Home ព័ត៌មានសំខាន់ៗ លទ្ធផល​ចុងក្រ...

លទ្ធផល​ចុងក្រោយ នៃ​ការធ្វើជំរឿនៈ កម្ពុ​ជាមាន​ប្រជាជន​សរុប ចំនួន ១៥,៦ លាន​នាក់

  • រាជធានី​ភ្នំពេញ មាន​ប្រជាជន​ច្រើនជាងគេ គឺ​ជាង ២​លាន ២​សែន​នាក់​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ កម្ពុជា ឆ្នាំ​២០១៩ បានបញ្ជាក់​ថាៈ តាម​លទ្ធផល​ចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជន​កម្ពុជា មាន​ចំនួន ១៥,៦ លាន​នាក់ កើនឡើង​ពី ១៣,៤ លាន​នាក់ នៅក្នុង​ឆ្នាំ​២០០៨​។ អត្រាកំណើន​ប្រចាំឆ្នាំ មាន ១,៤ ភាគរយ នៅ​ឆ្នាំ​២០១៩​។ អត្រាកំណើន បាន​ធ្លាក់ចុះ​ពី ១,៥ ភាគរយ នៅ​ឆ្នាំ ២០០៨​។ ការបញ្ជាក់​នេះ បានធ្វើ​ឡើង នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ របាយការណ៍​ជាតិ នៃ​លទ្ធផល​ចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា នៅ​ព្រឹក​ថ្ងៃ​២៦ ខែមករា ឆ្នាំ​២០២១​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថាៈ ការប្រកាស​ផ្សព្វផ្សាយ​របាយការណ៍ ជាតិ នៃ​លទ្ធផល​ចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ​២០១៩ ដែលជា​ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​មួយ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន ប្រព្រឹត្តទៅ ប្រកបដោយ​ជោគជ័យ ស្របតាម​ច្បាប់​ជា​ធរមាន​។ ការដឹកនាំ​គ្រប់​សកម្មភាព ការងារ​ជំរឿន​ទូទៅ​ប្រជាជន ឆ្នាំ​២០១៩ បាន​ប្រព្រឹត្តទៅ​ល្អប្រសើរ និង​រលូន​តាម​ផែនការ ជំរឿន​។ គុណភាព​ជំរឿន ឆ្នាំ​២០១៩ បាន​កើនឡើង ប្រៀបធៀប​នឹង​ជំរឿន ឆ្នាំ​២០០៨ កន្លងមក ជាទូទៅ គឺ​មានតែ​ការធ្វើជំរឿន ប្រជាជន​ប៉ុណ្ណោះ​ទេ ដែល​អាច​ផ្តល់នូវ ការឆ្លុះ បញ្ចាំង អំពី​ស្ថានភាព​ប្រជាជន​របស់​ប្រទេស រហូតដល់​កម្រិត​ថ្នាក់​ក្រុម​តូចៗ និង​ជួយ​ដល់ រាជរដ្ឋាភិបាល ក្នុងការ​រៀបចំតាក់តែង អនុវត្ត​គោលនយោបាយ មាន​ប្រសិទ្ធភាព ដូចជា គោលនយោបាយ​ជាតិ​ប្រជាជន និង​រៀបចំ​គម្រោង​កម្មវិធី​ផ្សេងៗ ដើម្បី​ទទួលបាន​នូវ តុល្យភាព រវាង​ប្រជាជន និង​ការអភិវឌ្ឍ​។ ជំរឿន​ប្រជាជន គឺជា​ប្រភពព័ត៌មាន តែមួយគត់ ស្តីអំពី​ចំនួន និង​ចរិតលក្ខណៈ​ប្រជាជន​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថាៈ ជំរឿន​ប្រជាជន មាន​វិសាល​ភាពរឹងមាំ ល្អិតល្អន់ និង​អាច​ផ្តល់​អោយនូវ ចំនួន​ប្រជាជន ក្នុង តំបន់​រហូតដល់​ថ្នាក់​តូចៗ ថែមទៀត ដែល ប្រភព​ទិន្នន័យ​ផ្សេងៗ​ទៀត មិនមាន​ឡើយ​។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ថាៈ តាម​លទ្ធផល​ចុងក្រោយ នៅ​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៩ ប្រជាជន​កម្ពុជា មាន​ចំនួន ១៥,៦ លាន​នាក់ កើនឡើង​ពី ១៣,៤ លាន​នាក់ នៅក្នុង​ឆ្នាំ​២០០៨​។ អត្រាកំណើន​ប្រចាំឆ្នាំ មាន ១,៤ ភាគរយ នៅ​ឆ្នាំ​២០១៩​។ អត្រា កំណើន បាន​ធ្លាក់ចុះ​ពី ១,៥ ភាគរយ នៅ​ឆ្នាំ​២០០៨​។ ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​ការ អនុវត្ត​ដោយ​ជោគជ័យ នូវ​គោលនយោបាយ​ជាតិ​ប្រជាជន ក៏ដូចជា​កិច្ចសហប្រតិបត្តិការ ជា​សាធារណៈ ដើម្បី​កាត់បន្ថយ លទ្ធភាព​បង្ក​កំណើត និង​មរណភាព​។ អត្រាកំណើន ប្រជាជន នៅ​ខ្ពស់ជាង​អត្រា​មធ្យម នៃ​ប្រជាជាតិ អាស៊ីអាគ្នេយ៍​។ នៅមាន​កិច្ចការ​ជាច្រើន ដើម្បី​ធ្វើ​ក្នុងការ​បង្កើន នូវ​លក្ខ​ខ័​ណ្ឌ​សុខភាព​ប្រជាជន អោយ​ប្រសើរឡើង​នូវ​សេវា​សុខភាព បន្ត​ពូជ​របស់​ស្ត្រី និង​ការកាត់បន្ថយ នូវ​មរណភាព​កុមារ ទារក និង​មរណភាព​មាតា​។​

