ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ឆ្នាំង បានដាំដើមធ្នង់ ចំនួន ៧៥ ដើម នៅជុំវិញរង្វង់មូលទូក ស្ថិតនៅក្នុងទឹកដី សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីផ្ដល់ជាម្លប់ និងសម្រាប់ភ្ញៀវទេសចរ មកលេងកម្សាន្ត នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ។
មន្ត្រីរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងម្នាក់ ជាអ្នកចង្អុលការ ឲ្យក្រុមកម្មករដាំដុះដើមធ្នង់ ខាងលើនេះ បាននិយាយឲ្យដឹងថាៈ ដើមធ្នង់ចំនួន ៧៥ ដើមនេះ គឺលោក ថោង វីរ៉ាវុទ្ធី នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានជួយឧបត្ថម្ភ ដល់រដ្ឋបាលខេត្ត ដើម្បីយកមក ដាំដុះ នៅជុំវិញបរិវេណរង្វង់ទូកនេះ ដែលនឹងត្រូវប្រារព្ធធ្វើ ពិធីបុណ្យក្រុងពាលី នាព្រឹកថ្ងៃស្អែក ថ្ងៃទី២៧ ខែមករា ដើម្បីឆ្លងសមិទ្ធផលថ្មី មួយនេះ។
លោក ជុំ យ៉ង ជាប្រជាពលរដ្ឋ រស់នៅភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៦ មករានេះ បានលើកឡើងថាៈ ក្នុងនាមលោក ជាប្រជាពលរដ្ឋម្នាក់ សូមកោតសរសើរ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ កសាងឡើងនូវសមិទ្ធផលថ្មី មួយនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋ គាំទ្រ និងស្វាគមន៍ គ្រប់គ្នា។
ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមធ្វើ អនាម័យ សំអាតជុំវិញរង្វង់មូលស្តូបនេះ ទាំងអស់គ្នា និងសូមកុំចោល សំរាមពាសវាល ពាសកាល ដើម្បីឱ្យសមិទ្ធផលថ្មីមួយនេះ មានបរិស្ថានល្អ ស្វាគមន៍ភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅក្នុងទឹក ដីខេត្តកំពង់ឆ្នាំង ។
សូមបញ្ជាក់ថាៈ ចំណុចរង្វង់មូលទូក សមិទ្ធផលថ្មីនេះ គឺជាចំណុចផ្លូវប្រសព្វ ចំនួន ៦ខ្សែ ហើយនៅផ្នែកខាងកើត ជាប់គ្នានេះ គឺជាកំពង់ផែថ្មី របស់ក្រុងកំពង់ឆ្នាំង ដែលមាន ប្រជាពលរដ្ឋ ឆ្លងកាត់ចុះឡើង តាមសាឡាងឆ្លងទន្លេ ទៅកាន់ទឹកដីស្រុកកំពង់លែង និងខេត្តកំពង់ធំ ហើយក៏ជាតំបន់ទេសចរណ៍ ថ្មីមួយទៀត ដែលរដ្ឋ បាលខេត្តកំពង់ឆ្នាំង កំពុងធ្វើការអភិវឌ្ឍន៍ ពង្រីកវិសាលភាពទេសចរណ៍ នៅតាមមាត់ទន្លេសម្រាប់លើក ស្ទួយជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕/V-PC