ប្រែសម្រួល : កញ្ញាដាលីស ៖ លោក ម៉ាកសេឡូ ប៊ីលសា និយាយថា គាត់កំពុងផ្តោតលើបញ្ហារបស់គាត់ផ្ទាល់មិនមែនបញ្ហារបស់ Newcastle នោះទេ នៅមុនការប្រកួត Premier Leagueនារាត្រីថ្ងៃអង្គារនៅកីឡដ្ឋាន St James’ Park។
ក្រុម Leeds កំពុងប្រឹងប្រែងបញ្ចៀសបរាជ័យ ៤ លើកជាប់គ្នា ព្រោះបន្ទាប់ពីចាញ់ក្នុងលីកចំនួន ២ លើកជាប់គ្នា Leeds ក៏ជ្រុះចេញពី FA Cup យ៉ាងអាម៉ាស់ក្រោមថ្វីដៃរបស់ Crawley ទៀត។
គ្រូបង្វឹករបស់ Newcastle លោក ស្ទីវ ព្រូស កំពុងរងសម្ពាធកាន់តែខ្លាំងឡើង ខណៈអ្នកគាំទ្រមួយចំនួនអំពាវនាវឱ្យបណ្តេញលោកចេញពីតំណែង បន្ទាប់ពីក្រុមសារិកាព្រៃទើបរកបាន ២ ពិន្ទុពីការប្រកួតលីកចំនួន ៨ លើកចុងក្រោយ។
លោកប៊ីលសានិយាយថា “យើងវិភាគពីការលំបាករបស់គូប្រជែង ប៉ុន្តែជាការពិត យើងបារម្ភខ្លាំងអំពីការលំបាករបស់យើង ហើយការលំបាករបស់យើងកំពុងលេចឡើងដូចការលំបាកបច្ចុប្បន្នរបស់ពួកគេដែរ។ យើងមិនផ្តោតលើទម្រង់លេងមិនល្អរបស់គូប្រជែងទេ យើងផ្តោតលើការប្រកួតផ្ទាល់របស់យើងនិងព្យាយាមកែលម្អទម្រង់លេងរបស់យើង”។
លោកបន្តថា “ទោះតាមវិធីណាក៏ដោយ យើងមិនមានអារម្មណ៍ថា ទម្រង់លេងមិនល្អរបស់ Newcastle នឹងផ្តល់ផលចំណេញដល់យើងនោះឡើយ។ ទម្រង់លេងមិនល្អរបស់គូប្រជែងនឹងមិនជួយកែលម្អយើងបានទេ យើងត្រូវតែកែលម្អដោយខ្លួនឯង”៕
លោក ម៉ាកសេឡូ ប៊ីលសា