​ក្នុងចំណោម​រាជធានី ខេត្ត​ទាំងអស់ រាជធានី​ភ្នំពេញ មាន​ប្រជាជន​ច្រើនជាងគេ គឺ ២.២៨១.៩៥១ នាក់ ឬ ១៤,៧% តាម​លំដាប់លំដោយ ខេត្តកណ្តាល (៧,៧%) ព្រៃវែង (៦,៨%) សៀមរាប (៦,៥%) បាត់ដំបង (៦,៤%) តាកែវ (៥,៨%) និង​កំពង់ចាម (៥,៨%) ចំណែក​ខេត្ត​កែប​វិញ មាន​ប្រជាជន​ទាប​បំផុត (០,៣%) ប៉ុណ្ណោះ ។​

​សម្តេច​ក្រឡាហោម បានបញ្ជាក់​ទៀតថាៈ “​យើង​សង្កេតឃើញ​មាន និន្នាការ​កើនឡើង នូវ​តំបន់​ទីប្រជុំជន ទូទាំងប្រទេស​។ ភាគរយ​នៃ​ប្រជាជន ទីប្រជុំជន បាន​កើន​ពី ១៩,៥ ភាគរយ នៅ​ឆ្នាំ​២០០៨ ដល់ ៣៩,៤ ភាគរយ នៅ​ឆ្នាំ ២០១៩ ដែល​បញ្ជាក់​ពី ជោគជ័យ ក្នុងការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ ប្រជាជន​ដែល​ធ្លាប់ ធ្វើការ​ផ្លាស់ប្តូរ លំនៅដ្ឋាន ក្នុង​អតីតកាល មុន​ធ្វើ ជំរឿន​មានតែ ២១,៥ ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​។ ជំរឿន​ឆ្នាំ ២០១៩ ប្រជាជន ផ្លាស់​ទី​ពី​ជនបទ នៅ​តំបន់​ទីប្រជុំជន បាន​កើនឡើង​។ នេះ​មានន័យថា ទីក្រុង និង​ទីប្រជុំជន​យើង មាន​ប្រជាជន​កាន់តែច្រើន ដែលនាំឱ្យ​មាន​តំរូវ ការ​លំនៅដ្ឋាន និង​សម្ភារៈ ប្រើប្រាស់​ផ្សេងៗ​ទៀត កើនឡើង​។ ជំរឿន​បង្ហាញថា ភាសា​ខ្មែរ គឺជា​ភាសា កំណើត​ច្រើន​លើសលុប នៅក្នុង​ប្រទេស គឺ ៩៥,៨ ភាគរយ​។ អ្នក​និយាយ​ភាសា​កំណើត ជនជាតិដើម​ភាគតិច រួមមាន ២,៩ ភាគរយ ។ អ្នក​និយាយ​ភាសាបរទេស​ជា​ភាសា​កំណើត រួម​មានតែ​១,៤ ភាគរយ ប៉ុណ្ណោះ​”​។ ការអប់រំ​មាន​សារៈសំខាន់​សម្រាប់​បុគ្គល និង​ជា​ធនធាន សម្រាប់​អភិវឌ្ឍន៍​ជាតិ​។ ការអប់រំ​ជា​សិទ្ធ​ពី​កំណើត​សម្រាប់​បុគ្គល​ម្នាក់ៗ ។ ការអប់រំ ជាការ​អភិវឌ្ឍ សមត្ថភាព​មនុស្សជាតិ ដើម្បី​លប់បំបាត់​វិសមភាព ក្នុង​សេដ្ឋកិច្ច សង្គម វប្បធម៌ គ្រួសារ​/​បុគ្គល ច្បាប់ នយោបាយ ព្រមទាំង​រួមចំណែក ដល់​ការកាត់បន្ថយ​ភាព ក្រីក្រ​ផងដែរ​។ អត្រា​ចេះ​អាន សរសេរ ក្នុងចំណោម​ប្រជាជន​កម្ពុជា សរុប​អាយុ ៧ ឆ្នាំ​ឡើង បាន​កើនឡើង​ពី ៧៨,៤ ភាគរយ ក្នុង​ឆ្នាំ​២០០៨ ដល់ ៨៨,៥ ក្នុង​ឆ្នាំ​២០១៩ ។

