ដោយៈ ស៊ាថាំង / ភ្នំពេញៈ កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិ គន្ធបុប្ផាកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយប្រតិភូ នៃសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ក្នុងឱកាសដែលសមាគម នាំមកនូវថវិកាវិភាគទាន សប្បុរសធម៌ ប្រចាំឆ្នាំ លើកទី៣ មកជូន មូលនិធិគន្ធបុប្ផាកម្ពុជា ។
មន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអោយដឹងថាៈ សម្រាប់វិភាគទានសប្បុរសធម៌ ប្រចាំឆ្នាំ លើកទី៣នេះ, សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ពុង ឃាវសែ ជាប្រធានសមាគម និងជាប្រធានក្រុមហ៊ុនអណិកជន (Oversea Cambodia Investment Corporation – OCIC) បាននាំ មកនូវថវិកា ចំនួន ១២៥.៦០០ ដុល្លារអាមេរិក និង ១.៨១៥.១៨៨.៤៤១ រៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលវិភាគទានសប្បុរសធម៌ ទទួលបានពីទឹកចិត្ត សប្បុរសធម៌ដ៏ថ្លៃថ្លា របស់គណៈគ្រប់គ្រង និងបុគ្គលិក នៅតាមបណ្ដា ក្រុមហ៊ុននានា លោកគ្រូ អ្នកគ្រូ និងសមាជិក ក្នុងក្របខណ្ឌនៃ សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ។
លោកអគ្គបណ្ឌិតសភាចារ្យ ក្នុងនាមប្រធានក្រុមប្រឹក្សាបរធនបាលនៃ មូលនិធិគន្ធបុប្ផា កម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ចំពោះទឹកសប្បុរសធម៌ និងការចូលរួមជាប្រចាំ ពីសំណាក់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា វិស័យឯកជន ជាពិសេសបណ្ដាធុរជន និងវិនិយោគិនចិន នៅកម្ពុជា ដែលតែងតែបង្ហាញពីស្មារតី និងទឹកចិត្តដ៏ថ្លៃថ្លា ក្នុងការចូលរួមចំណែកជាប្រចាំ ជាមួយរាជរដ្ឋាភិបាលក្នុងការផ្ដល់ ការគាំពារ និងលើកកម្ពស់សុខុមាលភាពកុមារ រាប់លាននាក់ នៅកម្ពុជា ។
លោកឧកញ៉ា ពុង ឃាវសែ បានសម្តែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ និងកោត សរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ការគិតគូរ និងការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ចំពោះសុខមាលភាព និងសុខភាពកុមារកម្ពុជា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។ លោកឧកញ៉ា ក៏បាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលតែងតែគាំទ្រ ដល់វិស័យធុរកិច្ចរបស់វិនិយោគិនចិន ក៏ដូចជា សមាគមខ្មែរ-ចិន ផងដែរ ។ លោកឧកញ៉ា ក៏បានសន្យាថា នឹងបន្តបំផុសចលនាគាំទ្រ និងចូលរួមជាមួយ “មូលនិធិគន្ធបុប្ផាកម្ពុជា” ជាប្រចាំ ។
ជាថ្មីម្តងទៀត លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន នានា ដែលជាសមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា បន្តខិតខំ និងពង្រីកការ វិនិយោគ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីការអភិវឌ្ឍទាំងក្រុមហ៊ុន និងទាំងការរួម ចំណែកអភិវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ សមាជិករបស់សមាគមសម្ព័ន្ធខ្មែរ-ចិន ក៏ដូចជា ក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសាធារណជន ឱ្យបន្តចូលរួមបរិច្ចាគនិងចូលជា សមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ថែមទៀត ដើម្បីរួមគ្នាធានាឱ្យបាន នូវនិរន្តរភាពរបស់ មន្ទីរពេទ្យគន្ធបុប្ផា និងដើម្បីភាពញញឹមរបស់កុមារ ក្រោមដំបូលសុខសន្តិភាព៕/V-PC