែលចុះទៅវាស់ វែងថាៈ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតា កាមរី (គូទហើម) ស៊េរី៩៥ ពណ៌បៃតង ពាក់ស្លាក់លេខ បាត់ដំបង 2,A0178 បើកបរពីទិសខាងកើត មកខាងលិច។ ពេលមកដល់ចំណុចកើតហេតុ រថយន្តនោះ បានរេចង្កូត ទៅបុកជាមួយនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1P3956 ជិះឌុបគ្នា ចំនួន ៣នាក់ ក្នុងទិសដៅពី ខាងលិច ទៅខាងកើត (បញ្ច្រាសទិសគ្នា) បណ្ដាលឲ្យមនុស្សម្នាក់ រងរបួសធ្ងន់ ដោយបាក់ភ្លៅ ទាំងសងខាង ហើយស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យស្រុក និង ២ នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ។
ចំណែកមធ្យោបាយ ទាំង២គ្រឿង ត្រូវប៉ូលិសការិយាល័យចរាចរណ៍ខេត្ត យកមករក្សាទុក នៅស្នងការដ្ឋាន រង់ចាំធ្វើការដោះស្រាយជាក្រោយ៕/V-PC