ទោះជា​យ៉ាងណា​ក៍ដោយ មាន​គម្លាត​នៅ​ធំ រវាង​អត្រា​អក្ខរ​ភាព​ប្រុស និង​ស្រី (៩១,១ ភាគរយ សម្រាប់​ប្រុស និង ៨៦,២ ភាគរយ សម្រាប់​ស្រី​) គម្លាត​នេះ មាន​ខ្ពស់​នៅ​ជនបទ​។ ជាទូទៅ វិសមភាព​រវាង​ប្រុស និង​ស្រី លើ​មូលដ្ឋាន​អក្ខរ​ភាព គី​ជា​បញ្ហា​ចម្បង សម្រាប់​ក្រសួង​អប់រំ និង​រដ្ឋាភិបាល ពិចារណា​បន្ទាន់ ។ ក្រៅពី​ភាសារ​ខែ្មរ ប្រជាជន​កម្ពុជា មួយចំនួន ក៏​ចេះ​ភាសា​ផ្សេងទៀត​ផងដែរ ក្នុងនោះ​ភាសា​ផ្សេងទៀត ក្រៅពី​ភាសា​ខ្មែរ ១,៥ ភាគរយ សម្រាប់​ចេះតែ​ភាសា​ខ្មែរ មាន ៩០,៩ ភាគរយ ភាសា​ខ្មែរ និង​អង់គ្លេស មាន ៥,១ ភាគរយ ភាសា​ខ្មែរ និង​ភាសា​ផ្សេងទៀត ក្រៅពី​ភាសា​អង់គ្លេស មាន ២,៥ ភាគរយ ។​

​អត្រា​អក្ខ​ភាព មនុស្សពេញវ័យ នៅ​កម្ពុជា មានការ​កើនឡើង យ៉ាងច្រើន​ពី ៧៧,៦ ភាគរយ នៅ​ឆ្នាំ ២០០៨ ទៅ ៨៧,៧ ភាគរយ នៅ​ឆ្នាំ​២០១៩​។ មានការ​ផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ នៅក្នុង​តំបន់​ទីប្រជុំជន ដែល​អត្រា​អក្ខរ​ភាព​មនុស្សពេញវ័យ មាន ៩៣,៣ ភាគរយ ធៀប​ជនបទ​មាន ៨៣,៨ ភាគរយ ។ ចំណោម​ប្រជាជន ក្នុង​ក្រុម​អាយុ ២០-២៤ ឆ្នាំ មិនបាន​បញ្ចប់​កម្រិត​បឋមសិក្សា មាន ២២,០ ភាគរយ បានបញ្ចប់​កម្រិត​បឋម​សិក្សា ៣១,៩ ភាគរយ បញ្ចប់​មធ្យមសិក្សា​បឋម​ភូមិ ៣៣,៥ ភាគរយ បានបញ្ចប់​មធ្យមសិក្សា / មាន​សញ្ញា ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ មាន​បច្ចេកទេស​/​វិជ្ជាជីវៈ សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ មាន​បច្ចេកទេស​/​វិជ្ជាជីវៈ ៩,៣ ភាគរយ និង​បានបញ្ចប់ សញ្ញាបត្រ​ថ្នាក់ មហាវិទ្យាល័យ សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត និង​សញ្ញាបត្រ​ថ្នាក់បណ្ឌិត ៣,២ ភាគរយ ។​

​អត្រា​ចុះឈ្មោះ​ចូលរៀន មាន ៩០,៦ ភាគរយ និង​៩១,៦ ភាគរយ សម្រាប់​កុមារ​អាយុ​ពី ៦-១១ ឆ្នាំ និង​១២-១៤ ឆ្នាំ តាម​លំដាប់​រៀង ។ អត្រា​ចុះឈ្មោះ​ចូលរៀន នៅ​សាលា ឬ​គ្រឹះស្ថាន​អប់រំ​ណាមួយ របស់​ក្មេងស្រី មាន​អត្រា​ស្មើគ្នា​នឹង​ក្មេងប្រុស ដែលមាន​ក្រុម អាយុ​ពី ៦-១១ ឆ្នាំ ហើយ​អត្រា​ក្មេងប្រុស ទាប​ជាង​ស្រី​បន្តិច នៅ ក្រុម​អាយុ ១២-១៤ ឆ្នាំ និង​ក្មេងស្រី ចាប់ផ្តើម​ទាប​ជាង​ក្មេងប្រុស​វិញ ពេលដែល​មាន​អាយុ​កើនឡើង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular